អន្តរជាតិ
ហ្លួងព្រះបាង ប្រឈមនឹងត្រូវដកចេញបញ្ជីបេតិកភណ្ឌយូណេស្កូដូចក្រុងDresden និងក្រុងLiverpool
17, Jan 2024 , 9:00 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ស្ថិតនៅចន្លោះទន្លេមេគង្គ និងទន្លេ Nam Khan ក្រុងហ្លួងព្រះបាង ដែលស្ថិតនៅភាគខាងជើងឡាវ អាចប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ ដូចក្រុងDresden និងក្រុងLiverpool ដែរ ដោយសារកំណើនភ្ញៀវទេសចរខ្លាំង, គម្រោងវារីអគ្គិសនី និងការអភិវឌ្ឍ ជាដើម។

 
ក្នុងរបាយការណ៍នៅពេលថ្មីៗនេះ អង្គការយូណេស្កូ បានបង្ហាញពីក្តីបារម្ភមួយចំនួនលើក្រុងហ្លួងព្រះបាង ដែលអាចឈានទៅដល់ការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ប្រសិនបើមិនមានវិធានការដោះស្រាយ។ កន្លងមក ក្រុង Dresden របស់អាល្លឺម៉ង់ និងក្រុង Liverpool របស់អង់គ្លេស ក៏ត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូដែរ។ 
 
របាយការណ៍ដដែលនោះ បានបញ្ជាក់ពីគម្រោងសាងសង់​វារីអគ្គិសនី​ប្រវែង ២៥គីឡូម៉ែត្រ។ វារីអគ្គិសនីមួយនេះ ជាការអភិវឌ្ឍរួមគ្នារបស់ឡាវ និងថៃ និងជាវារីអគ្គិសនីទីពីរនៅហ្លួងព្រះបាង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៤ ខែមករា។​ 
 
ទាក់ទិននឹងបញ្ហានេះ លោក Minja Yang អតីតនាយករងនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានជំរុញឱ្យមានការសិក្សាច្បាស់លាស់លើផលប៉ះពាល់ទីតាំងបេតិកភណ្ឌ ដែលមានតម្លៃជាសកល។ ត្រង់ចំណុចនេះ លោក Yang បារម្ភថា វារីអគ្គិសនី អាចធ្វើឱ្យក្រុងហ្លួងព្រះបាងក្លាយជាបឹងមួយកន្លែង។ 
 
«ប្រសិនបើវារីអគ្គិសនីសាងសង់ពិតមែន ខ្ញុំជឿថាហ្លួងព្រះបាង គួរតែត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌ»។ លោក Yang បានព្រមានបែបនេះ ដោយបន្តចាត់ទុកវារីអគ្គិសនី ជាហេតុផលដ៏សំខាន់របស់ក្រុងហ្លួងព្រះបាង ក្នុងការបន្តស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia មន្រ្តីរដ្ឋាភិបាលថ្នាក់តំបន់ បានបង្ហាញពីក្តីបារម្ភ ដែលក្រុងហ្លួងព្រះបាង អាចត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌអង្គការយូណេស្កូ។ ត្រង់ចំណុចនេះ មន្រ្តីរដ្ឋាភិបាល បានអះអាងថា អង្គការយូណេស្កូ បានដាក់វិធានឱ្យគោរព ប៉ុន្តែពេលនេះ មនុស្សមួយចំនួននៅក្នុងក្រុង បានធ្វើផ្ទុយពីវិធាននោះ។ 
 
ហ្លួងព្រះបាង ជាក្រុងដ៏ចំណាស់មួយ និងត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ១៩៩៥។ ក្នុងពេលបច្ចុប្បន្នអគារចំនួនលើសពី ៦០០ខ្នង និងដីសើមចំនួន ១៨៣ ត្រូវបានការពារក្រោមកិច្ចព្រមព្រៀងអង្គការយូណេស្កូ។ ត្រឹមរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ២០២៣ ហ្លួងព្រះបាងអាចទាក់ទាញភ្ញៀវទេសចរ បានចំនួនប្រមាណ ៨០ម៉ឺននាក់។ 
 
ដោយសារកំណើនភ្ញៀវទេសចរផង ក្នុងរយៈពេលចុងក្រោយ តម្លៃអចលនវត្ថុ នៅហ្លួងព្រះបាង បានកើនឡើងយ៉ាងខ្លាំង ដែលជំរុញឱ្យអ្នករស់នៅក្នុងទីក្រុងត្រូវលក់ផ្ទះ ឬជួលឱ្យជនបរទេស។ ជុំវិញបញ្ហានេះ វាមានការអំពាវនាវឱ្យមានការផ្លាស់ប្តូរតិចតួចពាក់ព័ន្ធនឹងអចលនទ្រព្យនៅតំបន់ហ្លួងព្រះបាង ខណៈការអភិវឌ្ឍថ្មី ត្រូវតែទទួលបានការយល់ព្រមពីការិយាល័យបេតិកភណ្ឌពិភពលោកថ្នាក់តំបន់។ 
 
បន្ថែមពីនេះ ប្រជាជននៅក្នុងក្រុងហ្លួងព្រះបាង ក៏បានបង្ហាញពីក្តីបារម្ភជុំវិញការវិនិយោគ និងការទិញអចលវត្ថុពីចិននៅក្នុងតំបន់ជាដើម៕ 

Tag:
 ឡាវ
  យូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com