សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទោះមានបញ្ហាប្រឈមច្រើន ចិននៅតែរុញកំណើនសេដ្ឋកិច្ចបាន៥,២ភាគរយក្នុងឆ្នាំ២០២៣
17, Jan 2024 , 8:59 pm        
រូបភាព
ការដើរកម្សាន្តពេលរាត្រីនៅលើដងវិថីមួយកន្លែងក្នុងខេត្ត Hubei ។ រូបភាព ៖ Xinhua
ការដើរកម្សាន្តពេលរាត្រីនៅលើដងវិថីមួយកន្លែងក្នុងខេត្ត Hubei ។ រូបភាព ៖ Xinhua
ទោះបីជាមានបញ្ហាក្នុងវិស័យអចលនទ្រព្យ ការនាំចេញធ្លាក់ចុះ កំណើនបំណុលរដ្ឋាភិបាល ក៏ផលិតក្នុងស្រុកសរុបរបស់ចិននៅតែខ្ពស់ជាង ៥ភាគរយកាលពីឆ្នាំមុន។

 
យោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិជាតិចិននៅថ្ងៃទី១៧ ខែមករា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ បានកើនឡើង ៥,២ភាគរយដែលមានតម្លៃ ១២៦,០៦ទ្រីលានយ័ន (១៧,៥២ទ្រីលានដុល្លារ)។ ល្បឿននេះគឺទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចក្នុងការស្ទង់មតិរបស់ Reuters ដែលមានអត្រា​ ៥,៣ភាគរយ។ 
 
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos (ស្វីស) នាថ្ងៃទី ១៦ ខែមករា នាយករដ្ឋមន្ត្រីចិន លី ឈាំង ក៏បានលើកឡើងដែរថា ចិនអាចនឹងមានកំណើន ៥,២ភាគរយកាលពីឆ្នាំមុន។ សន្ទុះនេះស្របគ្នានឹងការព្យាកររបស់ធនាគារធំៗជាច្រើនក្នុងពិភពលោករួមទាំងក្រុមហ៊ុន Goldman Sachs និង Morgan Stanley។
 
នៅឆ្នាំ២០២២ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើងត្រឹមតែ៣ភាគរយ ដោយសារតែការអនុវត្តនូវគោលនយោបាយគ្រប់គ្រងកូវីដ-១៩។ អត្រា​នេះ​មិន​បាន​ឈាន​ដល់​គោល​ដៅ​ក្នុង​ឆ្នាំ​នោះ​ដែលកំណត់៥,៥ភាគរយ។
 
សម្រាប់ឆ្នាំ២០២៣ ការដកចេញនូវគោលនយោបាយសូន្យកូវីដ-១៩ របស់ទីក្រុងប៉េកាំងកាលពីខែធ្នូ ឆ្នាំ២០២២ បានជួយសេដ្ឋកិច្ចចិនបានមួយកម្រិត។ យ៉ាងណា មកទល់នឹងពេលនេះ ចិននៅតែស្ថិតក្រោមសម្ពាធពីវិបត្តិអចលនទ្រព្យដែលអូសបន្លាយពេលយូរ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្មចុះខ្សោយ ការកើនឡើងបំណុលរបស់រដ្ឋាភិបាលក្នុងស្រុក និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។
 
របាណ៍ការណ៍ខាងលើ ក៏បានគូសបញ្ជាក់ពីតម្លៃផ្ទះថ្មីនៅទីក្រុងចំនួន៧០ ក្នុងប្រទេសនេះបានធ្លាក់ចុះ០,៤៥ភាគរយកាលពីខែធ្នូបើប្រៀបធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០២៣។ តួលេខនេះបានថយចុះខ្លាំងបំផុតចាប់តាំងពីដើមឆ្នាំ២០១៥។ 
 
ទន្ទឹមនេះ ការវិនិយោគលើទ្រព្យសកម្មក្នុងឆ្នាំ២០២៣ កើនឡើង ៣ភាគរយដែលខ្ពស់ជាងការព្យាករ។ យ៉ាងណា ការវិនិយោគលើអចលនទ្រព្យបានថយចុះ ៩,៦ភាគរយ។ ការលក់អចលនទ្រព្យបើផ្អែកលើទំហំផ្ទៃដីបានធ្លាក់ចុះ ៨,៥ភាគរយនៅឆ្នាំ២០២៣។ ផ្ទុយទៅវិញ ការលក់រាយបានកើនឡើងជិត ២៨ភាគរយ៕ 

Tag:
 សេដ្ឋកិច្ច
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com