ជាតិ
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ចំណាយពេលពេញ១ជីវិត ដើម្បីសិល្បៈចាប៉ីដងវែង
08, Jan 2024 , 9:29 am        
រូបភាព
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានជំនាញច្រៀង និងដេញចាប៉ីយ៉ាងចំណាន។
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានជំនាញច្រៀង និងដេញចាប៉ីយ៉ាងចំណាន។
ភ្នំពេញ៖ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាមរតកមនុស្សរស់មួយរូប ក្នុងចំណោមមរតកមនុស្សរស់នៃកម្ពុជា ទាំង២៦អង្គ/នាក់។ ព្រឹទ្ធាចារ្យ មានជំនាញច្រៀង និងដេញចាប៉ីយ៉ាងចំណាន។ ព្រឹទ្ធាចារ្យ បានរួមចំណែកយ៉ាងច្រើន ក្នុងវិស័យសិល្បៈបុរាណខ្មែរ ពិសេសសិល្បៈផ្នែកចាប៉ីដងវែង។


 
ជាព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលបម្រើវិស័យសិល្បៈបុរាណ ប្រមាណ៦៤ឆ្នាំមកហើយនោះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏បានចូលរួម បង្ហាញសិល្បៈចាប៉ី ក្នុងបទចម្រៀងសម័យទំនើប(Rap) ដែលមានចំណងជើងថា Time to Rise Feat ផងដែរ។ បទចម្រៀងនេះ មានអ្នកទស្សនាប្រមាណ១១៨លានដង ក្នុងរយៈពេល២ឆ្នាំ ដែលអាចសន្និដ្ឋានបានថា វាបានចូលទៅក្នុងស្រទាប់យុវវ័យគ្រប់វណ្ណៈ។
 
គិតត្រឹមឆ្នាំ២០២៤ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានជន្មាយុ៨០ឆ្នាំ។ សុខភាពរបស់លោក កាន់តែខ្សោយគួរឱ្យបារម្ភ ហើយមានស្មារតីវង្វេង ប្រមាណ១ឆ្នាំមកហើយ។ កាលពីឆ្នាំ២០១៩ ព្រឹទ្ធាចារ្យ ធ្លាប់បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរម្ដងរួចមកហើយ ប៉ុន្តែក៏បានជាសះស្បើយឡើងវិញ ក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់។ 
 
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានរួមចំណែក លើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ តាំងពីឆ្នាំ១៩៦០ រហូតដល់បច្ចុប្បន្ន ពិសេសផ្នែកសិល្បៈចាប៉ីដងវែង។ ដោយសារមានស្នាដៃលេចធ្លោ ក្នុងការថែរក្សាវប្បធម៌ ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួល”ពានរង្វាន់សិល្បៈវប្បធម៌ហ្វុគុអូកា” (Fukuoka Prize) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០១៧។ 


 
“ពានរង្វាន់ហ្វុគុអូកា” ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩០ ក្នុងគោលបំណងផ្ដល់កិត្តិយសដល់បុគ្គល ក្រុម ឬស្ថាប័នណា ដែលមានស្នាដៃលេចធ្លោ ក្នុងការថែរក្សា និងការបង្កើតនូវវប្បធម៌អាស៊ីមួយ ប្រកបដោយលក្ខណៈពិសេស និងភាពចម្រុះ ដែលជំរុញឱ្យមានការផ្លាស់ប្ដូរវប្បធម៌ ទៅវិញទៅមក និងលើកកម្ពស់ ការយល់ដឹងអំពីតម្លៃវប្បធម៌អាស៊ី។ ព្រឹទ្ធាចារ្យ ជាបុគ្គលទី៣នៃកម្ពុជា ដែលទទួលបាន”ពានហ្វុគុអូកា” លើកទី២៨ ពីប្រទេសជប៉ុន។ 
 
សារព័ត៌មានថ្មីៗ សូមរំលឹកអំពីកុមារភាព របស់ព្រឹទ្ធាចារ្យ គង់ ណៃ តាមរយៈការចងចាំរបស់លោក គង់ បូរាណ កូនប្រុសទី៩ របស់ព្រឹទ្ធាចារ្យ។ 
 
