ជាតិ
អតីតអគារលក់រថយន្ដម៉ាក CITROËN ដែលធ្លាប់មានរោងចក្រដំឡើងនៅកម្ពុជា
07, Jan 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ នៅសម័យសង្គមរាស្ត្រនិយម កម្ពុជាមានរោងចក្រដំឡើងរថយន្ដម៉ាក CITROËN (ស៊ីត្រូអ៊ែន) នៅក្នុងខេត្តព្រះសីហនុ។ រោងចក្រនេះដំឡើងរថយន្ដម៉ាក ប្រភេទ 2 Chevaux Vapeur (2CV)«ឌើសឺវោ»ពីឆ្នាំ១៩៥៨ រហូតដល់ឆ្នាំ១៩៦២ ដោយសហការជាមួយក្រុមហ៊ុនខ្មែរផលិតរថយន្ត ហៅកាត់ថា SKMA (Société Khmère de Montage Automobile) និងក្រោមការគ្រប់គ្រងរបស់លោក DESRUES Georges។ ទោះយ៉ាងណា ក្រោយសង្គ្រាម រថយន្តដែលផលិតនៅកម្ពុជាទាំងនោះ ទំនងមិនមាននៅសេសសល់នោះទេ គឺនៅសល់តែអគារដែលធ្លាប់ដាក់តាំងលក់រថយន្តប៉ុណ្ណោះ។ ទោះបីជាមាន ក៏រថយន្តទាំងអស់នោះត្រូវបាននាំចូលពីបរទេសដែរ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ 
 
 
កាលពីសម័យសង្គមរាស្ត្រនិយម ទីតាំងចែកចាយរថយន្ត ម៉ាក CITROËN នេះ ក៏ត្រូវបានសាងសង់ឡើងដែរ ប៉ុន្តែគឺនៅរាជធានីភ្នំពេញ ពោលគឺលើវិថីព្រះវិហារ (ផ្លូវ៨២) សង្កាត់ស្រះចក ខណ្ឌដូនពេញ រវាងវិថីនៃប្រទេសបារាំង និងវិថីស៊ីសុវត្ថិ (ផ្លូវមាត់ទន្លេ) ដ្បិតសព្វថ្ងៃនេះ គេនៅឃើញឈ្មោះ CITROËN នៅជាប់នឹងអគារនេះនៅឡើយ ប៉ុន្តែវាបានក្លាយជាទៅជាហាងកាហ្វេ និងបន្ទប់ជួលសម្រាប់ពលរដ្ឋវិញ។ 
 
ក្រុមហ៊ុន CITROËN ក៏បានផ្ដល់ម៉ាស៊ីនសម្រាប់រថយន្ដម៉ាក ANGKOR ផលិតមុនសង្គ្រាម។ ក្រុមហ៊ុន CITROËN ត្រូវបានបង្កើតឡើងនាឆ្នាំ១៩១៩ នៅប្រទេសបារាំង ដោយលោក CITROËN André ។ សព្វថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ក្រុមសម្ព័ន្ធ PSA (STELLANTIS)។ 
 
សូមបញ្ជាក់ថាឆ្នាំ១៩៥៩ លោក BAUDOT Jean-Claude និងលោក SEGUELA Jacques បានចាកចេញពីប្រទេសបារាំង ជិះរថយន្ដ CITROËN 2CV ជុំវិញពិភពលោក ដោយឆ្លងកាត់តាមប្រទេសកម្ពុជា៕
 
 











Tag:
 អគារចាស់
  រថយន្តបុរាណ
  ឡានបុរាណ
  សំណង់បុរាណ
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com