ជាតិ
រឿង “អ៊ំចនម៉ែដោះ” ដាក់សម្ពោធជាផ្លូវការ ក្រោមក្ដីរំពឹងខ្ពស់ពីអ្នកដឹកនាំរឿង
17, Jan 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្នុងកម្មវិធី សម្ពោធភាពយន្តរឿង “អ៊ំចនម៉ែដោះ” លោក ឆាយ បូរ៉ា ដែលជាអ្នកដឹកនាំរឿងផ្ទាល់ មានសុទិដ្ឋិនិយមខ្ពស់ ថាភាពយន្តថ្មីនេះ នឹងមានការគាំទ្រច្រើនពីទស្សនិកជន ដ្បិតអីវាគឺជាចំណីអារម្មណ៍ថ្មី ដែលចូលរួមសម្ដែងពីតារាល្បីៗប្រចាំប្រទេសជាច្រើនរូប។



រឿង “អ៊ំចនម៉ែដោះ” បានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅរោងភាពយន្ត ផ្សារទំនើបអ៊ីអន១ភ្នំពេញ ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។ ភាពយន្តនេះ នឹងដាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តទៅ នៅគ្រប់រោងភាពយន្ត។



“អ៊ំចនម៉ែដោះ” គឺ​ជា​ភាពយន្តបែបកំប្លែង ប៉ុន្តែបង្កប់មនោសញ្ចេតនាជ្រាលជ្រៅ ធ្វើឱ្យអ្នកទស្សនាសើចផង រលីងរលោងទឹកភ្នែកភ្លាមៗផង ទៅតាមឈុតឆាក។ ភាពយន្តនេះ បានជ្រើសរើសតួសម្ដែង និងតួកំប្លែងល្បីៗប្រចាំប្រទេស ដែលមានទេពកោសល្យខ្ពស់ ចូលរួមសម្ដែង។
 
អ្នកដឹកនាំរឿង “ឃ្លាតទៅសែនឆ្ងាយ” លោក ឆាយ បូរ៉ា សង្ឃឹមថាភាពយន្តថ្មីនេះ នឹងទទួលបានជោគជ័យ ខ្លាំងជាងភាពយន្តដែលលោក ធ្លាប់បានផលិតកន្លងទៅ ដោយលោកអះអាងថា វាមានរសជាតិប្លែកពីមុន បូកផ្សំជាមួយតួសម្ដែង សុទ្ធសឹងមានទេពកោសល្យសម្ដែងខ្ពស់។ 
 
«ខ្ញុំជឿថាបានជោគជយជាងរឿងពីមុន ព្រោះកាលមុនយើងចេញក្រោយកូវីដ។ កូវីដបើកខែ៤-៥ កុនយើងចេញខែ១០ ដូច្នេះប្រជាជននៅភ័យនៅឡើយ។ តែពេលនេះចប់កូវីដអស់ហើយ សេដ្ឋកិច្ចក៏គ្រាន់បើ ទស្សនិកជន ចូលទស្សនាក្នុងរោងភាពយន្តក៏ច្រើន ដូច្នេះខ្ញុំគិតថាសង្ឃឹមច្រើន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក បូរ៉ា។



លោក បូរ៉ា ពុំទាន់ប្រាប់បាននៅឡើយទេ ថាទុនផលិតរឿង “អ៊ំចនម៉ែដោះ” ចាយអស់ប៉ុន្មាន ដោយសារលោកពុំទាន់បូកសរុបរួចរាល់។  
 
សូមបញ្ជាក់ថា តាំងពីលោក ឆាយ បូរ៉ា បង្កើតផលិតកម្មដើមត្នោត (Palm Film) នៅឆ្នាំ២០០៨ មក លោកបានផលិតភាពយន្តភាគ ប្រមាណ៥០០ភាគ ដោយក្នុងមួយភាគ មាន៣០នាទី។ ចំណែករឿងដុំ បាន៦រឿង ទាំងសម្រាប់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ខណៈរឿងខ្លីលោកផលិតបាន៧រឿង ផងដែរ៕






 

Tag:
 សិល្បៈ
  ភាពយន្ត
  កុន
 ​
© រក្សាសិទ្ធិដោយ thmeythmey.com