ជាតិ
ការលេងសើចជាមួយកូននេនតូច មិនមានទោសឡើយក្នុងពុទ្ធវិន័យ?
16, Jan 2024 , 10:11 am        
រូបភាព
ភ្នំពេញ៖ ការលេងសើចទៅលើសាមណេរពីគ្រហស្ថ មិនមានទោសអ្វីឡើយ បើតាមពុទ្ធវិន័យ ដោយព្រះពុទ្ធទ្រង់អនុគ្រោះ សម្រាប់សាមណេរតូចៗ។ នេះបើតាមសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ ។



មួយរយៈចុងក្រោយនេះ សាធារណជន មានការមិនពេញចិត្ត ទៅលើ​អ្នកបង្កើតមាតិកាយូធូបមួយរូប ដែល​បានប្រគេនប្រាក់ដល់កូននេនតូចហើយ ក៏ដកប្រាក់នោះយកមកវិញ ដដែលៗជាច្រើនដង ក្នុងបំណងល្បងចិត្តកូនលោក ជាការលេងសើច។ សាធារណជនយល់ឃើញថា អ្នកបង្កើតមាតិកាយូធូបរូបនោះ មិនគួរលេងសើចជាមួយព្រះសង្ឃតូច បែបនេះឡើយ​ ដែលមើលទៅហាក់ដូចជា មិនមានការគោរពដល់ភេទជាសង្ឃ។
 
ពាក់ព័ន្ធករណីនេះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន បានមានព្រះថេរដីកាថា ការលេងសើចលើសលួសបន្តិចបន្តួចរបស់គ្រហស្ថ ទៅកាន់កូននេនតូចៗ ពុំមានទោសអ្វីឡើយ ដ្បិតអីក្នុងធម៌វិន័យព្រះពុទ្ធសាសនា បានអនុគ្រោះដល់សាមណេរតូចៗ។
 
«មិនសូវអីទេ ទោះបីជំនាន់ព្រះ ក៏ធម៌វិន័យអនុគ្រោះឱ្យសាមណេរតូចៗដែរ។ មែនទែនពីដើម សាមណេរគេទុកឱ្យនៅបម្រើភិក្ខុផង។ អ្នកបួសនៅស្រុកគេ សាមណេរហ្នឹង ស្ត្រីលើកបីលើកពផង គេអនុគ្រោះ នៅជាសាមណេរតូចៗ»។ នេះជាការបញ្ជាក់បន្ថែមរបស់ព្រះអង្គ ឃឹម សន។
 
យ៉ាងណាក៏ដោយ ការលេងសើចជាមួយកូននេនតូចបែបនេះ បានធ្វើឱ្យសាធារណជន មើលឃើញថា អ្នកបង្កើតមាតិការូបនោះ ធ្វើឡើងដើម្បីជាការទាញយកចំណាប់អារម្មណ៍ពីមហាជន ក្នុងបំណងស្វែករការទស្សនាច្រើន។ សាធារណជន យល់ថាអ្នកបង្កើតមាតិកាយូធូបរូបនោះ មានបំណងយកព្រះសង្ឃតូច ទៅធ្វើអាជីវកម្មដើម្បីរកប្រាក់ចំណូលពីយូធូប និងមានបំណងចង់បានលាភនានា នៅពេលមានពុទ្ធបរិស័ទ ប្រគេនទានដល់ព្រះសង្ឃតូច។ សាធារណជនយល់ឃើញបែបនេះ ដោយពួកគេបានមើលឃើញថា អ្នកបង្កើតមាតិកាយូធូបរូបនោះ តែងតែទៅថតសកម្មភាពរបស់ព្រះសង្ឃតូចជារឿយៗ។
 
