កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍អូឡាំពិក ទទួលផ្សាយស្រាបៀរលើកដំបូងក្នុងប្រវត្តិសាស្រ្ត
17, Jan 2024 , 8:39 am        
រូបភាព
លោក Michel Doukeris ប្រធាន AB InBev (ឆ្វេង) ជល់ដបជាមួយ លោក Thomas Bach ប្រធាន IOC ។ រូបភាព AP.
លោក Michel Doukeris ប្រធាន AB InBev (ឆ្វេង) ជល់ដបជាមួយ លោក Thomas Bach ប្រធាន IOC ។ រូបភាព AP.
ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកអូឡាំពិក ដែលរៀបចំនៅក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ទទួលផ្សាយពាណិជ្ជកម្មស្រាបៀរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអូឡាំពិក។



ក្រុមហ៊ុនផលិតស្រាបៀរ Anheuser-Busch InBev បានក្លាយជាអ្នកឧបត្ថម្ភស្រាបៀរលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ចំនួន៣លើកបន្តបន្ទាប់ ជាមួយនឹងយីហោស្រាដែលគ្មានជាតិអាល់កុល។ នេះបើតាមការផ្សាយរបស់កាសែត CNN។
 
ការឧបត្ថម្ភផ្សាយពាណិជ្ជកម្មស្រាបៀររបស់ AB InBev ត្រូវបានប្រកាសកាលពីចុងសប្តាហ៍មុន ដោយស្រាបៀរឈ្មោះ Corona Cero ដែលគ្មានជាតិអាល់កុលនឹងបង្ហាញខ្លួនជាសកលនៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីស។ ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីនៅបែលសហ្ស៊ិកអះអាងជុំវិញការផ្សាយនេះថា៖ «ក្រុមហ៊ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងរៀបចំការចែកចាយ និងទទួលទានប្រកបដោយទំនួលខុសត្រូវទៅកាន់អ្នកគាំទ្រអូឡាំពិករាប់លាននៅជុំវិញពិភពលោក ជាពិសេសអំឡុងពេលប្រារព្ធពិធីប្រកួត»។
 
មិនបានបង្ហាញពីទំហំតម្លៃនៃការឧបត្ថម្ភនោះទេ ប៉ុន្តែកិច្ចព្រមព្រៀងផ្សាយស្រាបៀរ Corona Cero នឹងគ្របដណ្តប់ការប្រកួតកីឡារដូវក្តៅនៅទីក្រុងប៉ារីសឆ្នាំ២០២៤ អូឡាំពិករដូវរងា ក្រុង Milan ឆ្នាំ ២០២៦ និងអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ នៅឡូសអេនជឺលេស សហរដ្ឋអាម៉េរិក។
 
អូឡាំពិកមិនដែលមានការឧបត្ថម្ភស្រាបៀរជាសាកលនោះទេ ប៉ុន្តែលោក Michel Doukeris នាយកប្រតិបត្តិ AB InBev អះអាងថា ស្រាបៀរ និងកីឡាមានភាពល្អប្រសើរជាមួយគ្នា ដូច្នេះលោករីករាយក្នុងការក្លាយជាអ្នកឧបត្ថម្ភស្រាបៀរដំបូងគេនៅកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោក។
 
ការ​លក់​ស្រាបៀរ​គ្មាន​ជាតិ​អាល់កុល​ជា​សាកល​ បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ខណៈ​​អ្នក​ផឹក​ទទួល​បាន​កម្រិត​មធ្យម​នៃ​ជាតិ​ស្រវឹង។ IWSR Drinks Market Analysis ដែលជាក្រុមហ៊ុនតាមដានការលក់គ្រឿងស្រវឹងសកល វាយតម្លៃថា ការលក់ស្រាបៀរដែលមានជាតិស្រវឹងទាប ត្រូវបានគេរំពឹងថានឹងកើនឡើង ៣១ភាគរយ នៅឆ្នាំ ២០២៤នេះ ពោលនៅក្នុងទីផ្សារធំៗចំនួន១០ ដែលរួមទាំងនៅអេស្ប៉ាញ អាល្លឺម៉ង់ និងទីផ្សារអាម៉េរិក។
 
IOC យល់ព្រមជ្រើសរើសការផ្សព្វផ្សាយជាមួយ Corona ដោយសារនេះជាម៉ាកយីហោស្រាបៀរ ដែលគេស្គាល់ស្ទើរពេញសកលទៅហើយ។ លោក Doukeris បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតដូច្នេះ៕

Tag:
 អូឡាំពិក
  ផ្សាយស្រាបៀរ
© រក្សាសិទ្ធិដោយ thmeythmey.com