កីឡាជាតិ
ជាតិ
Dave Leduc នឹងអស់ប្រជាប្រិយភាព ប្រសិនបន្ដតាំងខ្លួនជាស្ដេចប្រដាល់គុនខ្មែរ
11, Jan 2024 , 11:59 am        
រូបភាព
មិនមានសង្វៀនតាមស្ថានីយ៍ ឬស្ថាប័នអន្ដរជាតិណា តែងតាំង Dave Leduc អ្នកប្រដាល់ Lethewei ជាស្ដេចប្រដាល់គុនខ្មែរឡើយ ដូច្នេះ បើអ្នកប្រដាល់កាណាដា-មីយ៉ានម៉ារូបនេះ បន្ដតាំងខ្លួនជាស្ដេចប្រដាល់គុនខ្មែរទៀត រូបគេ នឹងធ្លាក់ប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា។ នេះជាការអះអាងរបស់លោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ថោន។

 
ក្រោយបញ្ចប់ការប្រកួតរវាង ព្រំ សំណាង និង Dave Leduc ក្នុងលក្ខខណ្ឌ ៩នាទី ១ទឹក ក្នុងលទ្ធផលស្មើ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡាករមីយ៉ាន់ម៉ារូបនេះ បានផ្សាយជាបន្ដបន្ទាប់លើហ្វេសប៊ុករបស់ខ្លួន ដោយតាំងជាស្ដេចប្រដាល់គុនខ្មែរ និងស្ដេចប្រដាល់ Lethwei។ 
 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានកីឡា អ្នកស្រី សេង ម៉ូលីនី ម្ចាស់ផេកហ្វេសប៊ុក Seng Moliny Journalist លោក ហាក់ សុខហេង បានបញ្ជាក់ថា មិនមានស្ថាប័នអន្ដរជាតិណាតែងតាំងអ្នកប្រដាល់រូបនេះ ជាស្ដេចប្រដាល់គុនខ្មែរឡើយ។ លោក ហាក់ សុខហេង បញ្ជាក់ដូច្នេះព្រោះយល់ថា ប្រជាប្រិយភាពរបស់ Dave Leduc នឹងធ្លាក់ចុះនៅកម្ពុជា ព្រោះអ្នកគាំទ្រ មិនពេញចិត្តចំពោះអំនួតនេះ ហើយក៏បញ្ឈប់ការគាំទ្របន្ដទៀតលើរូបគេ។
  
លោក ហាក់ សុខហេង រូបពីវីដេអូឡាយទូរទស្សន៍ថោន

«ខ្ញុំ តែងតាំងគាត់ក៏មិនត្រូវដែរ ព្រោះខ្ញុំជាស្អីគេ បានជាមានសិទ្ធតែងតាំងគាត់ជាស្ដេចប្រដាល់អាស៊ី។ នេះ ដែលធ្វើឲ្យខ្ញុំ មិនសប្បាយចិត្ត ព្រោះគាត់តាំងខ្លួនគាត់ជាមនុស្សអស្ចារ្យ។
លទ្ធផលប្រកួតតែងតែមានឈ្នះមានចាញ់ ចំពោះលក្ខណប្រកួត ១ទឹក៩នាទី វាយដល់សន្លប់ទើបឈ្នះ បើទោះជាវាយគេមានប្រៀបក៏ដោយ ចុងក្រោយគឺស្មើ។ គាត់មានអំនួត ដូចគាត់អស្ចារ្យ ដូចជាគាត់ឈ្នះអ៊ីចឹង។ ហើយគាត់តាំងខ្លួនឯងជាស្ដេចប្រដាល់អាស៊ី។ តើអ្នកណា តែងតាំងឲ្យគាត់? ទាំងថោន និងស្ថាប័នអន្ដរជាតិ មិនបានតែងតាំងគាត់ទេ ឬប្រកាស់ថាគាត់ជាស្ដេចប្រដាល់អាស៊ីទេ។»។ លោក ហាក់ សុខហេង បាននិយាយដូច្នេះ។
 
នាយករូបនេះ បន្ដទៀតថា អ្នកប្រដាល់ដើមកំណើតកាណាដា ទទួលបានការគាំទ្រច្រើន ទាំងការតាមដានលើបណ្ដាញសង្គមហ្វេសប៊ុល ពីអ្នកគាំទ្រប្រដាល់នៅកម្ពុជា ប៉ុន្ដែប្រសិនជាមោទនៈភាពហួសហែកពេក ធ្វើឲ្យអ្នកគាំទ្រទាំងនោះស្អប់ ហើយអ្នកប្រដាល់រូបនេះ នឹងធ្លាក់ប្រជាប្រិយភាព។ «ដូច្នេះ កុំឲ្យគាត់មានមោទនភាពខ្លួនឯង ព្រោះពេលនេះ អ្នកគាំទ្រកម្ពុជា កំពុងស្រឡាញ់គាត់ច្រើន។ ខ្មែរ បើស្អប់ គឺអាក្រក់ អ៊ីចឹងកុំឲ្យគាត់មោទនៈភាពខ្លួន រហូតឲ្យធ្វើឲ្យអ្នកគាំទ្រកម្ពុជា គេស្អប់។»។ នាយករូបនេះ យល់ឃើញដូច្នេះ៕

Tag:
 ប្រដាល់គុនខ្មែរ
  ហាក់ សុខហេង
  Dave Leduc
© រក្សាសិទ្ធិដោយ thmeythmey.com