កីឡាជាតិ
ជាតិ
គុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ មានឧបសគ្គ២ ដើម្បីដាក់បញ្ជូលក្នុងព្រឹត្តិការណ៍យុវជនអាស៊ី ឆ្នាំ២០២៩
08, Jan 2024 , 9:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន ថ្លែងក្នុងសន្និសីទសារព័ត៌រត់ប្រណាំចម្ងាយឆ្ងាយ Angkor Ultra រូបពី NOCC
លោក វ៉ាត់ ចំរើន ថ្លែងក្នុងសន្និសីទសារព័ត៌រត់ប្រណាំចម្ងាយឆ្ងាយ Angkor Ultra រូបពី NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លើកឡើងថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ (5th Asian Youth Game) ឆ្នាំ២០២៩ មានសិទ្ធតស៊ូមតិដាក់កីឡាសក្ដានុពល និងកីឡាអត្ដសញ្ញាណរបស់ខ្លួន ទៅក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។​ NOCC នឹងតស៊ូមតិដាក់កីឡាគុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ ក្នុង Asian Youth Games 2029។ លោក វ៉ាត់ ចំរើន បន្ថែមថា ការតស៊ូមតិតាមផ្លូវច្បាប់១ ការពង្រឹង និងពង្រីកប្រទេសជាសមាជិកឲ្យគាំទ្រ១ គឺជាឧបសគ្គ ២យ៉ាង ដែលត្រូវជម្នះឲ្យបានមុនឆ្នាំ២០២៩ សម្រាប់ការដាក់បញ្ជូលកីឡា ៣ប្រទេសនេះ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។


កីឡាគុនខ្មែរ ល្បុក្កតោ និងអុកចត្រង្គ គឺជាកីឡាអត្ដសញ្ញាណជាតិខ្មែរ។ កម្ពុជា បានជោគជ័យម្ដងរួចមកហើយក្នុងការដាក់ កីឡា៣ប្រទេសនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់គោលដៅសម្រាប់ឆ្នាំ២០២៩ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ដោយដាក់បញ្ចូលកីឡា ៣ប្រភេទនេះ ក្នុងការប្រកួត។
 
លោក វ៉ាត់ ចំរើន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ពិតមែន ប៉ុន្ដែមានឈ្មោះជាអ្នកសុំសិទ្ធរៀបចំការប្រកួតប៉ុណ្ណោះ ដោយឡែក ម្ចាស់កម្មសិទ្ធ គឺជាក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA)។ ដូច្នេះ ការសម្រេចដាក់ប្រភេទកីឡា គឺស្ថិតលើ OCA ប៉ុន្ដែ ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ មានសិទ្ធក្នុងការស្នើ ឬតស៊ូមតិ ក្នុងការដាក់កីឡាសក្ដានុពល និងកីឡាអត្ដសញ្ញាណជាតិខ្លួន ហើយការតស៊ូមតិតាមផ្លូវច្បាប់នេះ គឺជាឧបសគ្គទី១។
 
«យើង ជាម្ចាស់ផ្ទះ យើងត្រូវតែ ព្យាយាមបញ្ចុះបញ្ចូលប្រទេសចូលរួម ជាពិសេសក្រុមប្រឹក្សាកីឡាអូឡាអូឡាំពិកអាស៊ី ដែលជាម្ចាស់កម្មសិទ្ធរបស់ Asian Youth Games។ ដូច្នេះ យើង ត្រូវប្រឈមមុខក្នុងរឿងនេះ ព្រោះការសម្រេចនៅលើប្រភេទកីឡា និងវិញ្ញាសាប្រកួតនៅអូឡាំពិកអាស៊ី មិនមែននៅលើម្ចាស់ផ្ទះទេ។ ប៉ុន្ដែ ម្ចាស់ផ្ទះមានសិទ្ធក្នុងការតវ៉ា និងជំរុញឲ្យដាក់កីឡាណា ជាអត្ដសញ្ញាណជាតិរបស់ខ្លួន ឬប្រភេទកីឡាណា ដែលខ្លួនមានសក្ដានុពល។ មិនមែនថា ១០០ភាគរយក យើងត្រូវស្ដាប់គេទេ។ យើងត្រូវមានយនការណ៍ និយាយគ្នាជាម្ចាស់ផ្ទះ និងម្ចាស់កម្មសិទ្ធដែរ។»។ អគ្គលេខាធិការូបនេះ បាននិយាយដូច្នេះ។
 
លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា ការតស៊ូមតិតាមផ្លូវច្បាប់ គឺមិនងាយស្រួល ដូចជាការតស៊ូមតិ ក្នុងការដាក់ ៣ប្រភេទកីឡានេះ ក្នុងស៊ីហ្គេមទេ ព្រោះកម្រិតអាស៊ីមានស្ដងដារ បទបញ្ញត្តិ និងច្បាប់កីឡាផ្សេងពីកម្រិតអាស៊ាន។ ម្យ៉ាងវិញទៀត កម្ពុជា ក៏ត្រូវការប្រទេសជាសមាជិកកីឡាទាំងនេះ គាំទ្រយ៉ាងតិចចាប់ពី ១៥-២០ប្រទេស ផងដែរ។ បើទោះជាមានការលំបាកខ្លាំង អគ្គលេខាធិការរូបនេះ បញ្ជាក់ថាត្រូវតែបន្ថែមការប្រឹងប្រែងឲ្យកាន់តែខ្លាំង ដើម្បីសម្រេចបានជោគជ័យ នាឆ្នាំ២០២៩។
 
អគ្គលេខាធិការ NOCC បាននិយាយដូច្នេះ៖«ការប្រកួតកីឡាអាស៊ី គឺស្ថិតក្នុងស្ដង់ដារអាស៊ី ហើយស្ដង់ដារអាស៊ីមានបទបញ្ញាត្ដ និងច្បាប់កីឡាផ្សេងពីស្ដង់ដារកីឡាក្នុងតំបន់។ វាមិនងាយស្រួលដូចយើងដាក់ ក្នុងតំបន់ទេ ព្រោះតំបន់រាងតូច ហើយកម្រិតអាស៊ី គឺធំ។ ដូច្នេះ យើង អាចប្រឈមក្នុងការតស៊ូមតិ គឺខ្លាំងក្លាជាង និងលំបាកជាងការតស៊ូមតិ នៅក្នុងស៊ីហ្គេម។ បើទោះជាលំបាក ប៉ុន្ដែ យើង ត្រូវតស៊ូដើម្បីឲ្យបានជោគជ័យត្រចះត្រចង់ ទោះមានឧបសគ្គអ្វីក៏ដោយ យើងត្រូវតែជម្នះ។»។
 
ចំណែកឧបសគ្គទី២នោះ លោក វ៉ាត់ ចំរើន បានសម្ដៅលើការពង្រីក និងពង្រឹកប្រទេសជាសមាជិកកីឡាទាំង ៣ប្រភេទនេះ។ ដោយឡែកចំពោះកីឡាគុនខ្មែរ NOCC ដូចជាមិនសូវជាបារម្ភក្នុងការដាក់បញ្ចូលឡើយ ព្រោះបានទទួលស្គាល់ និងមានប្រទេសជាសមាជិក ក្នុងតំបន់អាស៊ីជាច្រើនផងដែរ។ អ្វី ដែល NOCC បារម្ភនោះ គឺកីឡាគុនល្បុក្កតោ និងអុកចត្រង្គ ព្រោះប្រទេសធំៗ ដូចជាចិន ជប៉ុន កូរ៉េ និងប្រទេសធំក្នុងតំបន់អាស៊ី មិនទាន់បានចូលជាសមាជិក ឬទទួលយក។
 
«ឧបសគ្គទី២ ដែលយើងត្រូវធ្វើ និងជម្នះឲ្យបាន គឺការជំរុញប្រភេទកីឡាអត្ដសញ្ញាណជាតិរបស់យើងនេះ ឲ្យប្រទេសជាសមាជិកចូលរួមឲ្យបានច្រើន។ គុនខ្មែររបស់យើង យើងមិនបារម្ភទេ ព្រោះសមាជិកក្នុងអាស៊ីច្រើនហើយ មានន័យថាពេញលក្ខណហើយ នៅតែថាតើប្រទេសទាំងនោះគាំទ្រ ឬអត់ទេ។ ប៉ុន្ដែល្បុក្កតោ យើងនៅតិច ល្បុក្កតោ យើងទើបបាន ១០ប្រទេសជាង ទាំងអាស៊ាន និងអាស៊ី។ ហើយចំណែកអុកចត្រង្គ របស់យើង កាន់តែពិបាក គឺនៅក្នុងស្ថានភាពមួយ ដែលយើងត្រូវតែបង្កើតកម្លាំង ក្នុងការជំរុញនេះ ខ្លាំងទៀត ដោយសារអុកចត្រង្គ មានប្រទេសតិចណាស់ ដែលជាសមាជិករបស់យើង យើង មានសមាជិកក្នុងអាស៊ានខ្លះហើយ ប៉ុន្ដែមិនដល់ ១០ប្រទេសទេ មានប្រហែល ៥-៦ប្រទេសប៉ុណ្ណោះ។ ដូច្នេះ យើងជំរុញឲ្យសមាជិករបស់យើង ចូលឲ្យបានច្រើន។ កាលណាសមាជិកកាន់តែច្រើន មានកម្លាំងកាន់តែល្អ ក្នុងការតស៊ូមតិនយោបាយ និងតស៊ូមតិក្នុងផ្លូវច្បាប់។ នេះ គឺជាយុទ្ធសាស្ររបស់យើង ដែលត្រូវធ្វើ។»៕

Tag:
 វ៉ាត់ ចំរើន
  កីឡាអត្ដសញ្ញាណជាតិ
  Asian Youth Sports
© រក្សាសិទ្ធិដោយ thmeythmey.com