ជាតិ
សិល្បះ
តើអ្នកចម្រៀងគួរសម្រួចស្ទីលរបស់ខ្លួនតែមួយ ឬធ្វើតាមទេពកោសល្យ?
17, Jan 2024 , 8:19 pm        
រូបភាព
តារាចម្រៀងល្បីៗនៅកម្ពុជា ច្រៀងនៅក្នុងកម្មវិធីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុកលោក ព្រាប សុវត្ថិ
តារាចម្រៀងល្បីៗនៅកម្ពុជា ច្រៀងនៅក្នុងកម្មវិធីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុកលោក ព្រាប សុវត្ថិ
ភ្នំពេញ៖ ថ្មីៗនេះមានការពិភាក្សាផ្សេងៗគ្នា អំពីការច្រៀងចង្វាក់រ៉េប(Rap)។ អ្នកខ្លះថា អ្នកចម្រៀងខ្មែរ គួរតែសម្រួចស្ទីលច្រៀងរបស់ខ្លួនឱ្យច្បាស់តែមួយ។ អ្នកខ្លះទៀត ថាការច្រៀងច្រើនស្ទីល ឬតែមួយស្ទីល គឺជាសិទ្ធិសេរីភាពបុគ្គល។ ឯខ្លះទៀតថា អ្នកចម្រៀងត្រូវច្រៀងតាមទីផ្សារ និងនិន្នាការសង្គម។ តើអ្នកចម្រៀងខ្មែរ គួរដើរតាមផ្លូវណា?



ពាក់ព័ន្ធនឹងករណីខាងលើ លោក ម៉ៃ វឌ្ឍនា ជាកវីនិពន្ធបទចម្រៀង ផ្ដោតលើអារម្មណ៍មនោសញ្ចេតនាជ្រាលជ្រៅ បានបញ្ចេញមតិយោបល់របស់ខ្លួនថា ពាក្យថា សិល្បៈមិនមានការរើសអើង ថាបុគ្គលណាមួយ ត្រូវតែចេះតែមួយមុខ ឬត្រូវតែសម្រួចជំនាញរបស់ខ្លួន ឱ្យខ្លាំងតែមួយប្រភេទនោះដែរ។ លោកថា បុគ្គលម្នាក់ អាចមានទេពកោសល្យ និងសមត្ថភាពច្រៀងច្រើនស្ទីល នៅក្នុងខ្លួនរបស់គេ គឺគេអាចធ្វើវាបាន។ 
 
ត្រង់ចំណុចនេះលោក ម៉ៃ វឌ្ឍនា ពន្យល់ដូច្នេះ៖«ក្នុងលក្ខខណ្ឌបច្ចេកទេស គេមិនគិតថាបុគ្គលម្នាក់ អាចច្រៀង ឬគួរតែច្រៀងតែមួយស្ទីលទេ វាអាស្រ័យលើសមត្ថភាពរបស់បុគ្គលនោះ។ ពាក្យថាសិល្បៈ(មួយ) វាមិនបានរើសអើងថា អ្នកនេះធ្វើបានឬអ្នកនោះធ្វើមិនបានទេ។ ប្រសិនបុគ្គលណាមួយ អាចរកខ្លួនឯងឃើញ ថាមានទេពកោសល្យខាងណា ក៏ទៅខាងនោះទៅ។ អ្នកខ្លះគេមានសមត្ថភាពធ្វើបានច្រើន គេក៏ធ្វើទៅ។ ប្រសិនគេដឹងខ្លួនថា គេអាចច្រៀងបានតែមួយស្ទីល គេក៏ខំធ្វើវាឱ្យឆ្អិនឆ្អៅតែមួយនោះទៅ»។  
 
អ្នកនិពន្ធទំនុកច្រៀង ដែលតែងរើសអ្នកចម្រៀង ឱ្យត្រូវនឹងមនោសញ្ចេតនា បទចម្រៀងរបស់ខ្លួនរូបនេះ បន្ថែមថា ការកំណត់ថា បុគ្គលណាមួយគួរតែច្រៀងស្ទីលនេះ ឬស្ទីលនោះ គឺជាបុគ្គលខ្លួនឯងជាអ្នកកំណត់ គ្មានច្បាប់សិល្បៈ ឬច្បាប់ប្រទេស ឬច្បាប់សង្គមណា ជាអ្នកកំណត់ឱ្យពួកគេឡើយ។ 
 