កុមារា គង់ ណៃ បានចាប់កំណើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ កុមារ បានចាប់ផ្ដើមរៀនចាប៉ីដងវែង នៅអាយុ១៣ឆ្នាំ ហើយចេះច្រៀងនិងដេញចាប៉ីនៅអាយុ១៥ឆ្នាំ ដោយរៀនពីអ៊ំប្រុសខាងឪពុកឈ្មោះ គង់ ទិត្យ។ ហេតុដែលនាំឱ្យ កុមារា ណៃ ចាប់ចិត្តចង់រៀនចាប៉ី ដោយសារតែគេគិតថា ខ្លួនមានពិការភាពភ្នែកបែបនេះ ប្រសិនចេះជំនាញចាប៉ី នោះទៅថ្ងៃមុខ គេអាចមានមុខរបរច្បាស់លាស់មួយ ដើម្បីចិញ្ចឹមជីវិតបាន។
 
លោក គង់ បូរាណ រំលឹកពីអ្វីដែលឪពុក ធ្លាប់តំណាលប្រាប់៖«ថ្ងៃមួយអ្នកក្នុងភូមិធ្វើបុណ្យ គេអញ្ជើញអ្នកចាប៉ីទៅច្រៀង គាត់(ព្រឹទ្ធាចារ្យ គង់ ណៃ) បានឮ គាត់ក៏គិតថា ប្រសិនចេះចាប៉ី អាចមានមុខរបរចិញ្ចឹមជីវិត។ គាត់ក៏សុំឱ្យអ៊ំប្រុសជួបបង្រៀន។ អ៊ំប្រុស គាត់ចេះតែដេញចាប៉ីប៉ុណ្ណោះ គាត់មិនចេះច្រៀងទេ»។

 
សូមបញ្ជាក់ថា កុមារា ណៃ បានធ្លាក់ខ្លួនពិការភ្នែកទាំងសង តាំងពីអាយុ៤ឆ្នាំ ដោយសារតែជំងឺអុតធំ។ កាលពីអំឡុងឆ្នាំ១៩៦០ លោក គង់ ណៃ តែងចេញទៅសម្ដែងចាប៉ី មិនមានពេលសម្រាកឡើយ។ កាលសម័យនោះ ប្រជាជនខ្មែរពេញនិយម សិល្បៈចាប៉ីដងវែងខ្លាំង ក្បិតអីគ្រានោះពុំសូវមានសិល្បៈកម្សាន្តច្រើន។ 
 
«គាត់ទៅសម្ដែងនៅខេត្តតាកែវ កំពង់ស្ពឺ និងកំពត។ គាត់ទៅបានជិតៗដែរទេ ដោយសារកាលនោះមានតែកង់ជិះប៉ុណ្ណោះ។ គាត់បានទៅសម្ដែង នៅកម្ពុជាក្រោមដែរ ព្រោះផ្ទះគាត់ក៏នៅជិតទល់ដែនដែរ។ កាលនោះគាត់នៅលីវ ប្អូនប្រុសពៅគាត់ ជាអ្នកឌុបទៅច្រៀង។ ពេលមានគ្រួសារ កូនប្រុសគាត់ឌុបម្ដង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក បូរាណ?
 
ថ្លៃឈ្នួលដែលបានពីការច្រៀងចាប៉ី យុវជន ណៃ ទទួលបានជាអង្ករ និងជាប្រាក់។ អង្គរបានពី១០ទៅ១៥គីឡូក្រាម ក្នុងការច្រៀងម្ដង។ សម្រាប់ការចេញទៅសម្ដែងចាប៉ីវិញ យុវជន គង់ ណៃ ត្រូវចំណាយពេលប្រមាណ កន្លះខែ ឬ១ខែទើបចូលផ្ទះម្ដង ដោយសារមានអ្នកហៅច្រើន។ កាលជំនាន់នោះ ក្នុងខេត្តកំពត មិនមានអ្នកចេះចាប៉ីឡើយ គឺមានតែលោក ណៃ ប៉ុណ្ណោះ ដែលចេះទាំងច្រៀង និងដេញប្រចាំខេត្ត។ ដូចនឹងខេត្តតាកែវដែរ គឺមានតែយុវជន ប្រាជ្ញ ឈួន ប៉ុណ្ណោះដែលចេះសិល្បៈចាប៉ី។
 
