កីឡាជាតិ
ជាតិ
ព្រឹទ្ធាចារ្យ ប៉ែន ផាត៖ ដំបូន្មានវីរបុរសបាល់ទាត់ Beckenbauer ដក់ជាប់ក្នុងខួរក្បាលខ្ញុំ
09, Jan 2024 , 11:59 am        
រូបភាព
វីរបុរសកីឡា​បាល់ទាត់​លោក Franz Beckenbauer ដែលជួយអាល្លឺម៉ង់ឈ្នះ World Cup ទាំងក្នុងនាមជាគ្រូ និងកីឡាករ បាន​ទទួល​មរណភាព​​នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២៤ ​ក្នុង​អាយុ ៧៨ឆ្នាំ។ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត វីរបុរសបាល់ទាត់កម្ពុជា សោកស្តាយចំពោះការបាត់បង់អតីតកីឡាករឆ្នើមរូបនេះ និងនៅតែចងចាំមិនភ្លេចនូវដំបូន្មានល្អៗ ដែលលោក Beckenbauer បានណែនាំដោយផ្ទាល់។



លោក Beckenbauer ជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ តាមរយៈការជួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ១៩៧៤ ក្នុងនាមជាប្រធានក្រុម និងក្នុងឆ្នាំ ១៩៩០ ក្នុងនាមជាគ្រូបង្វឹក។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters គ្រូសាររបស់វីរបុរសអាល្លឺម៉ង់រូបនេះបានប្រព័ន្ធផ្សព្វផ្សាយថា ស្វាមីខ្លួនលោក Beckenbauer បានស្លាប់នៅយប់ថ្ងៃទី៨ ខែមករា។
 
ក្នុងវិស័យកីឡាបាល់ទាត់ជាង៣០ឆ្នាំ អតីតខ្សែការពារឆ្នើម Bayern Munich ក្របកអាជីពជាកីឡាករ គ្រូបង្វឹក អ្នកចាត់ការទូទៅ និងជាអ្នកវិភាគផង ដោយទទួលបានការកោតសរសើរស្នាដៃនៅទូទាំងពិភពលោក។
 
លោក ប៉ែត ផាត អតីតកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ ៦០ ដែលធ្លាប់បានជួបលោក Beckenbauer ផ្ទាល់ដល់ទៅ២លើក ក្នុងឆ្នាំ១៩៧២ និង១៩៧៤ បានបង្ហាញការសោកស្តាយចំពោះការបាត់បង់បុគ្គលឆ្នើមក្នុងវិស័យបាល់ទាត់រូបនេះ។ 
 
«ខ្ញុំធ្លាប់បានជួបគាត់ [Beckenbauer] គាត់ជាកីឡាករចិត្តត្រជាក់ មានចំណេះដឹង និងយល់ពីស្ថានភាពលើទីលាន។ គាត់បានផ្តល់ដំបូន្មានដល់ខ្ញុំ និងកីឡាករដទៃទៀតនៅពេលបានជួបគាត់នៅអាល្លឺម៉ង់»។ នេះជាការលើកសរសើរពីវិរភាពវីរបុរសបាល់ទាត់អាល្លឺម៉ង់ របស់ លោក ប៉ែត ផាត ដែលក្រោយមកអតីតកីឡាករក្រុម Rajpracha FC របស់ថៃរូបនេះ តែងអនុវត្តតាមការណែនាំរបស់ Beckenbauer ដោយទទួលបានផ្លែផ្កា។
 
មិនត្រឹមតែបានអនុវត្តខ្លួនឯង និងរក្សាដំបូន្មានល្អៗរបស់ Beckenbauer ក្នុងខួរក្បាលនោះឡើយ ខ្សែប្រយុទ្ធរហស្សនាម «ពស់កេងកង» រូបនេះ ក៏បានចែករំលែកបទពិសោធន៍ទាំងនោះទៅយុវជនថ្នាលជំនាន់ក្រោយផងដែរ ហើយការចែករំលែកបន្តនេះ ក៏ទទួលបានផលដូចគ្នា។ យ៉ាងណាក៏ដោយ លោក ប៉ែន ផាត អះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ចំណេះជំនាញដែលខ្លួនចែករំលែកភាគច្រើន ត្រូវបានទទួល និងបញ្ជ្រាប ទៅកាន់យុវជនថ្នាលថៃ ខណៈថ្នាលកម្ពុជាបានតិចតួចប៉ុណ្ណោះ។
 
នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយមានភ្ជាប់រូបថតជាមួយលោក Beckenbauer ផង លោក ប៉ែន ផាត បានសរសេរដូច្នេះថា៖ «សូមលោកទៅមុនខ្ញុំចុះមិនយូរមិនឆាប់ទេ ចាំខ្ញុំទៅតាមក្រោយលោកហើយសូមលោកចាប់ជាតិជាថ្មីជាអ្នកកីឡាករ យើងនឹងជួបគ្នាជាថ្មីទៀតបើអាចមានបុណ្យ នឹងជួបគ្នាម្ដងទៀតនៅជាតិខាងមុខ»។
 
Franz Beckenbauer ប្រកបអាជីពជាកីឡាបាល់ទាត់អាជីពដំបូងនៅឆ្នាំ១៩៦៤ ជាមួយក្លិប Bayern Munich ដោយបង្ហាញខ្លួន៤២៧ប្រកួត ដោយរកបាន៦០គ្រាប់ ក្នុងតួនាទីជាខ្សែការពារ មុនផ្លាស់ទៅ New York Cosmos និង Hamburger SV។ វីរបុរសរូបនេះ ជាប់ជម្រើសជាតិអាល្លឺម៉ង់នៅឆ្នាំ១៩៦៥ ដោយបង្ហាញខ្លួន១០៣ប្រកួត រកបានគ្រាប់បាន១៤គ្រាប់។
ក្នុងអាជីពអ្នកចាត់ការ Beckenbauer ធ្លាប់ដឹកនាំក្រុមឥន្ទ្រីដែក Bayern Munich និង Marseille នៃលីគកំពូលបារាំង Ligue1៕

Tag:
 Franz Beckenbauer
  ប៉ែន ផាត
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com