លោក វឌ្ឍនា ពន្យល់៖«នៅបរទេស គ្មានអ្នកណាកំណត់ ត្រូវតែច្រៀងតែមួយស្ទីលទេ ប៉ុន្តែបុគ្គលខ្លួនគេផ្ទាល់ ជាអ្នកកំណត់ ព្រោះគេបានដឹងថា គេមានទេពកោសល្យអ្វី ហើយគេខំសម្រួលមុខនោះ ឱ្យខ្លាំងទៅ។ នៅខ្មែរអ្នកចម្រៀងខ្លះ គាត់រកខ្លួនឯងមិនទាន់ឃើញ គាត់មិនច្បាស់ថាគាត់ពូកែអី ទើបបានជាគាត់ចេះតែរាវទៅ។ ដូចខ្ញុំនិយាយខាងដើមអ៊ីចឹង វាអាស្រ័យលើទេពកោសល្យរបស់មនុស្សទេ ប្រសិនគេចេះច្រើន ហើយគេធ្វើវាបានល្អ ក៏មិនខុសទាស់អីដែរ»។ 
 
អ្នកនិពន្ធចូលចិត្តយកធម្មជាតិ ជាការប្រៀបធៀប ក្នុងបទនិពន្ធរបស់ខ្លួនរូបនេះ បានសង្កត់ធ្ងន់ថា រឿងដែលសំខាន់ សម្រាប់វិស័យសិល្បៈចម្រៀងខ្មែរ គឺអ្នកចម្រៀងណា ដែលអាចបំពេញបាន តាមបែបផែនសូសៀងខ្មែរ តាមពណ៌សម្បុរជាតិខ្មែរ នោះគឺជាការកំណត់អត្តសញ្ញាណ ដ៏ល្អប្រសើរសម្រាប់ខ្លួនឯង និងជាតិហើយ។ 
 
មិនខុសគ្នាទេ លោក ស្វាយ សរ គឺជាកវី និងជាតន្ត្រីករ តាំងពីសម័យសង្គមរាស្ត្រនិយម ដែលធ្លាប់និពន្ធបទភ្លេង ឱ្យលោក ស៊ីន ស៊ីសាមុត និងលោក សុះ ម៉ាត់ ជាច្រើនបទ ក៏យល់ឃើញដូចលោក ម៉ៃ វឌ្ឍនា ដែរ។ លោកថា សិល្បៈមិនមែនជាអ្នកកំណត់ ទេពកោសល្យរបស់មនុស្សឡើយ ប៉ុន្តែមនុស្សទៅវិញទេ ដែលជាអ្នកកំណត់ខ្លួនឯង ថាចង់ដើរទៅផ្លូវណា។ 
 
«បើចេះអ្វីក៏ច្រៀងនោះទៅ។ ក៏មានអ្នកច្រៀងបានច្រើនរបៀបដែរ សំខាន់មានអ្នកគាំទ្រតើ។ បើគេច្រៀងច្រើនស្ទីល ហើយពីរោះ មានអ្នកចូលចិត្តច្រើន មានន័យថា គេធ្វើបានល្អហើយ។ យកល្អធ្វើតាមទីផ្សារ បើគេពេញចិត្តអ្វី យើងក៏ធ្វើតាមនោះទៅ ឱ្យតែយើងច្រៀងពីរោះ»។ នេះជាការបន្ថែម របស់លោក ស្វាយ សរ។
 
តាមពិតទៅ អ្នកដទៃមិនគួរប្រកាន់មាំ ថាអ្នកចម្រៀងម្នាក់ គួរតែច្រៀងតែមួយស្ទីល ឬគួរតែច្រៀងច្រើនស្ទីលទេ។ រឿងទាំងនោះ គួរតែទុកឱ្យអ្នកចម្រៀង ជាអ្នកកំណត់ផ្លូវដើរ ដោយខ្លួនឯង។
 
ចាស់បុរាណបានពោលថា ជំនាញសិល្បៈ គឺជាជំនាញទេវតាប្រទាន មានន័យថា ជំនាញនេះ ពុំមែនថាអ្នកណាមួយចង់បាន ក៏បាននោះទេ។ អ្នកខ្លះស្រឡាញ់ខ្លាំងណាស់ ខំហ្វឹកហាត់ខ្លាំងណាស់ ក៏ពុំអាចធ្វើឱ្យសំឡេងរបស់ខ្លួន អាចអន្ទងចិត្តអ្នកស្ដាប់បានដែរ។ 
 
ប៉ុន្តែអ្នកខ្លះទៀត គេមានទេពកោសល្យនោះ ជាប់ពីកំណើតតែម្ដង។ តួយ៉ាងដូចជាលោក ស៊ីន ស៊ីសាមុត សំឡេងរបស់លោក អាចអន្ទងចិត្តប្រជាជនកម្ពុជា ប្រជាជនក្នុងតំបន់អាស៊ីមួយចំនួន និងប្រជាជននៅប៉ែកអ៊ឺរ៉ុបខ្លះផង នេះគេហៅថាអំណាចសំឡេង។ សំឡេងរបស់អ្នកស្រី រស់ សេរីសុទ្ធា ក៏ដូចគ្នា។ នៅមានអ្នកចម្រៀងសម័យថ្មីនេះច្រើនទៀត ដែលមានទឹកដមសំឡេង ធ្វើឱ្យគេនឹករលឹកនិងពេញចិត្ត។
 
