កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona របូតពាន! Xavi និងកូនក្រុម មិនចុះសម្រុងគ្នា
17, Jan 2024 , 5:49 pm        
រូបភាព
Barcelona របូតពានរង្វាន់ Spanish Super Cup ក្រោយចាញ់ Real Madrid ៤-១ បានបង្កើតបញ្ហាមួយចំនួនក្នុងក្រុម។ កីឡាករក្រុមរហស្សនាមអ្នកមានបុណ្យ ប៉ះទង្គិតជាមួយអ្នកចាត់ការលោក Xavi Hernandes អំឡុងពេលសម្រាកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។



តាមការផ្សយរបស់ទូរទស្សន៍ ESPN កីឡាករមួយចំនួនបង្ហាញភាពមិនពេញចិត្តជាមួយនឹងអ្នកចាត់ការក្រុម ខណៈពួកគេបានចោទសួរពីទម្រង់លេង និងការសម្រេចចិត្តរៀបចំគ្រោងការប្រកួត។ លើសពីនេះក្រុមកីឡាករត្រូវបានរាយការណ៍ថាទទួលបានអារម្មណ៍ជួបផលលំបាកពីសំណាក់លោក Xavi ទោះជាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ គិតថាក្រុមកីឡាករនៅតែគាំទ្រលើខ្លួន។
 
កីឡាករប្រមាណ ៦ ឬ ៧ នាក់ តែងតែចោទសួរបកត្រឡប់មកកាន់លោក Xavi ពេលដែលគាត់បានស្តីបន្ទោសទៅកាន់ពួកគេថាមិនព្រមចាប់យកទម្រង់លេងរបស់ក្រុម Barca ដែលបានផ្តល់ឱ្យ។
 
បញ្ហាមិនមែនទើបតែកើតមាននៅទេ រឿងរ៉ាវចាប់តាំងពីការប្រកួតទល់នឹងក្រុម Almeria កាលពីខែធ្នូ ឆ្នាំ ២០២២ ហើយក្លិបយកឈ្នះទាំងលទ្ធផលលំបាក ៣-២។ លោក Xavi រិះគន់កីឡាករចំៗ ដែលធ្វើមិនបានល្អនៅពាក់កណ្តាលវគ្គទីមួយនៃការប្រកួត។
 
​ទោះចាញ់ ​Real Madrid ៤-១ និងមានបញ្ហានៅក្នុងក្រុម លោក Xavi នៅតែទទួលបានការគាំទ្រពីសំណាក់ប្រធានផ្នែកកីឡារបស់ក្រុមលោក Deco និងប្រធានក្លិបលោក Joan Laporta និងនៅតែជឿជាក់លើគុណភាពរបស់អតីតកីឡាករអេស្ប៉ាញរូបនេះ។ ​
 
កាលពីរដូវកាលមុន Barcelona មានទម្រង់លេងល្អខ្លាំងដោយឈ្នះជើងឯក La Liga និង Spanish Super Cup។
 
ពីដើមរដូវកាល Xavi Hernandes បានចុះកិច្ចសន្យាថ្មីបន្ថែមទៀតក្នុងការដឹកនាំក្រុមរហូតដល់ឆ្នាំ ២០២៥ ដែលជាមូលហេតុពិបាកសម្រាប់ក្លិបក្នុងការបណ្តេញអ្នកចាត់ការរូបនេះមុនពេលជិតផុតកិច្ចសន្យា ខណៈក្លិប Barcelona កំពុងបន្តជួបបញ្ហាហិរញ្ញវត្ថុ៕

Tag:
 Xavi Hernandes
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com