ជាតិ
កញ្ញា ហួ ស៊ីនិត ​បើក​បណ្ណាល័យ​សម្រាប់​កុមារ​ ដើម្បី​ផ្ដល់​ទុន​ស្មារតី​ដល់​ពួក​គេ​
12, Jan 2024 , 5:29 pm        
រូបភាព
កញ្ញា ហួរ ស៊ីនិត (រូប​ផ្ដល់​ឱ្យ​)
កញ្ញា ហួរ ស៊ីនិត (រូប​ផ្ដល់​ឱ្យ​)
ភ្នំពេញ​៖​ ធ្លាប់​ធ្លាក់​ក្នុង​វិបត្តិ​ផ្លូវ​ចិត្ត អ្នក​គ្រូ​វ័យ​ក្មេង​ ហួ ស៊ីនិត វ័យ​២៣​ឆ្នាំ ត្រូវ​​បាន​ស្រោច​ស្រង់​ ឱ្យ​មាន​​ការ​គិត​ល្អ​ប្រសើ​រ​ឡើង​​វិញ ដោយ​សៀវ​ភៅ​។ ​បាន​ឃើញ​ពី​សារសំខាន់​ នៃ​សៀវ​ភៅ​បែប​នេះ​ហើយ​ ទើប​​ជំរុញ​ចិត្ត​អ្នក​គ្រូ ​បង្កើត​បណ្ណាល័យ​ភូមិ​ សម្រាប់​ក្មេង​ក្រី​ក្រ​ក្នុង​ភូមិ មាន​​ទីពឹង​​ផ្នែ​ក​ស្មារតី​​ ទៅ​​ថ្ងៃ​អនាគត​។



សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
 

«​ខ្ញុំ​ធ្លាប់​មា​ន​ជំងឺ​បាក់​ទឹក​ចិត្ត​ម្ដង​ដែរ។ ​សៀវ​ភៅ​បាន​ជួយ​ខ្ញុំ​ច្រើន​មែនទែន​ គឺ​ប្ដូរ​គំនិត​ខ្ញុំ​។ ការ​បាក់​ទឹក​ចិត្ត​ ច្រើន​តែ​មាន​រោគ​សញ្ញា​នៃ​ការ​ គិត​អវិជ្ជមាន​មក​លើ​ខ្លួន​​ឯង​ ដូច្នេះ​សៀវ​ភៅបែប​លើក​ទឹក​ចិត្ត​ ជួយ​យើង​បាន​ច្រើន​។ ឱ្យ​យើង​ចេះ​បែង​ចែក​អារម្មណ៍​។ ឱ្យ​យើង​ដឹង​អ្វី​ជាសុខ​ អ្វី​ជា​ទុក្ខ​ ពេល​នោះ​ហើយ​​ យើង​អាច​គ្រប់​គ្រង​ខ្លួន​​ឯង​បាន»​​។ នេះ​គឺ​ជា​ការ​អះ​អាង​របស់ កញ្ញា ហួរ ស៊ីនិត​។
 
មាន​ស្រុក​កំណើត​ ក្នុង​​ស្រុក​ព្រះ​នេត្រ​ព្រះ​ ​ខេត្ត​បន្ទាយ​មាន​ជ័យ កញ្ញា ហួ ស៊ីនិត​ គឺ​ជា​គ្រូ​បង្រៀន​ថ្នាក់​បឋម​សិក្សា​។ មាន​ម្ដាយ​ឪពុក​ជា​ក​សិក​រ​ ស៊ីនិត បាន​ភ្លក់​រស់​ជាតិ​នៃ​ភាព​ក្រីក្រ ហើយ​គ្មាន​ប្រាក់​ទិញ​សៀវ​ភៅ​ តាម​ចិត្ត​ចង់​។ កាល​នៅ​តូច នាង​​​រៀន​នៅ​ក្នុង​វត្ត​ ក្រោម​សាលា​​​ដ៏​ទ្រុឌទ្រោមមួយ​ ដោយ​មាន​សៀវភៅ​សម្រាប់​អាន​បន្តិច​បន្តួច​ប៉ុណ្ណោះ។ យូរ​ៗ​ម្ដង​ទើប​នាង​ និង​មិត្ត​អាច​មាន​ឱកាស​អាន​សៀវ​ភៅ​ទាំង​នោះ​ ដ្បិត​អី​វា​ត្រូវ​បាន​រក្សា​ទុក​ក្នុងទូ​ ដោយ​ចាក់​សោរ​យ៉ាង​គត់​មត់​។ ទុក​ក្នុង​ទូដើម្បី​ការ​ពារ​ពី​ភ្លៀង​ និង​​កណ្ឌៀរកោរ កណ្ដុរកាត់​ ព្រោះ​តែសាលា​ពុក​ខ្លាំង​។ 
 
«​គ្រូ​រវល់ មិន​សូវ​បាន​បើក​ទូ​ទេ ប៉ុន្តែ​ពេល​បើក​ម្ដង​ៗ សិស្ស​នាំ​គ្នា​រត់​ទៅ​បើក​មើលហើយ​»។ នេះ​ជា​ការ​រំលឹក​របស់​ ស៊ីនិត​។
រលឹក​ដល់​គ្រា​ខ្លួន​ខ្វះ​ខាត​សៀវ​ភៅ​អាន​ ស្រប​ពេល​​​បច្ចុប្បន្នក្មេង​ៗ​ក្នុង​ភូមិ​ ក៏​មាន​ស្ថាន​ភាព​ដូច​នាង​ដែរ ទើប​បាន​ជា​ ​នារី​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​​៣​នាក់​រូប​នេះ ​ប្ដេជ្ញា​បង្កើត​បណ្ណាល័យ​ចល័ត​តូច​មួយ នៅ​ក្នុង​ភូមិ​ នា​ដើម​ឆ្នាំ​២០២៣​​។ នារី​សក់​ខ្មៅរលោង​ ស៊ីនិត សង្ឃឹម​ថា បណ្ណាល័យ​នេះ នឹង​ជំរុញ​ឱ្យ​កុមារ​មាន​សៀវ​ភៅ​អាន​ ស្រប​នឹង​វ័យ​របស់​ពួក​គេ​ ហើយ​វា​នឹង​ជួយ​ជំរុញ​ ឱ្យ​កុមារ​ចូល​ចិត្ត​អាន​សៀវ​ភៅ ក៏​ដូច​ជា​​មាន​ទឹក​ចិត្ត​ចង់​ទៅ​រៀន​។
 
