កីឡាអន្តរជាតិ
អន្តរជាតិ
Son ប្រជែងឈ្នះ Ronaldo ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ ​​លើក​ទី​៩ ​ក្នុង​អាជីព
17, Jan 2024 , 2:39 pm        
រូបភាព
Son Heung-min ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Tottenham Hotspur ប្រជែងឈ្នះមិត្តរួមជាតិកូរ៉េខាងត្បូង Kim Min-jae និង Cristiano Ronaldo ដើម្បីក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាស៊ី Best Footballer in Asia ជាលើកទី៩ នៅឆ្នាំ​២០២៣ និង​ជាការ​ឈ្នះ​៧លើកជាប់ៗគ្នា​ក្នុង​អាជីព​​។​



Son ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្រុម Spurs​ នៃលីគកំពូលអង់គ្លេស ទទួលបានសំឡេងគាំទ្រសរុប ២៣១សំឡេង នាំមុខ Kim Min-jae ខ្សែការពារ Bayern Munich ដែលមាន១៩៧សំឡេង និង Ronaldo ខ្សែប្រយុទ្ធ Al Nassr ដែលទទួលបាន១៧២សំឡេង។ លោក អ៊ឹង ចំរើន នាយកប្រតិបត្តិ​សារព័ត៌មាន​ថ្មីៗស្ថិតក្នុងចំណោមអ្នកកាសែត អ្នកវិភាគ និងអ្នកជំនាញកីឡាបាល់ទាត់ពី ៤២ប្រទេសក្នុងតំបន់អាស៊ី ដែលបានផ្តល់សំឡេងឆ្នោតសម្រាប់តំណែងកីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ីនេះ។
 
Best Footballer in Asia រៀបចំ​ដោយ Titan Sports ចាប់តាំងពី​ឆ្នាំ​២០១៣ ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ពាន Ballon d’Or ដែរ​។ រយៈពេល​១១ឆ្នាំ​មកនេះ គេ​បាន​រកឃើញ​អ្នកឈ្នះ​តែ​៣​រូប​បុ​ណ្ណោះ ក្នុងនោះ​អតីត​កីឡាករ​ជប៉ុន និងជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda ទទួលបាន​លើកដំបូង​នៅ​ឆ្នាំ ២០១៣ និងអតីត​ខ្សែប្រយុទ្ធ​ជប៉ុន Shinji Okazaki ឈ្នះនៅឆ្នាំ២០១៦។ ក្រៅពីនោះ ៩​លើក​ធ្លាក់​ទៅក្នុង​ដៃ Son ទាំងអស់ ពោលគឺ​ក្នុង​ឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩, ២០២០, ២០២១, ២០២២ និង ២០២៣នេះ​។
  


Son Heung-min ទទួលបានសំឡេងគាំទ្រលើសលុប តាម​រយៈ​ភាពលេចធ្លោរបស់គេ ​១២​ខែ​ចុង​ក្រោយ​ ក្នុងនោះប្រធានក្រុមកូរ៉េខាងត្បូង រកបានគ្រាប់បាល់ ២៧គ្រាប់ឱ្យក្លិបមាន់ខ្នាយមាស បើទោះក្រុមមិនទទួលបានកៅអីក្របខណ្ឌអឺរ៉ុបក៏ដោយ។ នៅ Premier League ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ នៅតែជួយក្រុមបន្តការប្រកួតប្រជែង បើទោះបាត់បង់ដៃគូ Harry Kane ដែលផ្លាស់ទៅ Bayern Munich រដូវកាលនេះ៕
 
បច្ចុប្បន្ន Son កំពុងមានវត្តមានក្នុងកាតព្វកិច្ចអន្តរជាតិ ក្នុងព្រឹត្តិការណ៍ AFC Asia Cup ដោយរូបគេបានរួមចំណែកជួយកូរ៉េខាងត្បូងឈ្នះបារ៉ែន ៣-១ ក្នុងជំនួបបើកឆាកពូល E មុន បន្តទៅជួបហ្សកដានី និងម៉ាឡេស៊ី៕
 

Tag:
 Son Heung-min
  Best Footballer in Asia
© រក្សាសិទ្ធិដោយ thmeythmey.com