សង្គមអន្តរជាតិ​
អន្តរជាតិ
WHO ៖ ការប្រើប្រាស់ថ្នាំជក់សកលធ្លាក់ចុះ ទោះបីមានការបញ្ចុះបញ្ចូលពីក្រុមហ៊ុនធំៗ
17, Jan 2024 , 10:59 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី១៦ ខែមករា បានប្រកាសថា ការប្រើប្រាស់ ថ្នាំជក់ជាសកលបានធ្លាក់ចុះក្នុងមួយជំនាន់ ដោយនៅឆ្នាំ ២០២២មានមនុស្សម្នាក់ ក្នុងចំណោម៥នាក់បានជក់បារី​ ធៀបនឹងមនុស្សម្នាក់ ក្នុងចំណោម៣នាក់ កាលពីឆ្នាំ ២០០០។

 
ការប្រើប្រាស់ថ្នាំជក់មានសន្ទុះថយចុះខ្លាំង បើទោះបីជា WHO សម្គាល់ថា ក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មថ្នាំជក់ខិតខំស្វែងរកឥទ្ធិពលលើគោលនយោបាយសុខភាពពិភពលោក ដើម្បីការពារអត្ថប្រយោជន៍របស់ខ្លួន។ 
 
«វឌ្ឍនភាពល្អត្រូវបានធ្វើឡើងក្នុងការគ្រប់គ្រងថ្នាំជក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែមិនមានពេលវេលាសម្រាប់ការកោតសរសើរនោះឡើយ»។ ប្រធាននាយកដ្ឋានលើកកម្ពស់សុខភាពរបស់ WHO លោកវេជ្ជបណ្ឌិត Ruediger Krech លើកឡើងបែបនេះ រួចបន្តថា លោក​ភ្ញាក់​ផ្អើល​ចំពោះការខំប្រឹងរបស់​ឧស្សាហកម្ម​ថ្នាំ​ជក់ក្នុងការបន្តស្វែង​រក​ប្រាក់​ចំណេញ ​ខណៈបង្កផលប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន។
 
របាយការណ៍សកលបង្ហាញថាមនុស្ស ១,២៥ ពាន់លាននាក់ ដែលមានអាយុ ១៥ ឆ្នាំ ឬលើសពីនេះ បានប្រើប្រាស់ថ្នាំជក់ក្នុងឆ្នាំ ២០២២ ធៀបនឹង​ ១,៣៦ ពាន់លានក្នុងឆ្នាំ ២០០០។ ការសិក្សាបង្ហាញ​ដែរថា ការប្រើប្រាស់ថ្នាំជក់នឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០៣០ ដល់ ប្រហែល ១,២ ពាន់លាននាក់ ទោះបីជាចំនួនប្រជាជនពិភពលោក កើនឡើងក៏ដោយ។

បើតាមរបាយការណ៍ WHO តំបន់ដែលមានអ្នកជក់បារីច្រើនជាងគេ គឺអាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដែលមានចំនួនប្រហែលមួយភាគបួន នៃចំនួនប្រជាជនសកលសរុប។ នៅក្នុងប្រទេសមួយចំនួន ការប្រើប្រាស់ថ្នាំជក់នៅតែកើនឡើង រួមទាំងនៅអេហ្ស៊ីប ហ្ស៊កដានី និងឥណ្ឌូណេស៊ី។
 
គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះបោះពុម្ពផ្សាយរៀងរាល់ពីរឆ្នាំម្តង ដែលបានផ្តល់ទិន្នន័យបឋមមួយចំនួន ស្តីពីអត្រានៃការជក់បារី ដែលWHO កំពុងជំរុញឱ្យរដ្ឋាភិបាលអនុវត្ត វិធានការគ្រប់គ្រង។ តាមការសិក្សាដដែល​ អ្នកប្រើប្រាស់ពេញវ័យនៃផលិតផលថ្នាំជក់គ្មានផ្សែងនៅទូទាំងពិភពលោក មានយ៉ាង តិច ៣៦២ ​​លាននាក់ ប៉ុន្តែបាន WHO ទទួលស្គាល់ ថា នេះអាចជាការប៉ាន់ស្មានដែលមិនជ្រុងជ្រោយ ខណៈមិនមានទិន្នន័យគ្រប់គ្រាន់៕
 

Tag:
 WHO
  ​ថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com