ជា​លទ្ធផល​ ក្រោយ​បង្កើត​ បណ្ណាល័យ​នេះ មាន​ការ​គាំ​ទ្រ​ពី​​ក្មេង​ៗជា​ច្រើន​នៅ​​ក្នុង​ភូមិ រួម​ទាំង​​អាជ្ញាធរ​ភូមិ​ឃុំផង​ដែរ​​។ ហើយ​នាង​អះអាង​ដូច្នេះ​៖«​យើង​ដាក់​សៀវ​​ភៅ​ នៅ​ក្នុង​សាលា​ឆទានក្នុង​ភូមិ​។ យើង​បើក​​រៀង​រាល់​ថ្ងៃ​អាទិត្យ​ ពី​ម៉ោង​១ដល់ម៉ោង​​៣រសៀល​។ ជា​មធ្យម​ក្មេង​ៗ​ទៅ​អាន​សៀវ​ភៅ​ ប្រមាណ​២០​ទៅ​៣០​នាក់​ ក្នុង​មួយ​ថ្ងៃ។ មួយ​ម៉ោង​ឱ្យ​គាត់​អាន​សៀវ​ភៅ ហើយ​មួយ​ម៉ោង​ទៀតឱ្យ​គាត់​ផាត់​រូប​​។ ខ្ញុំ​យក​សៀវ​ភៅ​នោះ​យក​មក​ផ្ទះ​​វិញ ព្រោះ​មិន​ទាន់​មាន​កន្លែង​ដាក់​សម​រម្យ​។ ប៉ុន្តែ​អាជ្ញាធរ​ភូមិ​ឃុំថា ​នៅ​ពេល​ដែលខ្ញុំ​​​បើក​បាន​ជាប់​លាប់ គាត់​នឹង​បង្កើត​ទូ​មួយ​ទុក​ដាក់​សៀវ​ភៅ​​ នៅ​ក្នុង​សាលា​ឆទាន​នោះ​តែ​ម្ដង​»។​
 
​អ្នក​គ្រូ​​ដែល​​បាន​បញ្ចប់​​បរិញ្ញាបត្រ​ផ្នែក​ជីវវិជ្ជា នៅ​ខេត្ត​បាត់​ដំបង កាល​ពី​​ឆ្នាំ​២០២១ ស៊ីនិត ថា​​សព្វ​ថ្ងៃ​ក្នុង​សាលា​​ដែល​នាង​បង្រៀន​ ក៏​មាន​បណ្ណាល័យ​ដែរ ប៉ុន្តែ​មិន​អាច​ផ្គត់​ផ្គង់សៀវ​ភៅ ឱ្យ​ក្មេង​ៗ​​គ្រប់​ទេ ដូច្នេះ​នាង​មាន​សៀវ​ភៅ​ច្រើន នាង​អាច​បើកបណ្ណាល័យ​​មួយ​ទៀត ដើម្បី​ឱ្យ​ក្មេង​ៗ​ក្នុង​ភូមិ​ បាន​អាន​នឹង​បាន​ជា​ទុន​មួ​យ​ក្នុង​ជីវិត។
 
សព្វ​ថ្ងៃ​បណ្ណាល័យ​ភូមិ​ របស់​កញ្ញា ស៊ីនិត មាន​សៀវ​ភៅ​ប្រមាណ​​២០០​ក្បាល ដែល​មាន​​គណិតវិទ្យា​​ ភាសាអង់​គ្លេស​ ហើយ​ភាគ​ច្រើន​ជាសៀវ​ភៅ​​​រឿង​អប់រំ​ និង​រឿង​និទាន ជា​ភាសា​ខ្មែរ សម្រាប់​កុមារ​។ ​សៀវ​ភៅ​ទាំង​នោះ​ នាង​​ទិញ​ខ្លួន​ឯង​ខ្លះ ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​លោកគ្រូអ្នក​គ្រូផ្សេង​ទៀត​ខ្លះ ពី​មិត្តខ្លះ​ ពី​បណ្ណាល័យ​បញ្ញាវន្ត និង​បណ្ណាល័យ​សំរាម​ខ្លះ​។
 
ស៊ីនិត ថា​បណ្ណាល័យ​មាន​សារ​​សំខាន់​ខ្លាំង ដោយ​អាច​ផ្លាស់​ប្ដូរ​ជីវិតបាន​ ហើយ​នាង​លើក​ទឹក​ចិត្ត ​ឱ្យ​ភូមិ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ មាន​បណ្ណាល័យ​ប្រចាំ​ភូមិ​ ដោយ​បណ្ណាល័យ​នេះ មិន​រាប់​បញ្ចូល​បណ្ណាល័យ​នៅ​ក្នុង​សាលា ឬ​នៅ​ក្នុង​វត្ត​ឡើយ​៕

Tag:
 អំនាន
  សៀវ​ភៅ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com