កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ផ្ញើសារទាំងសោកស្តាយលាអ្នកគាំទ្រ​ Roma ក្រោយអស់តំណែងអ្នកចាត់ការ
17, Jan 2024 , 4:29 pm        
រូបភាព
លោក Jose Mourinho ផ្ញើសារជាមួយនឹងអារម្មណ៍សោកស្តាយទៅកាន់អ្នកគាំទ្រក្រុម AS Roma បន្ទាប់ពីខ្លួនត្រូវបានក្លិបស្ថិតនៅក្នុងក្របខណ្ឌ Serie A បញ្ចប់តំណែងអ្នកចាត់ការទូទៅ នៅថ្ងៃទី១៦ ខែមករា។



អ្នកចាត់ការរហស្សនាម Special One វ័យ ៦០ឆ្នាំ ត្រូវបណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំ Roma មិនបានល្អ ដោយស្ថិតនៅចំណាត់ថ្នាក់លេខ៩ ជាមួយជ័យជម្នះត្រឹមតែ១ប្រកួត ចំណោម ៥ប្រកួតចុងក្រោយ។ មិនតែប៉ុណ្ណោះ Roma ព្រមទាំងធ្លាក់ចេញពីពានរង្វាន់ Coppa Italia ក្រោមថ្វីជើងក្រុមស្ថិតក្នុងទីក្រុងតែមួយ Lazio កាលពីសប្តាហ៍មុន។ Daniele de Rossi នឹងត្រូវជំនួស លោក Mourinho រហូតបញ្ចប់រដូវកាល ២០២៣​-២៤។
 
ក្រោយបញ្ចប់តំណែង បុរសសញ្ជាតិព័រទុយហ្កាល់ បង្ហោះសារនៅលើបណ្តាញសង្គម Instagram ទៅកាន់អ្នកគាំទ្រក្រុម Roma ទាំងភាពសោកស្តាយ។
 
«ភាពផ្អែមល្ហែម, ទឹកភ្នែក, ក្តីរីករាយ, ទុក្ខសោក, ជាបងប្អូន, ប្រវត្តិសាស្ត្រ, ទាំងបេះដូង និងក្តីស្រលាញ់ដែលពិតប្រាកដនៅ Roma ខ្ញុំលាហើយ។»។ លោក Mourinho អតីតអ្នកចាត់ការ Real Madrid, Manchester United, Chelsea, Spurs និង Inter Milan លើកឡើងបែបនេះនៅលើ Instagram។
 
កាន់កាប់ក្រុម Roma តាំងពីខែឧសភា ឆ្នាំ ២០២១ អ្នកចាត់ការវ័យ ៦០ឆ្នាំ ដឹកនាំក្រុមឈ្នះពានអឺរ៉ុប Europa Conference League លើកដំបូងក្នុងប្រវតិ្តសាស្រ្ត រដូវកាល ២០២១-២២ និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០២២-២៣ តែបានត្រឹមលេខ​ ២។ ការបណ្តេញចេញកើតឡើងក្រោយពេលដែលក្រុមចាញ់ការប្រកួតក្រមថ្វីជើង ​AC Milan លទ្ធផល ៣-១។
 
ក្រោយបណ្តេញចេញភ្លាមៗ មូលហេតុចម្បងត្រូវបានសារព័ត៌មានជាច្រើនក្នុងប្រទេសអ៊ីតាលី ថាកើតចេញពីការរិះគន់របស់ក្រុមអ្នកគាំទ្រចំពោះលោក ព្រោះតែការដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អនារយៈកាលចុងក្រោយ៕

Tag:
 Jose Mourinho
  AS Roma
© រក្សាសិទ្ធិដោយ thmeythmey.com