កីឡាជាតិ
ជាតិ
អត្តពលិក ១០៧៦នាក់ មកពីជាង៤០ប្រទេស ចូលរួមរត់ព្រឹត្តិការណ៍ Angkor Ultra Trail
09, Jan 2024 , 6:59 pm        
រូបភាព
អ្នកចូលរួម Angkor Ultra Trail ឆ្នាំ២០២៣។ រូបពី​ NOCC
អ្នកចូលរួម Angkor Ultra Trail ឆ្នាំ២០២៣។ រូបពី​ NOCC
កម្មវិធីរត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor អន្តរជាតិ មានអត្តពលិកចូលរួម ១០៧៦នាក់ មកពី៤៧ប្រទេស ។ កម្មវិធីរត់ប្រណាំងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមករា នៅខេត្តសៀមរាប។



លោក Edouard George ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីរត់ប្រណាំងនេះ បានបញ្ជាក់ថា ក្នុងចំណោមអត្តពលិកទាំងនេះ មានពលរដ្ឋកម្ពុជា ៣៤១នាក់ ចូលរួមរត់ប្រណាំងចម្ងាយនេះ។ ប្រធានគណៈកម្មាធិការរៀបចំរូបនេះ មិនបានលម្អិតពីចំនួនអ្នកចូលរួមតាមប្រទេសនីមួយៗទេ ដោយគ្រាន់តែបញ្ជាក់ថា ក្រៅពីកម្ពុជា មានអ្នកចូលរួមពី បារាំង វៀតណាម កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានចំនួនច្រើន។ 
 
ក្រៅពីនេះ អ្នកចូលរួមមកពីប្រទេសផ្សេងទៀតដូចជា  អង់គ្លេស, ប៊ែលហ្សិក, ហូឡង់, ថៃ, ចិន, អូទ្រីស, អាល្លឺម៉ង់, រុស្ស៊ី, ព្រុយណេ, កាណាដា, អ៊ីតាលី, ជប៉ុន, ហ្វីលីពីន, ឆែក, អូស្ដ្រាលី, អៀរឡង់, សិង្ហបុរី, ហុងគ្រី, ព័រទុយហ្កាល់, រូម៉ានី, អាហ្វិកខាងត្បូង, ស៊ុយអែត, ឥណ្ឌា ។ល។ នេះបើតាមលោក Edouard George ។
 
ទិវារត់ចម្ងាយឆ្ងាយលើកទី៧នោះ មាន ៦វិញ្ញាសា ដូចជា៖ វិញ្ញាសា ៨គីឡូម៉ែត្រ, ១៨ គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង១០០គីឡូម៉ែត្រ។
 
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននិយាយថា ព្រឹត្តិការណ៍នេះ នឹងជួយផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាបបន្ថែមទៀត។ ជាពិសេស ភ្ញៀវទេសចរណ៍ នឹងកើនឡើងដោយសារតែមានព្រលានយន្ដហោះថ្មី ដែលអាចឲ្យអ្នកទាំងនោះ ធ្វើដំណើរមកកាន់ខេត្តសៀមរាប តាមរយៈជើងហោះហើយផ្ទាល់ មិនមានការផ្ទេរជើងហោះហើរ ឬធ្វើដំណើរពីប្រទេសដទៃ។
 
នៅក្នុងឆ្នាំ២០១៦ ដែលជាឆ្នាំចាប់ផ្ដើមដំបូង នៃព្រឹត្តិការណ៍នេះ មានអ្នកចូលរួម​ជាង ២៤០នាក់ប៉ុណ្ណោះ ។ចំណែកការរត់ប្រណាំងចម្ងាយឆ្ងាយ លើកទី៦ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នកចូលរួមសរុប ៨៨១នាក់ មកពី៣៧ប្រទេស។ ដោយឡែក ឆ្នាំ២០២៤នេះ មាន១០៧៦នាក់៕

Tag:
 Angkor Ultra Trail
© រក្សាសិទ្ធិដោយ thmeythmey.com