កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ វិសាខា ជួបក្រុមលេខ១របស់វៀតណាម ចំថ្ងៃបើកការប្រកួតពាន តេជោលីគ
09, Jan 2024 , 9:09 am        
រូបភាព
ក្លិបបាល់ទះវិសាខា ក្រុមបាល់ទះជើងខ្លាំងប្រចាំកម្ពុជា នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវជើងខ្លាំងមកពីវៀតណាម Sanest Khanh Hoa ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១២ ខែមករា។ ជំនួបមិត្តភាពនេះ ចំថ្ងៃបើកកម្មវិធីប្រកួតពានរង្វាន់កីឡាបាល់ទះតេជោលីគតែម្តង។

 
តាមរយៈការបង្ហោះរបស់លោក អាំង សេរីពិសិដ្ឋអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានសរសេរថា៖«​ទៅគាំទ្រទាំងអស់គ្នា លេខ ១ កម្ពុជា ទល់លេខ ១ វៀតណាម ល្ងាចថ្ងៃសុក្រទី១២​ ខែមករា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។»។
 
ជាការប្រកួតមិត្តភាពអន្តរជាតិរវាងក្លិបវិសាខា ទល់នឹងក្លិប Sanest Khanh Hoa នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៥ល្ងាច ខណៈការប្រកួតលីគបាល់ទាត់ «តេជោលីគ (Techo Volleyball Cambodian Leagues)» ក៏នឹងត្រូវធ្វើឡើងនៅក្នុងទីលានបាល់ទះក្នុងសាលវិមានអូឡាំពិក នៅថ្ងៃជាមួយគ្នានោះ។
 
Sanet Khanh Hoa ជាក្លិបបាល់ទះអាជីពមួយមកពីប្រទេសវៀតណាម ដែលមានទីតាំងស្ថិតក្នុងទីក្រុង Nha Trang ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៩។ ក្រុម Sanest Khanh Hoa ត្រូវបានគេស្គាល់ថាជាក្រុមបាល់ទះដ៏ជោគជ័យមួយនាពេលសព្វថ្ងៃ ជាពិសេសក្រុ​មមួយនេះក៏ជាក្រុមដ៏រឹងមាំបំផុត ដែលជាហេតុធ្វើឱ្យពួកគេឈ្នះការប្រកួតជាច្រើននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
  


ទន្ទឹមគ្នានេះ លីគបាល់ទះថ្មីសន្លាងរបស់កម្ពុជាដែលមានឈ្មោះថា «តេជោលីគ» ក៏នឹងត្រូវចាប់ផ្តើមប្រកួតស្របពេលជំនួបមិត្តភាពអន្តរជាតិរវាងវិសាខា និង Sanet Khanh Hoa ផងដែរ។ 
 
ចាប់តាំងពីមានភាពកក្រើកលើវិស័យបាល់ទះ អំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចគោលដៅខ្លួនក្នុងការបង្កើតលីគលើកដំបូងនៅកម្ពុជា។ 
 
លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់លើកឡើងអំឡុងពេលដឹកនាំក្រុមបាល់ទះកម្ពុជាទៅប្រកួតពានរង្វាន់មិត្តភាពនៅក្រៅប្រទេស ដោយទទួលបានចំណាត់ថ្នាក់លេខ ៣​ មេដាយសំរិទ្ធិ កម្ពុជាគ្រោងបង្កើតលីគបាល់ទះលើកដំបូងនៅចុងឆ្នាំ ២០២៣។ 
 
លេចចេញរូបរាងនៅដើមឆ្នាំ ២០២៤ លីគបាល់ទះ «តេជោលីគ» រដូវកាលទីមួយ ដែលចាប់ការប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ មានក្រុមសរុបចំនួន ៨ ចូលរួមប្រកួតប្រជែង។ សមាសភាពក្រុមដែលនឹងត្រូវប្រកួតប្រជែងរួមមាន សមាគមបាល់ទះ វិសាខា, សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបញ្ជាការដ្ឋានអង្គរក្ស, ក្លិបកងពលធំអន្តរាគមន៍លេខ ៣, ក្លិបកីឡាបាល់ទះខេត្តព្រះសីហនុ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ក្លិបស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
 
ការប្រកួតរយៈពេលជាង ១ខែ របស់លីគ«តេជោលីគ» នឹងត្រូវបែងចែងរូបមន្តប្រកួតជា ៣ ដំណាក់កាល ដោយជុំទីមួយក្រុមទាំង ៨ នឹងត្រូវប្រកួតប៉ះគ្នាវិលជុំទាំងអស់ ហើយក្រុមជាប់លេខ ១ ដល់លេខ ៦ នឹងទទួលបានឱកាសឡើងទៅកាន់ជុំទីពីរ ដែលជាការប្រកួតប៉ះគ្នាវិលជុំដដែល។ ជុំទីបីក្រុមដែលមានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៤ នឹងត្រូវបន្តប៉ះគ្នាសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុមលេខ ១ ជួបលេខ ៣ និងក្រុមលេខ ២ ជួបលេខ ៤ ស្វែងរកក្រុមឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់តេជោលីគរដូវកាលទីមួយនេះ៕

Tag:
 បាល់ទះ
  ក្លិបវិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com