កីឡាជាតិ
ជាតិ
លោក Oleg Starynskyi៖ លឹម ពិសុទ្ធ ត្រូវការពេលវេលាកែប្រែខ្លួនពីក្មេងប្រុស ទៅជាបុរសល្អម្នាក់
10, Jan 2024 , 8:39 am        
រូបភាព
កីឡាករ លឹម ពីសុទ្ធ ពាក់លេខ១៧ របស់ក្រុមភ្នំពេញក្រោន។ រូបពីហ្វេសប៊ុក ពិសុទ្ធ
កីឡាករ លឹម ពីសុទ្ធ ពាក់លេខ១៧ របស់ក្រុមភ្នំពេញក្រោន។ រូបពីហ្វេសប៊ុក ពិសុទ្ធ
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន យល់ថា ខ្សែបម្រើប្រយុទ្ធ លឹម ពិសុទ្ធ មិនទាន់មានភាពអត់ធ្មត់គ្រប់គ្រាន់នៅឡើយទេ ចំពោះការរិះគន់ និងដាក់សម្ពាធផ្សេងៗពីបណ្ដាអ្នកគាំទ្រ មកលើរូបគេ តាមប្រព័ន្ធផ្សព្វផ្សាយ ។ ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ត្រូវព្យាយាមកែប្រែ និងប្រឹងអភិវឌ្ឍខ្លួនថែមទៀត។



យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បានបង្ហាញការយល់ឃើញរបស់លោក ទៅលើកីឡាករ លឹម ពិសុទ្ធ ដែលស្ថិតក្នុងន័យថា​ កីឡាកររូបនេះ ជាធនធានល្អ ប៉ុន្ដែមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ ទៅលើការរិះគន់លើបណ្ដាញសង្គម។
 
ជាក់ស្ដែងមួយរយៈចុងក្រោយនេះ ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលក្រុមជម្រើសជាតិកម្ពុជា បានចាញ់ត្រឹមវគ្គចែកពូល ធ្វើឱ្យអ្នកគាំទ្រជាច្រើន មិនពេញចំពោះលទ្ធផលនេះ ហើយកីឡាករមួយចំនួន ក្លាយជាតួអង្គរងការរិះគន់ ពីអ្នកគាំទ្រ។ ចំណែក កីឡាករ លឹម ពិសុទ្ធ ក៏ជាកីឡាករម្នាក់ក្នុងនោះដែរ។
 
លោក Oleg Starynskyi និយាយថា បច្ចុប្បន្ន លឹម ពិសុទ្ធ ស្ថិតក្នុងដំណាក់កាលមួយល្អ ព្រោះបានកែប្រែ និងអភិវឌ្ឍន៍របៀបលេងរបស់ខ្លួន។ គ្រូបង្វឹករូបនេះ សម្លឹងឃើញចំណុចវិជ្ជមាន ពិសុទ្ធ ដែលបានព្យាយាមបង្កើតកន្លែងទូលាយជាច្រើន នៅតំបន់ប្រយុទ្ធ ដែលធ្វើឲ្យមានភាពងាយស្រួល ដល់មិត្តរួមក្រុម ក្នុងការរកគ្រាប់បាល់។ ម្យ៉ាងវិញទៀតនោះ ការទទួលខុសត្រូវក្នុងការប្រកួតកាន់តែល្អ ព្រោះមានសមត្ថភាព ក្នុងការសម្រេចចិត្តបានត្រឹមត្រូវ។
 
«នៅពេលនេះគេកំពុងស្ថិតក្នុងតំណាក់កាលមួយល្អ ប៉ុន្តែក៏មានចំនុចមួយចំនួន ដែលគេត្រូវកែប្រែផងដែរ។ សម្រាប់ចំណុចវិជ្ជមានរបស់គេនោះគឺ គេព្យាយាមបង្កើតចំណុចទូលាយច្រើន នៅតំបន់ប្រយុទ្ធ ដែលធ្វើឲ្យមានភាពងាយស្រួល។ ម្យ៉ាងវិញទៀតគេក៏មានភាពទំនួលខុសត្រូវល្អ ក្នុងការប្រកួត​ ព្រោះគេមានសមត្ថភាពក្នុងការសម្រេចចិត្តបានល្អផងដែរ។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
 
លោក Oleg Starynskyi ទំនងជាយល់ថា លឹម ពិសុទ្ធ ត្រូវតែមានការអត់ធ្មត់ឲ្យធ្ងន់ជាងនេះទៀត ចំពោះការទទួលយកពាក្យរិះគន់របស់អ្នកគាំទ្រលើបណ្ដាញសង្គម ហើយនេះ ក៏បង្ហាញពីការផ្លាស់ប្ដូរខ្លួន ពីក្មេងប្រុសទៅជាបុរសល្អម្នាក់ យ៉ាងពិតប្រាកដ។ «បន្ទាប់ពីស៊ីហ្គេម ២០២៣ ពិសុទ្ធ ទទួលបានការរិះគន់ច្រើន ខណៈពេលដែលគេត្រឹមតែជាក្មេងប្រុសម្នាក់ប៉ុណ្ណោះ។ គេមិនទាន់មាន​ភាព​អត់ធ្មត់​ក្នុងការគ្រប់គ្រងការ​រិះគន់​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នៅ​ឡើយ​ទេ។ ខ្ញុំគិតថាពេលខ្លះគេមានភាពភ័យខ្លាចក្នុងការបង្កើតកំហុស។ គេត្រូវការការបង្កើតកំហុស និងត្រលប់មករកភាពល្អវិញ។ នេះគឺជាផ្នែកមួយ ក្នុងការអភិវឌ្ឍន៍ខ្លួន ដែលតម្រូវឲ្យប្រើប្រាស់ពេលវេលាច្រើនផងដែរ ក្នុងការកែប្រែពីក្មេងប្រុសល្អម្នាក់ ទៅជាមនុស្សប្រុសដែលរឹងមាំ។» លោក Oleg Starynskyi បានបង្ហាញការយល់ឃើញបែបនេះ។
 
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន កីឡាករ លឹម ពិសុទ្ធ មានអាយុ ២២ឆ្នាំ ។ រូបគេបានចាប់អាជីពបាល់ទាត់ជាមួយក្លិបភ្នំពេញក្រោន តាំងពីក្រុមយុវជន ឆ្នាំ២០១២-២០១៩ ហើយបានចូលជាក្រុមឈុតធំរបស់ភ្នំពេញក្រោន នៅឆ្នាំ២០២០ មកទល់ពេលនេះ៕

Tag:
 Oleg Starynskyi
  លឹម ពិសុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com