អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនព្រមានហ្វីលីពីនកុំឱ្យលេងជាមួយភ្លើង ក្រោយអបអរប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់
17, Jan 2024 , 11:59 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ។ រូបភាព ៖ AFP
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ។ រូបភាព ៖ AFP
បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថ្លែងអបអរសាទរប្រធានា ធិបតីតៃវ៉ាន់ជាប់ឆ្នោតលោក Lai Ching-te ទីក្រុងប៉េកាំង បានកោះហៅអគ្គរដ្ឋទូតហ្វីលីពីន​ដោយព្រមានប្រទេសមួយនេះកុំឱ្យលេងជាមួយភ្លើង និងស្នើឱ្យមេដឹកនាំហ្វីលីពីនអានសៀវភៅឲ្យបានច្រើនពីបញ្ហាចិន។

 
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិនមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាតចំពោះការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីនលោក Marcos កាលពីថ្ងៃទី១៥ ខែមករាសម្រាប់ជ័យជម្នះលោក Lai ក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់។
 
«សុន្ទរកថាពាក់ព័ន្ធរបស់ប្រធានាធិបតី Marcos ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និង...ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើការប្តេជ្ញាចិត្តនយោបាយដែលធ្វើឡើង ដោយហ្វីលីពីនចំពោះភាគីចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន» ។ លោកស្រី Mao មានប្រសាសន៍បែបនេះរួចបន្តថា ចិនចាត់ការតវ៉ាយ៉ាងខ្លាំងជាមួយហ្វីលីពីន ហើយបានកោះហៅអគ្គរដ្ឋទូតដើម្បីផ្តល់ការពន្យល់ប្រកបដោយការទទួលខុសត្រូវ។
 
បន្ថែមពីនេះ​ លោកស្រី Mao សង្កត់ធ្ងន់ថា ចិនស្នើឱ្យលោកប្រធានាធិបតី Marcos អានសៀវភៅបន្ថែមទៀតដើម្បីយល់ឱ្យបានច្បាស់ពីបញ្ហាខាងក្នុង និងខាងក្រៅនៃបញ្ហាតៃវ៉ាន់ ដើម្បីសន្និដ្ឋានឱ្យត្រឹមត្រូវ។
 
ទាក់ទងនឹងរឿងនេះ ក្រសួងការបរទេសហ្វីលីពីននៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែល បានអះអាងសារជាថ្មីអំពីការគាំទ្រគោលនយោបាយចិនតែមួយ ហើយបាននិយាយថា សាររបស់លោក Marcos មានបំណងទទួលស្គាល់​ផលប្រយោជន៍រួមរបស់ ហ្វី​លីពីន និងតៃវ៉ាន់ រួមទាំងពលរ​ដ្ឋហ្វីលីពីនដែលធ្វើការនៅបរទេស ជាពិសេសនៅកោះតៃវ៉ាន់ចំនួន២០ម៉ឺននាក់។
 
ក្រុងម៉ានីលសម្គាល់ផងដែរថា សារប្រធានាធិបតីខាងលើគឺជាវិធីរបស់លោកក្នុងការអរគុណ តៃវ៉ាន់សម្រាប់ការធ្វើជាម្ចាស់ផ្ទះ OFWs និងរក្សាដំណើរការប្រជាធិបតេយ្យប្រកបដោយជោគជ័យ។
 
ការខឹងសម្បាររបស់ទីក្រុងប៉េកាំងចំពោះការលើកឡើងនេះ គឺជាភាពតានតឹងចុងក្រោយបង្អស់នៃការប៉ះទង្គិចគ្នារវាងហ្វីលីពីន និងចិន ដែលកើតឡើង ខណៈដែលទីក្រុងម៉ានីលពង្រឹងទំនាក់ ទំនងជាមួយអតីតមេដឹកនាំអាណានិគមអាម៉េរិករួមទាំងការពង្រីកកិច្ចព្រមព្រៀងស្តីពីការប្រើ ប្រាស់មូលដ្ឋានយោធារបស់ទីក្រុងវ៉ាស៊ីនតោន៕

Tag:
 ហ្វីលីពីន
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com