ជាតិ
ការប្រកួតពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៤ ចាប់បើកហើយ
14, Jan 2024 , 7:59 am        
រូបភាព
 
ភ្នំពេញ៖ ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធ ប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង “ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី” ឆ្នាំ២០២៤ ដោយចាប់ផ្ដើមទទួលស្នាដៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

មិនខុសពីឆ្នាំមុនៗឡើយ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ធ្វើឡើងក្រោមប្រធានបទ “សេរី” ដោយផ្ទៃរឿងទាំងមូល ត្រូវមានលក្ខណៈសមស្រប។ អ្នកនិពន្ធត្រូវប្រកាន់យកខ្លឹម៣ ដាក់ក្នុងសាច់រឿងរបស់ខ្លួន។ ទី១គឺអត្ថន័យ ដែលមាន៣ចំណុចតូចៗបន្ថែមទៀត គឺសច្ចធម៌ សីលធម៌ និងគុណធម៌។ ទី២ អត្ថរូប ក៏ត្រូវមាន៣ចំណុចទៀតដូចគ្នា គឺវិធីតែង រចនាបទ និងសីល្ប៍សោភ័ណ។ និងទី៣ អត្ថរស ដែលមាន៣ចំណុចតូចៗដែរ គឺបង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។
 
អត្ថបទរឿង និងកំណាព្យ ត្រូវសរសេរលើខ្នាតក្រដាស A4 ចាប់ពី១៥-៣០ទំព័រ។ អក្សរត្រូវវាយដោយកំព្យូទ័រ Font យូនីកូត Khmer OS Simreap ទំហំ១២។ អក្ខរាវិរុទ្ធ យកតាមវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងសេចក្ដីសម្រេចរបស់ ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
 
ជយលាភីលេខ១-៣ ប្រលោមលោក៣រូប និងកំណាព្យរឿង៣រូប ទទួលបានពានរង្វាន់១ អមដោយទឹកប្រាក់។ រង្វាន់កិត្តិយសលេខ៤-៥ ប្រលោមលោក២រូប និងកំណាព្យរឿង២រូប ទទួលបានបណ្ណសរសើរ១ អមដោយទឹកប្រាក់។
 
សូមបញ្ជាក់ថា ឆ្នាំ២០២៤ គឺជាឆ្នាំទី២៤ នៃការប្រឡងស្នាដៃ តែងនិពន្ធប្រលោមលោក និងកំណាព្យរឿង ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពានព្រះនាងឥន្ទ្រទេវី គឺជាពានរង្វាន់មួយ ដែលមានវ័យចំណាស់ជាងគេ គឺចាប់បដិសន្ធិឡើង តាំងពីឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ហើយមានវត្តមានរហូតមកដល់ពេលបច្ចុប្បន្ន​។
 
សាធារណជន ដែលចាប់អារម្មណ៍ ក្នុងការតែងនិពន្ធ ហើយមានបំណងចូលរួមប្រឡង សូមបញ្ជូនស្នាដៃតែងនិពន្ធរបស់ខ្លួន ទៅនាយកដ្ឋានសៀវភៅ និងការអាន អគាលេខ៤៤ ផ្លូវសម្ដេចប៉ាន (លេខ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត។ ឬផ្ញើតាម Telegram កញ្ញា ញ៉ឹក​ ថារី ០១២ ៨០១ ១២២។ លោក សំអាត សិលា ០៧៨ ៦៦ ៨៩ ៧៧។ លោក កុក រស់ ០១១ ៨៥ ០០ ៩៤។
 
 
 
 

Tag:
 អក្សរសាស្ត្រ
  អក្សរសិល្ប៍
  តែងនិពន្ធ
  រឿងខ្លី
  កំណាព្យ
  សិល្បៈ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com