កីឡាជាតិ
ជាតិ
កែវ សុផា និងចាន់ ដេវីត ឈ្នះមេដាយមាស កីឡាប្រណាំងកង់ថ្នាក់ជាតិ នៅកំពង់ឆ្នាំង
07, Jan 2024 , 12:24 pm        
រូបភាព
រូបភាព៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា
រូបភាព៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា
រកឃើញកីឡាករ៣រូប ដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍ប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃប្រណាំងទី១ ថ្ងៃទី៦ ខែមករា។ អត្តពលិកទាំង៣រូប ឈ្នះក្នុងប្រភេទកង់គួក លើ៣ប្រភេទវិញ្ញាសាផ្សេងៗគ្នា។


 
កីឡាករ កែវ សុផា រួមជាមួយ ចាន់ ដេវីត និង ឆុន ភារម្យ បញ្ចប់ទីក្នុងចំណាត់ថ្នាក់លេខ១រៀងខ្លួនក្នុងប្រភេទកីឡាកង់គួក វិញ្ញាបុរសថ្នាលក្រោមអាយុ១៨ឆ្នាំ បុរសឈុតធំលើអាយុ១៨ឆ្នាំ និងបុរស លើអាយុ៤០ឆ្នាំ។ វិញ្ញាសាកង់គួក ធ្វើឡើងក្នុងបរិវេណក្រុងកំពង់ឆ្នាំ។
 
កីឡាករ កែវ សុផា មកពីក្រុមប្រណាំងលី ដែលប្រណាំងវិញ្ញាសាបុរសឈុតធំ លើអាយុ១៨ឆ្នាំ សម្រេចទីមុនគេដោយប្រើពេល ៣ម៉ោង ១៣នាទី និង២៤វិនាទី លើចម្ងាយផ្លូវ១៣០គីឡូម៉ែត្រ ស្មើនឹង៦ជុំ តាមពីក្រោយប្រកៀកប្រកិតដោយ អាន រតនា មកពីក្រុមកង់ខភម ប្រើពេល ៣ម៉ោង ១៣នាទី និង២៥វិនាទី និងចំណាត់ថ្នាក់ទី៣ បានទៅកីឡាករ ហូត លយរស្មី មកពីក្រុមក្រសួងមហាផ្ទៃ ប្រើពេល ៣ម៉ោង ១៣នាទី និង២៦វិនាទី។
 
សម្រាប់វិញ្ញាសាបុរសថ្នាល ក្រោមអាយុ១៨ឆ្នាំ ដែលមានចម្ងាយផ្លូវប្រណាំង១៣០គីឡូម៉ែត្រ កីឡាករ ចាន់ ដេវីត មកពីក្រុមមានជ័យ ប្រើពេល ៣ម៉ោង ២០ និង២០វិនាទី ដើម្បីដណ្តើមបានមេដាយមាស ខណៈ កីឡាករ វ៉ាត់ ជាស៊ិន មកពីក្រុមកង់គិរីរម្យ បានមេដាយប្រាក់ ក្រោយប្រើពេល ៣ម៉ោង ២០ និង២១វិនាទី និង ទី សុខហេង មិត្តរួមក្រុមកង់គិរីរម្យ បញ្ចប់ចំណាត់ថ្នាក់ទី៣ ដោយប្រើពេល ៣ម៉ោង ២០ និង២២វិនាទី ទទួលបានមេដាយសំរឹទ្ធ។
 
ដោយឡែក វិញ្ញាសាបុរសលើអាយុ៤០ឆ្នាំឡើង ប្រកួតលើចម្ងាយផ្លូវ១០៥គីឡូម៉ែត្រ កីឡាករ ឆុន ភារម្យ មកពីក្រុមកង់ ខភម ដណ្តើមបានមេដាយមាស ដោយប្រើពេល ២ម៉ោង ៤១នាទី និង៧វិនាទី ស្របពេល សួន រីដា មកពីក្រុមកង់រំពេ បានមេដាយប្រាក់ ក្រោយបញ្ចប់ចំណាត់ថ្នាក់ទី២ ដោយប្រើពេល ២ម៉ោង ៤២នាទី និង២៤វិនាទី និងលេខ៣ មេដាយសំរឹទ្ធបានទៅកីឡាករ រើក ម៉ាប់ដេវីត របស់ក្រុមកង់រំពេ ប្រើពេល ២ម៉ោង ៤២នាទី និង២៦វិនាទី។
 
សហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមការដឹកនាំរបស់លោក នូ ចំរើន ដែលជាអគ្គលេខាធិការ បានរៀបចំការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដោយមាន២ប្រភេទកីឡា ក្នុងប្រភេទកីឡាកង់គួក ដែលធ្វើនៅថ្ងៃទី៦ ខែមករា និងកង់ភ្នំធ្វើនៅថ្ងៃទី៧ ខែមករានេះ ដោយធ្វើនៅជើងភ្នំត្រោក ស្ថិតនៅភូមិត្រោក ឃុំត្រោក ស្រុករលាប្អៀរ ដែលមានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។ ព្រឹត្តិការណ៍ឆ្នាំ២០២៣ នេះ មានអត្តពលិកចូលរួមជាង២៦០នាក់ កើន៥ភាគរយលើសឆ្នាំមុន៕
 

Tag:
 កីឡាទោចក្រយាន
© រក្សាសិទ្ធិដោយ thmeythmey.com