ការទៅច្រៀងចាប៉ី ច្រើនតែក្នុងពិធីបុណ្យចម្រើនព្រះជន្ម បុណ្យកឋិន និងបុណ្យផ្កានៅតាមវត្ត។ ជាទូទៅកាលសម័យនោះ ការច្រៀងចាប៉ី តែងចាប់ផ្ដើមច្រៀងពីម៉ោង១០យប់ ក្រោយព្រះសង្ឃទេសនារួច រហូតដល់ម៉ោង៥ទៀបភ្លឺ។ 
 
លោក គង់ បូរាណ កូនប្រុសតែម្នាក់ ដែលស្នងមរតកចាប៉ីពីឪពុកបញ្ជាក់៖«ជំនាន់នោះ ពុំទាន់មានល្ខោនច្រើនទេ ដូច្នេះមនុស្សទៅមើលពេញរោង។ អ្នកទៅមើលគ្រប់វ័យ»។
ដោយសារតែពិការភាពភ្នែក កាលសម័យប៉ុលពត យុវជន ណៃ ត្រូវបានកម្មាភិបាលខ្មែរក្រហម ឱ្យលោកទៅវាយធាងត្នោត ដើម្បីយកទៅវេញធ្វើជាខ្សែគោ។ ការធ្វើការងាររបស់លោក មិនអាចលឿន ដូចអ្នកភ្នែកភ្លឺមានតម្លាំងពេញឡើយ ហើយដោយហេតុនោះ មានពេលមួយ លោកត្រូវបានគេយកទៅសម្លាប់។ 
 
«គេយកគាត់ទៅសម្លាប់ ប៉ុន្តែចៃដន្យកូនគាត់ម្នាក់ មុតអំបែងកែវ គាត់សុំគេឈប់១យប់។ យប់ដែលឈប់នោះ ទ័ពរំដោះចូល គាត់ក៏អាចរួចជីវិតវិញ។ គ្រួសាររបស់យើង មិនមានអ្នកណាស្លាប់ ក្នុងសម័យសង្គ្រាមទេ។ យើងរស់ជុំគ្នាដល់បច្ចុប្បន្ន»។ នេះជាការបញ្ជាក់របស់លោក បូរាណ។ 

 
លោក គង់ ណៃ បានរៀបអាពាហ៍ពិពាហ៍នៅអាយុ១៨ឆ្នាំ ជាមួយកញ្ញា តាត់ ឆេន ដែលមានអាយុ២១ឆ្នាំ។ លោកមានកូនប្រុសស្រីចំនួន១០នាក់ ដោយកូនទី១ឈ្មោះ គង់ ឈា (ស្រី) កូនទី២ឈ្មោះ គង់ ណោ (ប្រុស) កូនទី៣ឈ្មោះ គង់ ផល្លី (ប្រុស) កូនទី៤ឈ្មោះ គង់ ពុត្ថា (ប្រុស) កូនទី៥ឈ្មោះ គង់ ធាវី (ស្រី)។ កូនទី៦ឈ្មោះ គង់ សម្ភ័ស (ប្រុស) កូនទី៧ឈ្មោះ គង់ សុភ័ក្រ (ស្រី) កូនទី៨ឈ្មោះ គង់ សារាង (ស្រី) កូនទី៩ឈ្មោះ គង់ បូរាណ (ប្រុស) និងកូនទី១០ឈ្មោះ គង់ សម័យ (ប្រុស)។ ក្នុងចំណោមកូនទាំង១០រូប មានតែកូនទី៩មួយរូបប៉ុណ្ណោះ ដែលស្នងមរតកចាប៉ីពីឪពុក គឺលោក គង់ បូរាណ។
 
ក្រោយបែកសង្គ្រាមថ្មីៗ លោក គង់ ណៃ មិនទាន់អាច ចេញទៅសម្ដែងចាប៉ីបានទេ ព្រោះជីវភាពប្រជាជនខ្វះខាត មិនមានលទ្ធភាពហៅអ្នកចាប៉ីទៅច្រៀង។ ដូច្នេះគ្រានោះ ភរិយារបស់លោក ជាអ្នករ៉ាប់រងការងារស្រែចម្ការទាំងអស់ ហើយលោកនៅមើលថែរក្សាកូនៗ។ រហូតដល់ជាង១ឆ្នាំ ទើបលោក គង់ ណៃ អាចចេញទៅសម្ដែងចាប៉ីដងវែងវិញ ដែលមានកូនប្រុសច្បង ជាអ្នកឌុបដោយកង់។ 
 
