កីឡាជាតិ
ជាតិ
គ្រូភ្នំពេញក្រោន ពេញចិត្តលទ្ធផលឈ្នះ តែភ្ញាក់ផ្អើលទម្រង់លេងរបស់អង្គរថាយហ្គឺរ
08, Jan 2024 , 5:09 pm        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ រូបពី Cambodian Premier League
ការប្រកួតរវាងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ រូបពី Cambodian Premier League
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន មិននឹកស្មានថាក្លិបអង្គរថាយហ្គឺរ អាចរកបាន ២គ្រាប់តាមស្មើនៅត្រឹមនាទី៤៨ នៃតង់ទី២។ គ្រូបង្វឹករូបនេះ នៅតែពេញចិត្តចំពោះលទ្ធផលឈ្នះ ៣-២ តាមរយៈគ្រាប់បាល់ជ័យជម្នះរបស់ យ៉ើ ម៉ូស្លីម នៅនាទី៥៧ ក្នុងការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍ទី១៦។



ភ្នំពេញក្រោន បានយកឈ្នះលើ អង្គរថាយហ្គឺរ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្នុងលទ្ធផល ៣-២ នៅថ្ងៃទី៧ ខែមករា នៅកីឡដ្ឋាន Smart RSN។ យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន លើហ្វេសប៊ុក លោក Oleg Starynskyi បាននិយាយថាការប្រកួតនេះ ភ្នំពេញក្រោនធ្វើបានល្អនៅវគ្គទី១ ដោយបានគ្រប់គ្រងការប្រកួតរហូតបមុខអង្គរថាយហ្គឺរ ២-១ មុន។ 
 
ត្រឹមនាទី១៣ នៃតង់ទី១ ភ្នំពេញក្រោន នាំមុខ២-០ ដោយការរកគ្រាប់បាល់របស់ខ្សែការពារ Soe Moe Kyaw នាទី៥ និង ខ្សែប្រយុទ្ធ Shimizu Shintaro នាទី១៣។ លុះចូលដល់នាទី៤៤ សុខគ្រី សូហ្វាន របស់អង្គរថាយហ្គឺ វាយបកបាន១គ្រាប់ និង Riggi Alessandro រកបានគ្រាប់ទី២ នៅនាទី៤៨ នៃតង់ទី២។ ដោយឡែក នៅនាទី៥៧ កីឡាករ យ៉ើ ម៉ូស្លីម របស់ភ្នំពេញក្រោន រកបាន១គ្រាប់ ហើយបន្ដចប់ការប្រកួត។ ភ្នំពេញក្រោន ឈ្នះ អង្គរថាយហ្គឺរ ៣-២។
 
បើទោះអង្គរថាយហ្គឺរមាន ២គ្រាប់តាមពីក្រោយហួសពីការគិតរបស់លោក Oleg Starynskyi ប៉ុន្ដែគ្រូបង្វឹករូបនេះ នៅតែពេញចិត្តចំពោះ ៣ពិន្ទុ ដែលកូនក្រុមរកបាននៅក្នុងសប្ដាហ៍ទី១៦។
 
«យើងបានគ្រប់គ្រងការប្រកួតរហូតដល់យើងនាំមុខគេ​ ២-០ ហើយយើងក៏មិននឹកស្មានថាគេអាចតាមបាន ២ គ្រាប់វិញដែរ ព្រោះយើងគិតថាបន្ទាប់ពី ២-០ ហើយអ្វីៗនឹងរៀបរយហើយ ប៉ុន្តែវាមិនដូច្នេះទេ។ ខ្ញុំមានអារម្មណ៍រីករាយជាមួយនិងលទ្ធផល ព្រោះវាគឺជាការប្រកួតដែលតានតឹង។ ហេតុផលមួយដែលនាំឲ្យមិនមានភាពងាយស្រួលនោះគឺ វាតែងតែមានភាពលំបាកបន្ទាប់ពីត្រលប់មកពីការឈប់សម្រាក ខ្ញុំសង្ឃឹមថាការប្រកួតក្រោយយើងកាន់តែរឹងមាំខ្លាំងជាងនេះ។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
ក្នុងសប្ដាហ៍ទី១៦នោះ ព្រះខ័ន្ធរាជស្វាយរៀង យកឈ្នះ លើព្រៃវែង ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានខេត្តស្វាយរៀង ចំណែក កងយោធពលខេមរភូមិន្ទ ឈ្នះ វិសាខា ២-១ នៅកីឡដ្ឋានស្ដាតចាស់។ រីឯ ណាហ្គាវើលដ៍ បានត្រឹមស្មើជាមួយ បឹងកេត ក្នុងលទ្ធផលមិនមានគ្រាប់បាល់ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ខណៈ អាយ អេស អាយដង្កោសែនជ័យ ចែកគ្នា ១ពិន្ទុម្នាក់ ជាមួយគិរីវង់សុខសែនជ័យ លទ្ធផល១-១ នៅកីឡដ្ឋាន AIA KMH Park។
 
គិតត្រឹមសប្ដាហ៍ទី១៦ ព្រះខ័ន្ធរាជស្វាយរៀង នៅបន្ដឈរចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) ដោយមាន ៤០ពិន្ទុ ហើយតាមពីក្រោយដោយ ភ្នំពេញក្រោន មាន៣៦ពិន្ទុ។ ចំណែកលេខ៣ វិសាខា មាន២៦ពិន្ទុ តាមពីក្រោយយ៉ាងប្រកៀកប្រកិតដោយ អាយ អេស អាយ ដង្កោសែនជ័យ ចំណាត់ថ្នាក់លេខ៤ មាន២៤ពិន្ទុ។ រីឯ បឹងកេត ឈរនៅចំណាត់ថ្នាក់លេខ៥ មាន២១ពិន្ទុ និងលេខ៦ កងយោធពលខេមរភូមិន្ទ មាន២០ពិន្ទុ។ ព្រៃវែង នៅចំណាត់ថ្នាក់លេខ៧ មាន១៨ពិន្ទុ និងលេង៨ ណាហ្គាវើលដ៍ មាន១៥ពិន្ទុ។ ដោយឡែក អង្គរថាយហ្គឺរ បន្ដឈរនៅលេខ៩ មាន១៤ពិន្ទុ និងគិរីវង់សុខសែនជ័យ បានតារាង មាន១០ពិន្ទុ៕

Tag:
 បាល់ទាត់
  Cambodian Premier League
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com