កីឡាជាតិ
ជាតិ
ដង្កោសែនជ័យសង្ឃឹមទៅវគ្គបន្ត ក្រោយលត់អង្គរស៊ីធីអេហ្វស៊ី ៧-០ នៅជើងទី១ ពានសម្ដេច ហ៊ុន សែន
11, Jan 2024 , 3:09 pm        
រូបភាព
ការប្រកួតរវាង អាយ អេស អាយ ដង្កោសែនជ័យ និង អង្គរស៊ីធី អេហ្វស៊ី រូបពីក្លិប អាយ អេស អាយ ដង្កោសែនជ័យ
ការប្រកួតរវាង អាយ អេស អាយ ដង្កោសែនជ័យ និង អង្គរស៊ីធី អេហ្វស៊ី រូបពីក្លិប អាយ អេស អាយ ដង្កោសែនជ័យ
អាយ អេស អាយ ដង្កោសែនជ័យ បានយកឈ្នះ អង្គរស៊ីធីអេហ្វស៊ី លទ្ធផល ៧-០ ជើងទី១ ពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៧ វគ្គជម្រុះថ្នាក់ជាតិ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប។ ចំណែក ៣ក្រុមផ្សេងទៀត មកពីលីគកំពូលកម្ពុជា ដូចជា ភ្នំពេញក្រោន វិសាខា និងព្រះខ័នរាជស្វាយរៀង សុទ្ធតែឈ្នះការប្រកួតជើងទី១ លើក្រុមបាល់ទាត់ថ្នាក់ខេត្តផ្សេងទៀត ផងដែរ។



អាយ អេស អាយ ដង្កោសែនជ័យ ដូចជាសង្ឃឹមខ្លាំងក្នុងការទៅវគ្គបន្ទាប់ ដោយបានយកឈ្នះលើក្រុមអង្គរស៊ីធី អេហ្វស៊ី ក្នុងជើងទី១ លទ្ធផល ៧-០ នៅកីឡដ្ឋានហនុមាន នៅខេត្តសៀមរាប។ គ្រាប់បាល់ទាំង ៧នោះ រកបានដោយកីឡាករ Coulibaly Abdel Kader ៣គ្រាប់(នាទី១៥, ៤៣ និង៥២), សំអុល ទីណា ២គ្រាប់ (នៅនាទី៤២ និង ៥៦), Federico Diaz ១គ្រាប់ (នាទី៦៩) និង Ndongo Louis Willy ១គ្រាប់ (នាទី ៨១)។ 
 
ក្នុងថ្ងៃជាមួយគ្នានោះ ភ្នំពេញក្រោន បានវាយបកឈ្នះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល២-១ នៅទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់ ខណៈ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានចាញ់វិសាខា ក្នុងលទ្ធផល ៣-១ នៅទីលានវិទ្យាល័យព្រះសីហនុ។ រីឯ ព្រះខ័នរាជស្វាយរៀង យកជ័យជម្នះ លើក្រុមខេត្តបន្ទាយមានជ័យ ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។
 
ដោយឡែក ការប្រកួតក្នុងជើងទី១ដដែលនេះ នឹងត្រូវចាប់ផ្ដើមបន្ដនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយមាន ៤គូមិនទាន់ប្រកួត។ សៀមរាប អេហ្វស៊ី ត្រូវស្វាគមន៍ បឹងកេត នៅកីឡដ្ឋានខេត្តសៀមរាប ស្របពេល សមាគមគីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជួបជាមួយ ខេត្តព្រៃវែង នៅទីលានបណ្ឌិតសភានគរបាលកម្ពុជា។ ចំណែក គិរីវង់សុខសែនជ័យ ត្រូវប៉ះជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខណៈ អង្គរថាយហ្គឺរ ត្រូវស្វាគមន៍ ណាហ្គាវើលដ៍៕

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com