ជាតិ
បាក់ឌុប
វីដេអូ
កូនប្រឹងបាននិទ្ទេសA! តែអ្នកស្រី សុភាព ភ័យពេលឃើញកូនរៀនច្រើន​ពេក​
13, Jan 2024 , 9:59 am        
រូបភាព
ភ្នំពេញ៖ អ្នកស្រី សារី សុភាព គឺជាម្តាយមួយរូប ក្នុងចំណោមអាណាព្យាបាលសិស្សនិទ្ទេសA ជិត ២ពាន់នាក់ផ្សេងទៀត។ ជាមោទកភាព ព្រោះមានកូនប្រុសឈ្មោះ គុណ សុសក្ករ៉ា ​ទទួលបាននិទ្ទេសA ជូនគ្រួសារ។ ប៉ុន្តែនៅពីក្រោយភាពជោគជ័យរបស់កូនទោលរូបនេះ អ្នកស្រី សុភាព មានការបារម្ភជាខ្លាំង ព្រោះកូនប្រឹងរៀនទាំងយប់ថ្ងៃ ឥតមានពេលសម្រាក។ អ្នកស្រី លើកឡើងថា កូនរៀនច្រើនពេកឡើងភ័យ ចង់ឱ្យកូនដើរលេងខ្លះ ព្រោះខួរក្បាលកូនទ្រាំទ្រអត់រួច។



សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 
 

នាពិធីសំណេះសំណាល ជាមួយសិស្សនិទ្ទេសA នៅមជ្ឈមណ្ឌលOCIC យុវជន គុណ សុសក្ករ៉ា រួមទាំងគ្រួសារ ក៏មានវត្តមានផងដែរ។ ស្រ្តី​វ័យ​ជាង ៤០ឆ្នាំរូបនេះ បាន​ធ្វើដំណើរពីខេត្តតាកែវ​ ដើម្បីអបអរកូនទទួលរង្វាន់ពី​នាយករដ្ឋមន្រ្តី​។ 
 
កំពុងអង្គុយរង់​ចាំកូន និងសា្វមី នៅខាងក្រៅពិធី អ្នកស្រី សុភាព បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានThmey Thmey 25 ថា លទ្ធផលនិទ្ទេសA ដែលកូនប្រុសទទួលបាននេះ គឺមិនខកបំណងនោះឡើយ ព្រោះ សុសក្ករ៉ា មានការប្រឹងប្រែងជាខ្លាំង រហូតធ្វើឱ្យម្តាយ ភ័យបារម្ភនឹងការសិក្សារបស់កូន។
 
«គាត់រៀនពេក ដល់យើងខ្លាចថាខួរក្បាលគាត់ទ្រាំទ្រអត់បាន ព្រោះយប់ឡើងឡគាត់រៀនរហូតដេកលើតុហ្នឹង។ ខ្ញុំតែងលួចមកមើលកូនរហូត។» អ្នកស្រី សារី សុភាព ពោលដូច្នេះ។
 
បន្ទាប់ពីដឹងលទ្ធផលបាក់ឌុបរបស់កូន ទឹកភ្នែកម្តាយក៏បានស្រក់ ព្រោះអររំភើប ក្រោយកូនប្រុសប្រឡងយកនិទ្ទេសជាទីគាប់ចិត្ត។ អ្នកស្រី បន្តថា កូនប្រុសខ្លូន សង្វាតរៀនតាំងពីកុមារភាពមកម្ល៉េះ ហើយទទួលចំណាត់ថ្នាក់ល្អរាល់ខែ។ជា មួយគ្នានេះ អ្នកស្រី សារី សុភាព ក៏បានជំរុញឱ្យឪពុកម្តាយ លើកទឹកចិត្តកូនៗ ដើម្បីបាននិទ្ទេសល្អ ដូចកូនខ្លួនដូច្នេះដែរ៕
 

Tag:
 ThmeyThmey
 សិស្សនិទ្ទេសA
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com