ជាតិ
គ្រោះថ្នាក់ចរាចរណ៍ ផ្សាយ ឬមិនផ្សាយពេលសាមីខ្លួនស្នើសុំ? រដ្ឋមន្ត្រីនឹងកោះហៅអ្នកតាំងខ្លួនជាអ្នកកាសែតទៅណែនាំ
14, Jan 2024 , 3:39 pm        
រូបភាព
ភ្នំពេញ៖ វីដេអូនៃហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកន្លែងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែមករា បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកលេងបណ្ដាញសង្គមទៅលើអ្នកសារព័ត៌មានដែលបានបង្កជម្លោះ និងមិនគោរពសិទ្ធឯកជនដល់អ្នកគ្រោះថ្នាក់តាមរយៈការផ្សាយផ្ទាល់ទាំងម្ចាស់សាមីស្នើសុំមិនឱ្យផ្សាយ ។ ជំរុញហេតុការនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានសង្កត់ធ្ងន់ថា​ លោកនឹងកោះហៅអ្នកកាសែតដែលបង្កភាពរញ៉េរញ៉ៃទាំងនោះមកណែនាំ។

ក្នុងវីដេអូរយៈពេលប្រមាណជាង៣នាទី អ្នកសារព័ត៌មានជាច្រើនរូបបានទាស់ពាក្យសម្ដីនឹងគ្នា។  អ្នកខ្លះបានចោទសួរគ្នាថា មកពីស្ថាប័នណា?  និងបានថតវីដេអូគ្នាទៅមក ដែលបានបង្កភាពរញ៉េរញ៉ៃលើសពីករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។ តាមរយៈសកម្មភាពនៃវីដេអូដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គម  បានធ្វើឱ្យមហាជនរិះគន់ដល់វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានជាខ្លាំង។ 
 
ក្នុងករណីនេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាករណីគ្រោះថ្នាក់នេះ ម្ចាស់រថយន្តទាំងពីរបានសម្រួលគ្នា ដោយសមត្ថកិច្ចបានដោះស្រាយរួចរាល់ហើយ។ ប៉ុន្តែ លោក ជួន ណារិន្ទ បានចោទសំណួរទៅមហាជនអំពីភាពរញ៉េរញ៉ៃក្នុងហេតុការណ៍នេះ។ 
 
«ករណីរថយន្ត និងរថយន្តប៉ះគ្នា ម្ចាស់ទាំងពីរព្រមព្រៀងគ្នាប្រគល់ជូនសមត្ថកិច្ចជំនាញយកទៅដោះស្រាយ។ សំខាន់សូមពិចារណាមើលក្នុងរូបភាពនេះឈ្លោះគ្នារឿងអ្វី? » នេះជាការលើកឡើងរបស់ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ 
 
ក្នុងការស្រាយចម្ងល់របស់មហាជន ភ្លាមៗនោះរដ្ឋមន្រ្តីក្រសួងព័ត៌មាន  លោក នេត្រ ភក្រ្តា បានបញ្ចេញមតិក្នុងវីដេអូ ដោយលោកបានអះអាងថា អង្គភាពអ្នកសារព័ត៌មានទាំងនោះគ្មានចុះបញ្ជីស្របច្បាប់ឡើយ ហើយលោកនឹងកោះហៅអ្នកសារព័ត៌មានទាំងនោះមកអប់រំ។ 
 
លោក នេត្រ ភក្រ្តា  បានបញ្ជាក់ដូច្នេះ៖ «អង្គភាពគាត់មិនទាន់បានចុះបញ្ជីស្របច្បាប់នៅឡើយ។ ខ្ញុំបានណែនាំឱ្យមន្រ្តីជំនាញកោះហៅដើម្បីណែនាំលើក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពច្បាប់»៕ 
 
 
 
 
 

Tag:
 អ្នកសារព័ត៌មាន
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com