កីឡាជាតិ
ជាតិ
បន្តតំណែងប្រធានសហព័ន្ធកីឡាជឺជីតស៊ូ លោក ប៊ុនសុង ជំរុញអត្តពលិកពង្រឹងវិន័យ
10, Jan 2024 , 7:39 pm        
រូបភាព
លោក សេង ប៊ុនសុង ត្រូវបានគាំទ្រឱ្យបន្តធ្វើប្រធានសហព័ន្ធកីឡាជឺជីតស៊ូ អាណត្តិទី២ ឆ្នាំ២០២១-២០២៥ ដោយសំឡេងគាំទ្រ១០០ភាគរយ។ សហព័ន្ធកីឡាជឺជីតស៊ូក៏បានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ៣រូបផងដែរ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងក្នុងក្រុមការងារ ដើម្បីអភិវឌ្ឍ និងពង្រឹងកីឡាករ-ការិនី ឱ្យកាន់តែមានគុណភាព។ វិន័យ ជាកក្តាសំខាន់ក្នុងការនាំកីឡាជឺជីតស៊ូកម្ពុជាចូលកម្រិតអាស៊ី។



នាមហាសន្និបាតវិសាមញ្ញសហព័ន្ធកីឡាជឺជីតស៊ូ ដែលធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្ងៃទី៩ ខែមករា សំឡេងគាំទ្រ១០០ភាគរយ ពីសំណាក់អនុប្រធាន គ្រូបង្វឹក និអត្តពលិក ត្រូវបានផ្តល់ជួនលោក សេង ប៊ុនសុង ឱ្យកាន់តំណែងជាប្រធានសហព័ន្ធអាណត្តិទី២ ដោយមានសមាជិក១០រូបផ្សេងទៀត។
 
ក្នុងមហាសន្និបាតនេះ ក៏មានការផ្លាស់ប្តូរតួនាទីមួយចំនួន​ និងសមាជិកដឹកនាំ៣រូបផងដែរ។ មូលហេតុដែលនាំឱ្យមានការផ្លាស់ប្តូរសមាជិកទាំង៣រូប លោក សេង​ ប៊ុនសុងលើកឡើងថាដោយសារកន្លងមកមានភាពរង្គោះរង្គើ ផ្ទៃក្នុងដោយសារការយល់ច្រឡំគ្នា រហូតធ្វើការមិនចុះសម្រុងគ្នា។ ​ប្រធានសហព័ន្ធកីឡាជឺជីតស៊ូ សង្ឃឹមថា ការប្តូរសមាជិកក្បាលម៉ាស៊ីនដឹកនាំទាំង៣រូប នឹងធ្វើឱ្យស្ថាប័នមានសាមគ្គីភាពឡើងវិញ ដើម្បីជាផ្លូវទៅពង្រឹងសម្ថភាពកីឡាករ-ការិនី ឱ្យកាន់តែមានគុណភាព។


 
ក្រោយបន្តតួនាទីជាប្រធានសហព័ន្ធ លោក សេង​ ប៊ុនសុង បានស្នើអត្តពលិកកីឡាជឺជីតស៊ូទាំងអស់ ត្រូវពង្រឹងវិន័យ និងចេះលើកទឹកចិត្តគ្នាទៅវិញទៅមករវាងគ្រូ និងអត្តពលិក។
«វិន័យសំខាន់ណាស់ បើសិនគ្មានវិន័យ នោះកីឡាករ-ការិនីក៏មិនខ្លាំងពូកែដែរ។ ទោះប្រឹងហ្វឹកហាត់ប៉ុណ្ណា តែបើមិនធ្វើតាមក្បួនវិន័យ និងមិនចេះប្រើស្មារតី ទោះខ្លាំងយ៉ាងណាក៏ចាញ់គេដែរ»។ លោក ប៊ុនសុង លើកឡើងដូច្នេះ មុនសង្គត់ធ្ងន់ថាបើកីឡាករចេះប្រើ ទាំងអារម្មណ៍ និងមានវិន័យនោះនឹងទទូលបានលទ្ធផលគាប់ប្រសើរ។
 
ទីប្រឹក្សាជាន់ខ្ពស់ NOCC និងជាអតីតកីឡាករប្រដាល់ខ្មែររូបនេះ មានគោលដៅពង្រឹងអត្តពលិកជឺជីតស៊ូ ឈានដល់កម្រិតអាស៊ី ស្របពេលលោកមើលឃើញថា សព្វថ្ងៃកីឡាជឺជីតស៊ូកម្ពុជានៅត្រឹមកម្រិតអាស៊ាននៅឡើយ។ លោក ប៊ុនសុង នៅតែអះអាងដដែលថា ដើម្បីឱ្យវិស័យកីឡាមួយនេះឈានដល់កម្រិតអន្តរជាតិ ចំណុចសំខាន់គឺត្រូវស្តាប់គ្នា សាមគ្គីគ្នាក្នុងក្រុមជាមុន និងបូករួមទាំងវិន័យផង។
 
សមាសភាពថ្មី របស់សហព័ន្ធកីឡាជឺជីតស៊ូ អាណត្តិទី២ ឆ្នាំ២០២១-២០២៥ ក្រោយមានការផ្លាស់ប្តូរ៣រូបមាន លោក សេង ប៊ុនសុង ប្រធាន លោក ថោង បញ្ញាជន អនុប្រធានទី១ លោក ប៊ុត សុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ជាអនុប្រធាន លោក Jasper Martijn Paas អនុប្រធាន លោក ឃឹម សាមាន អគ្គលេខាធិការ លោក សំអុន បូរមី អគ្គលេខាធិការរង លោក ឆេង សីឡាង អគ្គហេរញ្ញិក លោក ជឹម ធារ៉ា អគ្គហេរញ្ញិករង លោក គិម កែវបង្គល លោក Oliver King និង លោក ជាន ជូផេង ជាសមាជិក៕

Tag:
 ជឺជីតស៊ូ
  សេង ប៊ុនសុង
© រក្សាសិទ្ធិដោយ thmeythmey.com