ជាតិ
ក្រសួងអប់រំ រៀបចំការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ អបអរទិវាជាតិអំណាន
12, Jan 2024 , 8:39 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ការប្រារព្ធទិវាជាតិអំណាន ជារៀងរាល់ឆ្នាំ ក្រសួងអប់រំយុវជននិងកីឡា បានរៀបចំការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជយលាភីថ្នាក់ជាតិ ទទួលពានរង្វាន់ «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន»។



លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងត្រូវតែរៀបចំជាពីរដំណាក់កាល គឺថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដែលត្រូវជ្រើសរើសសិស្សទៅតាមកម្រិតនីមួយៗ ដោយអនុលោមទៅតាមវិញ្ញាសាបីសំខាន់។ 
 
ទី១ អានអត្ថបទ សម្រាប់សិស្សថ្នាក់ទី៤ដល់ទី៦។ ទី២ ស្មូតកំណាព្យ សម្រាប់សិស្សថ្នាក់ទី៧ដល់ទី៩ ក្នុងចំណោមបទពាក្យប្រាំពីរ បទកាកគតិ និងបទព្រហ្មគីតិ។ និងទី៣ តែងនិពន្ធ សម្រាប់សិស្សថ្នាក់ទី១០ដល់ទី១២ ជាអត្ថបទកាព្យ (បទពាក្យប្រាំពីរ បទកាកគតិ និងបទព្រហ្មគីតិ) ឬពាក្យរាយ។
 
លោករដ្ឋមន្ត្រីបន្ថែមថា នៅថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលទី១ ការិយាល័យអប់រំយុវជន ​និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំកម្មវិធីប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ នៅចន្លោះសប្ដាហ៍ទី២ ដល់សប្ដាហ៍ទី៣ នៃខែមករា ដោយមានរង្វាន់លើកទឹកចិត្ត ទៅតាមលទ្ធភាពជាក់ស្ដែង និងបញ្ជូនបញ្ជីឈ្មោះបេក្ខជនចំណាត់ថ្នាក់លេខ១ទាំងបីវិញ្ញាសា ទៅចូលរួមប្រឡងប្រជែងនៅថ្នាក់រាជធានី ខេត្ត នៅក្នុងសប្ដាហ៍ទី៤ នៃខែមករា។
 
ឯដំណាក់កាលទី២ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ ត្រូវសហការជាមួយភាគីពាក់ព័ន្ធ រៀបចំកម្មវិធីប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ចន្លោះសប្ដាហ៍ទី២ ដល់សប្ដាហ៍ទី៣ នៃខែកុម្ភៈ ដោយមានរង្វាន់លើកទឹកចិត្ត ទៅតាមលទ្ធភាពជាក់ស្ដែង និងបញ្ជូនបញ្ជីឈ្មោះបេក្ខជន ចំណាត់ថ្នាក់លេខ១ទាំងបីវិញ្ញាសា ចូលរួមប្រឡងប្រជែងនៅថ្នាក់ជាតិ នៅក្នុងសប្ដាហ៍ទី៤ នៃខែកុម្ភៈ។ 
 
បើតាមលោករដ្ឋមន្រ្តី ការធ្វើបែបនេះ ដើម្បីឱ្យការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ធានាបាននូវសមភាព តម្លាភាព និងយុត្តិធម៌ដល់បេក្ខជន។
 
សម្រាប់បេក្ខជនដែលធ្លាប់ជាប់ ជាជយលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ មិនអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងឡើយ លើកលែងតែខុសប្រភេទវិញ្ញាសា។
 
ចំពោះការប្រឡងប្រជែង និងវាយតម្លៃជ្រើសរើសជយលាភីថ្នាក់ជាតិ ទាំងបីវិញ្ញាសា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមីនា ជារៀងរាល់ឆ្នាំ តាមទីកន្លែងកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ 
 
ការប្រគល់ពានរង្វាន់ «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» និងប្រាក់រង្វាន់លើកទឹកចិត្ត ដល់ជយលាភីលេខ១ លេខ២ និងលេខ៣ ទាំងបីវិញ្ញាសា ធ្វើឡើង​នៅថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ក្នុងកម្មវិធីប្រារព្ធទិវាជាតិអំណាន តាមទីកន្លែងកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែកការប្រឡងប្រជែងរបស់មហាជន ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំលិខិតបទដ្ឋានដោយឡែក ដើម្បីអនុវត្តទៅតាមឆ្នាំនីមួយៗ។
 
គណៈកម្មការវាយតម្លៃដាក់ពិន្ទុ ថ្នាក់ក្រុង ស្រុក ខណ្ឌ និងគណៈកម្មការវាយតម្លៃដាក់ពិន្ទុ ថ្នាក់រាជធានី ខេត្ត លោក ហង់ជួន ណារ៉ុន ថាគួរមានសមាសភាពចម្រុះ ទៅតាមលទ្ធភាពជាក់ស្ដែង ដែលជ្រើសរើសចេញពីថ្នាក់ដឹកនាំ មន្ត្រី លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអង្គភាពពាក់ព័ន្ធ ដែលមានជំនាញខាងផ្នែកអាន ស្មូតកំណាព្យ និងតែងនិពន្ធ។  
 
ចំណែកគណៈកម្មការវាយតម្លៃដាក់ពិន្ទុ ថ្នាក់ជាតិ ក៏មានសមាសភាពចម្រុះដែរ គឺថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលមានជំនាញច្បាស់លាស់ ថ្នាក់ដឹកនាំ ឬអ្នកជំនាញ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែល​មានជំនាញច្បាស់លាស់ និងអ្នកមានបទពិសោធវាយតម្លៃ ដាក់ពិន្ទុលើវិញ្ញាសាខាងលើ។
 
សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ និង​បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ រដ្ឋាភិបាលបានកំណត់យកថ្ងៃទី១១ ខែមីនា ដើម្បីប្រារព្ធទិវាជាតិអំណាន ជារៀងរាល់ឆ្នាំ៕

Tag:
 អប់រំ
  ប្រឡង
  កំណាព្យ
  និពន្ធ
  អាន
  ស្មូត
  ទិវាជាតិអំណាន
© រក្សាសិទ្ធិដោយ thmeythmey.com