កីឡាជាតិ
ជាតិ
ឈឿង ល្វៃ ធ្លាប់ចង់ព្យួរស្រោមដៃ ដោយសារពាក្យរិះគន់
10, Jan 2024 , 4:19 pm        
រូបភាព
កីឡាករ ឈឿង ល្វៃ ត្រូវបានអាជ្ញាកណ្ដាលរាប់ ក្នុងការប្រកួតជាមួយ Sammy រូបពី ហ្វេសប៊ុកឧកញ៉ា ស្រីចាន់ថន
កីឡាករ ឈឿង ល្វៃ ត្រូវបានអាជ្ញាកណ្ដាលរាប់ ក្នុងការប្រកួតជាមួយ Sammy រូបពី ហ្វេសប៊ុកឧកញ៉ា ស្រីចាន់ថន
កីឡាករប្រដាល់គុនខ្មែរ ឈឿង ល្វៃ ធ្លាប់មានបំណងចង់បោះបង់អាជីពប្រដាល់កាលពី៣ឆ្នាំមុន ដោយសាររងពាក្យរិះគន់ពីអ្នកគាំទ្រច្រើនពេក។ ប៉ុន្តែក្រោយមក ម្ចាស់មេដាយមាសឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២រូបនេះ មានសុទិដ្ឋិនិយមថា ដោយសារអ្នកគាំទ្រស្រឡាញ់ និងគាំទ្រគុនខ្មែរ ជាពិសេសទំនុកចិត្ត ទើបកើតមានពាក្យរិះគន់។

 
យោងលើវីដេអូសម្ភាសជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កីឡាករ ឈឿង ល្វៃ ធ្លាប់ត្រូវបានអ្នកគាំទ្រជេរ និងរិះគន់យ៉ាងធ្ងន់ធ្ងរ រហូតធ្វើឲ្យរូបគេ ចង់បោះបង់ចោលអាជីពមួយនេះ កាលពីអំឡុងឆ្នាំ២០២០។ ប៉ុន្ដែដោយសារមានការលើកទឹកចិត្តពីគ្រូបង្វឹក និងមិត្តភក្ដិរួមអាជីព ទើប ឈឿង ល្វៃ បានបន្ដរហូតអាចសម្រេចបានសមិទ្ធផលជាច្រើនដូចជាខ្សែក្រវាត់អន្ដរជាតិនានា និងមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ 
 
នៅក្នុងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឈឿង ល្វៃ បានប្រកួតជាមួយ កីឡាករ ពុទ្ធ ឆាយរិទ្ធី ហើយនៅទឹកទី៥ ឈឿង ល្វៃ បានព្យាយាមទាត់ថែម នៅពេលគូប្រកួតដួល។ ការប្រកួតនោះ ឈឿង ល្វៃ បានចាញ់ ពុទ្ធ ឆាយរិទ្ធី ដោយពិន្ទុ ហើយបានត្រូវអ្នកគាំទ្រប្រដាល់ជាច្រើនរិះគន់ និងជេប្រមាទ។ នេះ ជាហេតុធ្វើឲ្យគេចង់បោះបង់ចោលអាជីពប្រដាល់មួយនេះ។ 
 
ឈឿង ល្វៃ បានប្រាប់ពីមូលហេតុ នៃការបង្កើតកំហុសនោះដូច្នេះថា ដោយសារតែការចង់ឈ្នះខ្លាំងពេក ធ្វើឲ្យចិត្តរបស់គេឆេវឆាវ។ «បងប្អូនមើលមកពេលនោះ ឃើញថាខ្ញុំបានថែមគាត់។

ពេលនោះ ចិត្តខ្ញុំចង់ឈ្នះពេក ទើបទប់មិនជាប់។ ដោយសារកាលនោះ គេជេរខ្ញុំច្រើន អ៊ីចឹងខ្ញុំចង់បោះបង់តែម្ដង ប៉ុន្ដែបានលោកគ្រូ និងមិត្តភក្ដិក្នុងក្លិបលើកទឹកចិត្ត ហើយផ្ដល់ជាយោបល់ល្អៗ សម្រាប់ខ្ញុំ បានធ្វើឲ្យខ្ញុំធូស្រាល។»។ អ្នកប្រដាល់រូបនេះ បាននិយាយដូច្នេះ។
 
ការតូចចិត្តរហូតចង់បញ្ចប់អាជីពនោះ ព្រោះ ឈឿង ល្វៃ យល់ថារូបគេ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គាប់ចិត្តអ្នកគាំទ្រ។ ដោយឡែក ក្រោយមានសមិទ្ធផលដូច្នេះបច្ចុប្បន្ន ឈឿង ល្វៃ យល់ឃើញវិជ្ជមានថា ពាក្យរិះគន់របស់អ្នកគាំទ្រ ក៏ជាការដាស់តឿនខ្លួនឲ្យប្រឹងអភិវឌ្ឍខ្លួនបន្ថែម ហើយការបញ្ចេញមតិទាំងនោះ កើតចេញពីការស្រឡាញ់ និងគាំទ្ររបស់ពួកគេ។
 
«ខ្ញុំ ស្ទើរតែថាលែងចាប់អាជីពមួយនេះ ហើយចង់ទៅផ្ទះធ្វើស្រែវិញ ព្រោះយើង មិនអាចផ្គាប់ចិត្តបងប្អូនបាន ហើយសមត្ថភាព ខ្ញុំនៅមានកម្រិត ដល់តែចឹងអារម្មណ៍ខ្ញុំ នៅឆេវឆាវដែរ ដូច្នេះចង់បោះបង់ចោលតែម្តង។ ប៉ុន្ដែគិតយូរៗទៅ បងប្អូនចង់ឲ្យយើងល្អដែរ។ ហើយម្យ៉ាងវិញទៀត ខ្ញុំ ចេះតែខាំមាត់សង្កត់ចិត្តទៅ ដោយសារខ្ញុំស្រឡាញ់គុនខ្មែរដែរ។ ប៉ុន្ដែឥឡូវ ខ្ញុំ នៅតែអរគុណពុកម៉ែបងប្អូន ចំពោះការបញ្ចេញមតិបែបជួយលើកទឹកចិត្ត។»។ កីឡាករ ឈឿង ល្វៃ បន្ថែម។
 
មានខ្សែក្រវាត់ និងត្រូវបានអ្នកគាំទ្រជាច្រើនទទួលស្គាល់ថាជាកីឡាករប្រដាល់គុនខ្មែរកម្រិត A របស់កម្ពុជា ប៉ុន្ដែ ល្វៃ ចាត់ទុកថានេះ គ្រាន់តែជាសមិទ្ធផល ដែលសម្រេចបានត្រឹមតែ ៧០ភាគរយប៉ុណ្ណោះ ព្រោះរូបគេត្រូវការពង្រឹងសមត្ថភាព និងហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យបានជោគជ័យខ្លាំងជាងនេះ៕

Tag:
 ឈឿង ល្វៃ
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com