RFI
អន្តរជាតិ
បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត ជាសំណុំរឿងធំ​​ក្នុង​​​​វេទិកាសេដ្ឋកិច្ចពិភពលោកក្រុងដាវូស
17, Jan 2024 , 7:39 pm        
រូបភាព
លោក Li Qiang នាយករដ្ឋមន្ត្រីចិន កំពុងថ្លែងសុន្ទរកថា ក្នុងឱកាសវេទិកា​សេដ្ឋកិច្ច​​ពិភពលោក លើកទី​​៥៤ នៅក្រុងដាវូស ប្រទេសស្វីស ថ្ងៃទី១៦មករា២០២៤ REUTERS - DENIS BALIBOUSE
លោក Li Qiang នាយករដ្ឋមន្ត្រីចិន កំពុងថ្លែងសុន្ទរកថា ក្នុងឱកាសវេទិកា​សេដ្ឋកិច្ច​​ពិភពលោក លើកទី​​៥៤ នៅក្រុងដាវូស ប្រទេសស្វីស ថ្ងៃទី១៦មករា២០២៤ REUTERS - DENIS BALIBOUSE
ដោយ៖ ម៉ម ពិសី/ RFI
 
វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែលគេ​​រៀបចំ​ធ្វើជា​រៀងរាល់​ឆ្នាំ នៅទីក្រុងដាវូសប្រទេស​ស្វ៊ីស បានចាប់​ផ្តើមបើក​ទ្វារនៅ​ថ្ងៃ​អង្គារ ទី​១៦មករា។ បញ្ហាជុំវិញ​ការគ្រប់គ្រង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវ​បានគេលើក​យក​មកជជែក​ យ៉ាងសកម្មបំផុត។​ យ៉ាងណាមិញ នៅ​ក្នុង​សុន្ទរកថា របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន នៅពេល​បើកវេទិកា​​នេះ លោក​បាន​អំពាវនាវ ឲ្យ​មានការកំណត់​បន្ទាត់ក្រហម ទៅលើការអភិវឌ្ឍន៍​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត។

 
 
ថ្លែងនៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្រុងដាវូស លោក​ លី ឈាំង នាយករដ្ឋមន្ត្រី​ចិន បាននិយាយផ្តោតតែទៅលើ​បញ្ហាសេដ្ឋកិច្ច ដោយ​មិនបានលើកឡើងអំពីបញ្ហា​តៃវ៉ាន់ឡើយ​។​ លោក​នាយករដ្ឋមន្ត្រីចិន បាន​​​បរិហារអំពី​វិធានការ​​បែប​​រើសអើង​នៅក្នុងវិស័យពាណិជ្ជកម្ម​ និង​ការ​​វិនិយោគទុន​​ ដែលចិនចាត់ទុកថា ជាឧបសគ្គ​រារាំងរំខាន ដល់​ការរីកចម្រើន នៃសន្ទុះសេដ្ឋកិច្ចរបស់​ពិភពលោក​។
 
ទោះលោក លី ឈាំង​ ​មិនបញ្ចេញ​ឈ្មោះ ចោទទៅលើ​ប្រទេសណាមួយឲ្យចំ តែគ្រប់គ្នាបានយល់ច្បាស់ ថាលោក​​នាយករដ្ឋមន្ត្រីចិន ចង់សំដៅ​ទៅ​លើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ វិវាទពាណិជ្ជកម្ម​រវាង​ចិននិងអាមេរិក មាន​ច្រើនសំណុំរឿងណាស់។ ហើយថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្រេចរារាំង​​​ការនាំចេញទៅចិន នូវ​ផលិត​ផល​បន្ទះឈីពស៍ (Chips) ដែលចាំបាច់បំផុតក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។​ ចំណែកសហភាពអឺរ៉ុបវិញ គេបាន​បើក​ការស៊ើបអង្កេត ដោយសង្ស័យថាវិស័យផលិតរថយន្តអគ្គីសនីរបស់ចិន បានទទួលជំនួយថវិកាពីរដ្ឋចិន​ ​។
 
បន្ថែមពីបញ្ហា​សង្គ្រាមពាណិជ្ជកម្ម​នេះ លោក លី ឈាំង បាន​ថ្លែងអំពាវនាវថា ពិភពលោកត្រូវតែមានវិធានច្បាប់គ្រប់គ្រងឲ្យ​បានត្រឹមត្រូវ ទៅលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងរីកចម្រើនខ្លាំង។ លោក​នាយករដ្ឋមន្ត្រីចិនអះអាងថា ចិន​ចង់ចូលរួម​ពង្រឹងការ​ផ្សព្វផ្សាយ ព្រមទាំងការសហការ ជាមួយគ្រប់ភាគី ដើម្បី​កែលម្អយន្តការ នៃការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
 
ទាក់ទិននឹងបញ្ហា បញ្ញាសិប្បនិម្មិតនេះដែរ លោកស្រី Ursula Von der Leyen ប្រធានគណកម្មការអឺរ៉ុប បាន​ប្រកាសថា សហភាពអឺរ៉ុបនឹងត្រូវប្រឹងប្រែង​ឲ្យ​បានទ្វេដង ដើម្បី​កុំឲ្យ​គេឯងវ៉ាដាច់ទៅមុខចោល។ អឺរ៉ុបត្រូវតែធានាការពារ​សមត្ថភាព​ប្រកួតប្រជែង​របស់ខ្លួន​​ នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត ធ្វើយ៉ាងណាឲ្យ​បច្ចេកវិទ្យានេះ ឆ្លើយតបទៅនឹង​​ផល​ប្រយោជន៍រួម​របស់​សង្គម​។​
 
ដោយឡែក លោក Satya Nadella អគ្គនាយក​ក្រុមហ៊ុន Microsoft ដែលមានវត្តមាននៅ​ដាវូសដែរ បាន​អួត​បង្ហាញ​ពី​គម្រោង​សហប្រតិបត្តិការរបស់ខ្លួន មានតម្លៃទឹកប្រាក់​១៣ពាន់​លានដុល្លារ ជាមួយនឹង​ក្រុម​ហ៊ុន OpenAI ដែលជាក្រុមហ៊ុន​កំពុងស្ទុះឡើងខ្លាំង ជាមួយ​នឹង​កម្មវិធី ChatGPT។
 
សូមបញ្ជាក់ដែរថា វេទិកាសេដ្ឋកិច្ច​ពិភពលោក​ក្រុងដាវូសឆ្នាំនេះ លោកវ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន មានវត្តមានចូលរួមដោយ​ផ្ទាល់​ ។ លោកហ្សេឡេនស្គី បានថ្លែងរន្ធាន់ហៅឲ្យ​គ្រប់គ្នា​ត្រូវជួយបន្ត​​អ៊ុយក្រែន​ ដើម្បី​មានលទ្ធភាព​​​ប្រយុទ្ធយកឈ្នះរុស្ស៊ី​ ជាពិសេសនៅក្នុងវិស័យ​ផ្លូវអាកាស។ លោកហ្សេឡេនស្គី បានចាត់ទុក​លោកពូទីន ថាប្រៀបបីដូចជា “សត្វសាហាវ” ដែល​មិនចេះ​ឆ្អែតឆ្អន់​។​ នៅដាវូស ភាគី​អាមេរិកនិងសហភាពអឺរ៉ុប បានធានានិងសន្យា​ទៅកាន់​លោក​ហ្សេឡេស្គីថា ពួកគេនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com