និយាយជាទូទៅ ពាក្យថាសិល្បៈ គឺជាទេពកោសល្យ ដូច្នេះមនុស្សម្នាក់ អាចមានទេពកោសល្យសិល្បៈច្រើននៅក្នុងខ្លួន ហើយពួកគេមានសិទ្ធិពង្រីកខ្លួន ទៅដល់ទីណាមួយដោយសេរី។ ទាំងនៅកម្ពុជា និងនៅប្រទេសជឿនលឿនផ្នែកសិល្បៈតន្ត្រីនិងភាពយន្ត មានតារាល្បីៗជាច្រើន បានពង្រីកខ្លួនចេញពីវិស័យចម្រៀង ចូលទៅវិស័យភាពយន្ត។ ចេញពីវិស័យភាពយន្ត ទៅវិស័យដើរម៉ូត ឬទៅវិស័យចម្រៀងជាដើម។ តួយ៉ាងដូចជាសហរដ្ឋអាមេរិក ក្នុងឧស្សាហកម្មហូលីវូដ និងប្រទេសកូរ៉េខាងត្បូង ក្នុងវិស័យចម្រៀង K-POP ជាដើម។
 
អ្នកខ្លះចេះទាំងច្រៀងយ៉ាងពីរោះ ចេះទាំងសម្ដែងភាពយន្ត ធ្វើឱ្យគេស្រក់ទឹកភ្នែកតាមបាន ចេះទាំងកំប្លែងធ្វើឱ្យគេសើចបំភ្លេចទុក្ខផង។ ពួកគេទាំងនោះ ពុំបានកំណត់ដែនឱ្យខ្លួនឯងដើរ តែត្រឹមប៉ុណ្ណោះ ឬប៉ុណ្ណោះឡើយ។ ចុះទម្រាំក្នុងវិស័យចម្រៀងតែមួយ គ្រាន់តែមានច្រើនស្ទីល មានអ្វីដែលថាធ្វើទៅមិនរួច។ ប៉ុន្តែវាអាស្រ័យលើទេពកោសល្យ និងសមត្ថភាពរបស់មនុស្សទៅវិញទេ ថាគេអាចច្រៀងបានច្រើនស្ទីល ហើយសុទ្ធតែអាចទាញចិត្ត ទាញបេះដូងអ្នកស្ដាប់ ឱ្យចូលចិត្តកម្រិតណា។
 
វិលមកការជជែកគ្នាលើបណ្ដាញសង្គមវិញ។ ការផ្ដល់យោបល់ណាមួយ ក៏សុទ្ធសឹងជារឿងល្អ ក្នុងបំណងចង់ឱ្យវិស័យសិល្បៈចម្រៀងនៅកម្ពុជា មានភាពរីកចម្រើន លេចធ្លោ និងជឿនលឿនទៅមុខ។ ប៉ុន្តែការផ្ដល់យោបល់ទាំងនោះ ក៏គួរទុកសេរីភាពឱ្យបុគ្គលរូបនោះ មានសិទ្ធិជ្រើសរើសផ្លូវដោយខ្លួនឯងដែរ។ មនុស្សគ្រប់រូប មានសិទ្ធិពេញលេញ ជ្រើសរើសធ្វើអ្វីដែលខ្លួនគេចង់។ 
 
ប្រសិនអ្នកចម្រៀងរូបណា មិនអាចបម្រើអារម្មណ៍អ្នកស្ដាប់បាន គេ​ក៏អស់ប្រជាប្រិយភាពដោយខ្លួនឯង ហើយគេគឺជាអ្នកទទួលខុសត្រូវ និងជាអ្នកប្រឈមមុខ លើជោគវាសនារបស់ខ្លួនគេផ្ទាល់។ បុគ្គលដទៃ មានសិទ្ធិផ្ដល់យោបល់ ប៉ុន្តែមិនគួរមានចិត្តប្រកាន់មាំ ដោយតម្រូវឱ្យបុគ្គលណាម្នាក់ ត្រូវតែធ្វើតាមខ្លួន ឬត្រូវតែយល់ឃើញដូចខ្លួនឡើយ៕
 

Tag:
 សិល្បៈ
  ចម្រៀង
  តារា
  តន្ត្រី
  រ៉េប
  Rap
© រក្សាសិទ្ធិដោយ thmeythmey.com