អ្វីដែលបានលើកឡើងខាងលើ គ្រាន់តែជាការយល់ឃើញ របស់មហាជនប៉ុណ្ណោះ ប៉ុន្តែគេមិនអាចដឹងពីចេតនាចិត្ត របស់បុគ្គលណាម្នាក់ តាមរយៈទង្វើរបស់បុគ្គលនោះ តែម្យ៉ាងបានឡើយ។ ជួនកាលគេធ្វើល្អ ប៉ុន្តែក្នុងបំណងអាក្រក់ក៏មាន។ អ្នកខ្លះទៀត គេធ្វើទង្វើដូចជាមិនល្អទេ ប៉ុន្តែអ្នកនោះ បែរជាមានបំណងល្អទៅវិញ។ រី​ឯអ្នកខ្លះទៀត ធ្វើទង្វើអាក្រក់ ចិត្តក៏អាក្រក់។ ចំណែកឯមនុស្សកម្រ ធ្វើអំពើល្អហើយ ចិត្តគេក៏ល្អផង។ ដូច្នេះគេមិនអាចសន្មត់ថា បុគ្គលណាមួយ មានបំណងអ្វី តាមរយៈការប្រព្រឹត្តចេញមកខាងក្រៅ តែម្យ៉ាងឡើយ។
 
យ៉ាងណា មនុស្សមានសិទ្ធិសន្និដ្ឋាន ទៅតាមការយល់ឃើញរបស់ខ្លួន ។ ប៉ុន្តែការសន្និដ្ឋាននោះ ត្រូវពឹងផ្អែកលើមូលដ្ឋាន ស្រាវជ្រាវ សង្កេតពិនិត្យច្បាស់លាស់ តាមលក្ខណៈវិទ្យាសាស្រ្ត ចៀសវាងការចោទប្រកាន់ខុសណាមួយ។ ម្យ៉ាងទៀត ការចោទប្រកាន់គេ ដោយខ្វះព័ត៌មាន ហើយយោងលើការសន្និដ្ឋាន ក៏អាចឱ្យមនុស្សម្នាក់រងគ្រោះ ឬស្លាប់ផងដែរ។
 
ដូច្នេះអ្នកចោទប្រកាន់គេនោះទៀតសោត ត្រូវតែដេញដោលឱ្យដល់ជម្រៅចិត្តរបស់ខ្លួនឯងផង ថា តើការចោទនោះ កើតចេញពីការច្រណែន ដែលកប់ក្នុងជម្រៅចិត្តរបស់ខ្លួន ឬយ៉ាងណា? ​ខ្ញុំនិយាយនេះ ពុំមែនចោទប្រកាន់ទៅបុគ្គលណាមួយឡើយ ប៉ុន្តែគ្រាន់តែជូនជាគំនិត ដើម្បីពិចារណាប៉ុណ្ណោះ។
 
វិលមកអ្នកបង្កើតមាតិកាយូធូបវិញ ពុំមានអ្នកណាម្នាក់ ដឹងពីចិត្តរបស់គាត់ ជាងខ្លួនរបស់គាត់ផ្ទាល់ឡើយ។ ប្រសិនគាត់បានដឹងថា ខ្លួនធ្វើទៅដោយចិត្តត្រង់ស្មោះហើយ ក៏បន្តធ្វើដោយរីករាយចុះ។ ប៉ុន្តែប្រសិនរកឃើញថា តាមពិតចិត្តរបស់ខ្លួន ពិតជាល្អៀងមែន ហើយមានបំណងថតសកម្មភាពនេនតូចនោះ ដើម្បីតែរកចំណូលតាមយូធូប ឬបណ្ដាញសង្គមនោះ ក៏សូមពិចារណាដោយខ្លួនឯងចុះ ថាគួរបន្តឬបញ្ឈប់​។ ការធ្វើអ្វីមួយ សំខាន់គប្បីនឹងមនសិការខ្លួនឯង គប្បីនឹងប្រយោជន៍រួម និងគប្បីនឹងគុណធម៌ គឺគ្រប់គ្រាន់ហើយ៕ 

Tag:
 សាសនា
  ព្រះពុទ្ធ
  ព្រះសង្ឃ
  ពុទ្ធវិន័យ
  នេន
  សាមណេរ
 
© រក្សាសិទ្ធិដោយ thmeythmey.com