បន្ទាប់ពីឆ្នាំ១៩៩២ ភរិយារបស់លោក ជាអ្នកជូនលោកទៅច្រៀងវិញ ក្រោយឡើងមករាជធានីភ្នំពេញ ដើម្បីធ្វើការក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកឡើងមកភ្នំពេញ តែ២នាក់ប្ដីប្រពន្ធប៉ុណ្ណោះ ដោយទុកកូនៗនៅស្រុក។ រហូតដល់ឆ្នាំ១៩៩៣-១៩៩៤ ទើបកូនស្រី២នាក់របស់លោក ឡើងមកភ្នំពេញដែរ ដើម្បីជួយលក់គោមត្នោត និងនំ ជាមួយម្ដាយ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពបន្ថែម។
 
លោក បូរាណ បន្ថែម៖«ទើបតែបែកប៉ុលពត គាត់មិនហ៊ានយកកូនៗមកភ្នំពេញជាមួយទេ ខ្លាចមានរឿងហេតុដូចមុនទៀត។ មកភ្នំពេញដំបូងតឹងដែរ ដោយសារប្រាក់ខែគាត់បានតិច តែបានបងស្រីគាត់ឡើងមក ជួយលក់ពោតស្ងោរពេលយប់។ ហើយម៉ែចាក់នំចាក់ខ្យល់លក់ដែរ»។ 
 
ចាប់ពីឆ្នាំ២០០៣ ក្រោយអង្គការសិល្បៈខ្មែរអមតៈជួយជ្រោមជ្រែង ឱ្យក្លាយជាព្រឹទ្ធាចារ្យចាប៉ីដងវែង លោក គង់ ណៃ ក៏ទទួលបានប្រាក់ខែពីអង្គការមួយផ្នែកទៀត ហើយលោកក៏ចាប់ផ្ដើម ចេញទៅច្រៀងចាប៉ីកាន់តែច្រើន ក្នុងនោះមានទាំងចេញទៅច្រៀង នៅក្រៅប្រទេសផងដែរ។ លោកបានចេញទៅសម្ដែងចាប៉ី នៅក្រៅប្រទេស ប្រមាណ២០ប្រទេស មានទៅប្រទេសថៃ វៀតណា ជប៉ុន បារាំង អាមេរិក អង់គ្លេស និងប៉ូឡូញជាដើម តាមរយៈអង្គការផង និងតាមស្ថាប័នរដ្ឋផង។
 
ពេញមួយជីវិតរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលសិស្សមកបង្រៀនផ្ទាល់ ប្រមាណជិត១០នាក់ ដែលមានសិស្សនៅរាជធានីភ្នំពេញ និងសិស្សនៅស្រុក។ ទោះជាយ៉ាងណា សិស្សទាំងនោះខ្លះនៅតស៊ូរហូតរៀនចេះ ហើយខ្វះទៀត បានបោះបង់ចោលកណ្ដាលទី។
 
ក្រៅពីនោះ ដំណើរចាប៉ីដងវែង របស់ព្រឹទ្ធាចារ្យ មានផ្សាយលើយូធូបនិងហ្វេសប៊ុកជាច្រើន ដែលយុវជនអាចរៀនតាមបាន ដោយមិនចាំបាច់ ទៅរៀនផ្ទាល់ជាមួយលោក។ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ តែងតែប្រាប់សិស្ស និងមហាជន ឱ្យជួយថែរក្សាទម្រង់ចាប៉ីដងវែងឱ្យបានគង់វង្ស៕ 
 

Tag:
 ជីវប្រវត្តិ
  គង់ ណៃ
  ព្រឹទ្ធាចារ្យ
  សិល្បៈ
  វប្បធម៌
  ចាប៉ី
© រក្សាសិទ្ធិដោយ thmeythmey.com