RFI
អន្តរជាតិ
កោះ​រ៉េអ៊ុយញ៉ុង​បារាំង​ប្រកាស​​​អាសន្ន​ខ្ពស់​បំផុត​​ប្រឈម​នឹង​ព្យុះ​Belalដ៏​មហា​កំណាច
17, Jan 2024 , 9:59 pm        
រូបភាព
កោះ​រ៉េអ៊ុយញ៉ុង​បារាំង​ទាញសញ្ញា​​អាសន្ន​អតិបរិមា​ប្រឈម​នឹង​ព្យុះ​ដ៏​មហា​កំណាច AFP - RICHARD BOUHET
កោះ​រ៉េអ៊ុយញ៉ុង​បារាំង​ទាញសញ្ញា​​អាសន្ន​អតិបរិមា​ប្រឈម​នឹង​ព្យុះ​ដ៏​មហា​កំណាច AFP - RICHARD BOUHET
ដោយ៖អៀង សុខម៉ិញ/RFI
 
ព្យុះ​ស៊ីក្លូន​ត្រូពិក​បេឡាល់ កំពុង​បោក​បក់​សង្គុប​លើ​កោះ​រ៉េអ៊ុយញ៉ុង​Réunionបារាំង ដែល​ស្ថិត​នៅក្នុង​មហាសមុទ្ទ​ឥណ្ឌា នាព្រឹក​ថ្ងៃ​ចន្ទទី​១៥​មករា។ អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​កំរិត​ខ្ពស់​ជា​អតិបរិមាបំផុត ដោយបិទ​ខ្ទប់​ប្រជាពលរដ្ឋ​ឱ្យសំងំការពារ​ខ្លួន​​នៅក្នុង​ផ្ទះ។ កម្លាំង​ខ្យល់​ព្យុះ​​​កំណាច​ខ្លាំងក្រៃ​ និង​បង្ក​ការ​ខូច​ខាត​តាំងពី​ចម្ងាយ។

 
 
​ស៊ីក្លូន​បេឡាល់ ទំនង​ជា​នឹង​ត្រូវ​ចារ​ជាប់​ក្នុង​កំណត់ត្រា​​ព្យុះកំណាច។ នេះ​បើ​តាម​ភ្នាក់ងារ​ឧតុនិយម​បារាំង។ ប្រជាពលរដ្ឋ​លើ​កោះ​ទាំងមូលទទួលបញ្ជាឱ្យ​​បង្ឃាំង​ខ្លួនសំងំ​​នៅក្នុងផ្ទះ និងទទួល​​សេចក្តីណែនាំ​​​មិន​ឱ្យ​ប្រើ​ភ្លើង ប្រើទូរស័ព្ទទេ។ ជា​បម្រាម​ដ៏​តឹង​តែង សូម្បី​តែ​ក្រុមសង្គ្រោះ​និង​ភ្នាក់ងារ​សន្តិសុខ​ក៏​មិន​អាច​ចេញ​ធ្វើ​សកម្មភាព​ដែរ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែលកោះ​​Réunion ប្រកាស​អាសន្ន​ពណ៌​ស្វាយ​ ជា​កំរិត​ខ្ពស់បំផុត​ខ្លាំង​​ជាង​ពណ៌​ក្រហម​ទៅ​​ទៀតនិង​​មាន​ន័យ​ថា​​គ្រោះថ្នាក់​នឹង​មក​ដល់​ឆាប់ៗ។
 
បើ​តាម​ការ​ព្យាករ កម្លាំង​ខ្យល់​កំណាច​ហើយ ដំណើរ​ផ្លូវ​របស់​ព្យុះមាន​លក្ខណៈ​ខុស​ប្រក្រតី ​ឆ្លង​កាត់​កោះ​រ៉េអ៊ុយញ៉ុង​ទាំងមូល ជា​មួយ​កម្លាំង​ខ្យល់វិល​កួច​​ដ៏​កំណាច​ ក្នុង​ល្បឿន​២០០គីឡូម៉ែត្រ​ក្នុង​ម៉ោង​នៅ​តាម​តំបន់​ឆ្នេរ និង​អាចដល់​២៥០គីឡូម៉ែត្រ​ក្នុង​ម៉ោង នៅ​តំបន់​ភ្នំ។ ​ជា​ស្ថានភាព​ដែល​កោះ​មិន​ធ្លាប់​ប្រទះ​ឡើយ​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ចុងក្រោយ​មកនេះ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុក ​ស្នូល​នៃ​ស៊ីក្លូន​បាន​រំកិល​មក​ប៉ះ​ដី​កោះ ប៉ែក​ខាង​ជើង ​រួច​ធ្វើ​ដំណើរ​ចេញទៅវិញ​ដោយ​មិនចូល​​ឆ្លងកាត់​ដី​កោះ​ទាំង​ស្រុង​ទេ។ ហើយ​កម្លាំង​ខ្យល់​វិល​បោក​បក់​ក៏​មាន​ល្បឿន​ត្រឹម​ប្រមាណ​ពី​១៤០ទៅ​១៦០​គីឡូម៉ែត្រ​ក្នុង​ម៉ោង។ ភ្នាក់ងារ​ឧតុនិយម​ បាន​សម្រេច​ទម្លាក់​កំរិត​អាសន្ន​មក​ត្រឹម​ក្រហម​វិញ នៅពេល​រសៀល​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមសង្គ្រោះ​អាច​ចេញ​ធ្វើ​ប្រតិបត្តិការ​បាន។
 
សម្រាប់​ពេល​នេះ គេ​នៅ​មិន​ទាន់​អាច​វាស់​វែង​ពី​ទំហំ​នៃ​ការ​ខូច​ខាត​បាន​នៅឡើយ​ទេ ប៉ុន្តែ​ ​អាជ្ញាធរ​បាន​បញ្ជាក់​ដំណឹង​ថា​មាន​ស្លាប់​ម្នាក់​ ជា​ជន​គ្មាន​ទីជម្រក​ពិត​ប្រាកដ​ ​សម្រាប់​ការពារ​ខ្លួន។​ កង្វល់​ដ៏​ធំ​មួយ​ទៀត​គឺ​ឥទ្ធិពល​នៃ​ព្យុះ​អាច​នឹង​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​ ព្រោះស៊ីក្លូន​បាន​ពាំនាំ​ខ្យល់​និង​ទឹក​ភ្លៀងយ៉ាង​ខ្ជោកខ្ជាំ អាចក្នុងបរិមាណ​ពី​១០០០​ទៅ​១៥០០​មីល្លីម៉ែត្រ​ ក្នុង​រយៈពេល​២៤ម៉ោង។ 
 
​កោះ​រ៉េអ៊ុយញ៉ុង​បារាំង​ ខាន​រងគ្រោះ​ព្យុះ​ស៊ីក្លូនកំណាចៗ​​ តាំងពី​ឆ្នាំ​២០១៤​មក​៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com