RFI
អន្តរជាតិ
ឆ្មាំបដិវត្តន៍អុីរ៉ង់ប្រកាសបាញ់មីស៊ីលបំផ្លាញទីតាំងក្រុមចារកិច្ចអុីស្រាអែលនៅទឹកដីអុីរ៉ាក់
18, Jan 2024 , 7:59 am        
រូបភាព
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រកាសបាញ់មីស៊ីលបំផ្លាញទីតាំងក្រុមចារកិច្ចអ៊ីស្រាអែលនៅទីក្រុង​Erbilក្នុង​ទឹកដីអ៊ីរ៉ាក់ REUTERS - AZAD LASHKARI
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រកាសបាញ់មីស៊ីលបំផ្លាញទីតាំងក្រុមចារកិច្ចអ៊ីស្រាអែលនៅទីក្រុង​Erbilក្នុង​ទឹកដីអ៊ីរ៉ាក់ REUTERS - AZAD LASHKARI
ដោយ៖ឈាង បុប្ផា/RFI
 
អាមេរិក អង់គ្លេស រួមទាំងអ៊ីរ៉ាក់​ម្ចាស់ផ្ទះ បាន​ដំឡើងសំឡេង​ថ្កោលទោស​អ៊ីរ៉ង់​ថា បាន​រំលោភដែនអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ តាមរយៈ​ការបាញ់ស្រោចគ្រាប់មីស៊ីល​ទៅលើ​ទឹកដី​ភាគខាងជើងអ៊ីរ៉ាក់ នៅយប់ថ្ងៃចន្ទ ឈាន​ចូលដល់​ថ្ងៃ​អង្គារទី ១៦​មករា។ ស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ IRNA នៅ​ថ្ងៃ​អង្គារ ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ អះអាងថា គេ​វាយបើកការវាយប្រហារទៅលើ​ទីតាំងយោធា​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ដើម្បីសងសឹក​នឹង​ការវាយប្រហារ​ភេរវកម្ម​របស់​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម នៅក្នុងទឹកដីអ៊ីរ៉ង់ នៅ​ដើម​ខែ​មករានេះ ដែលបានមនុស្ស​ប្រមាណ ៩០នាក់។

 
ការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើ​ទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី នៅដើម​សប្តាហ៍នេះ​កើតឡើង នៅក្នុង​បរិបទ​ដ៏តានតឹង​នៅ​តំបន់ដើមបូព៌ា​ដែលរងអង្រួន​ដោយ​សង្រ្គាមសងសឹក​របស់​អ៊ីស្រាអែលទៅលើ​ក្រុមហាម៉ាស ហើយនិង​ការវាយប្រហារគ្នា​រវាង​សម្ព័ន្ធមិត្ត​អាមេរិក និង​ក្រុមហ៊ូទី យេម៉ែន នៅ​សមុទ្រ​ក្រហម។
 
តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់​ IRNA នៅ​យប់​ថ្ងៃ​ចន្ទ ឈាន​ចូលដល់​ថ្ងៃ​អង្គារ ទី ១៦​មករា ឆ្មាំបដិវត្តន៍​របស់​របបអ៊ីស្លាម​អ៊ីរ៉ង់​បាញ់ស្រោច​គ្រាប់មីស៊ីល​ទៅលើ​ទីតាំង​យោធា នៅក្នុងទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី ដើម្បី​សងសឹក​ឲ្យប្រជាជន​អ៊ីរ៉ង់ ប្រមាណ​៩០នាក់ ដែលស្លាប់​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម កាល​ពីថ្ងៃទី​៣មករា កន្លង​ទៅ។
 
នៅ​លើ​វិបសៃតិ៍ព័ត៌មាន​របស់ខ្លួន កងឆ្មាំបដិវត្តន៍​អះអាង​ថា នៅ​ក្នុង​ទឹកដី​ស៊ីរី គេ​បាញ់​មីស៊ីលបាលីស្ទិក បំផ្លាញ​ទីតាំង​យោធា​ដែលមានការជួបជុំ​របស់​ក្រុម​មេបញ្ជាការ​ ពាក់ព័ន្ធ​នឹងសកម្មភាព​ធ្វើភេរវកម្ម​ថ្មីៗ​នេះ ជាពិសេស​ភេរវកម្ម​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ក្រុមនេះ​ធ្លាប់​ចេញ​មុខ​ទទួល​ខុសត្រូវ​លើ​ការបំផ្ទុះ​គ្រាប់បែក សម្លាប់​ពលរដ្ឋអ៊ីរ៉ង់ នៅ​ក្នុង​ពិធីរំលឹកខួប​៤ឆ្នាំ​នៃការបាត់បង់​ជីវិត​របស់​មេទ័ព​អ៊ីរ៉ង់ ឧត្តមសេនីយ៍​កាស៊ីម សូឡីម៉ានី ទទួលបន្ទុក​ប្រតិបត្តិការ​ក្រៅប្រទេស ជាពិសេស​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅទឹកដី​ស៊ីរី។
 
នៅទីក្រុង​Erbil រដ្ឋធានីរបស់​តំបន់ស្វ័យត​គួដឌីស្ថាន ដែលស្ថិតនៅ​ភាគខាងជើង​អ៊ីរ៉ាក់ មីស៊ីល​បាលីស្ទិក​របស់​អ៊ីរ៉ង់​ដៅ​វាយប្រហារ​ទីតាំង​ដែល​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា ជា​ទីស្នាក់ការ​កណ្តាល​ដែលក្រុមចារកម្ម​អ៊ីស្រាអែល​ប្រើសម្រាប់​​បង្កើតអភិវឌ្ឍ​បណ្តាញ​ស៊ើបការណ៍សម្ងាត់ ក្នុងគោលដៅ​បង្ក​អស្ថិរភាព​នៅក្នុងតំបន់​ដើមបូព៌ា។
 
អាមេរិក អង់គ្លេស និង​សហភាពអឺរ៉ុប រួមទាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ផ្ទាល់​បាន​ចេញមុខ​ថ្កោលទោស​អ៊ីរ៉ង់​ថា បាន​រំលោភ​ដែនអធិបតេយ្យភាព​របស់​អ៊ីរ៉ាក់។ នៅថ្ងៃអង្គារ អាជ្ញាធរ​គ្រប់គ្រង​តំបន់ស្វ័យត​គួឌីស្ថាន​អ៊ីរ៉ាក់​អះអាងថា ការវាយប្រហារ​មីស៊ីល​របស់​អ៊ីរ៉ង់​បានសម្លាប់មនុស្ស​៤នាក់ និង​របួស ៦នាក់។
 
នៅថ្ងៃ​អង្គារ អាជ្ញាធរ​គួដឌីស្ថាន​បដិសេធ​ទាត់ចោល​ការចោទប្រកាន់​របស់​អ៊ីរ៉ង់​ដែល​ថា ទីក្រុង​Erbil មាន​លាក់​សំបុកក្រុមស៊ើបការណ៍​សម្ងាត់អ៊ីស្រាអែល។ ចំណែក​មន្រ្តីរដ្ឋាភិបាលអ៊ីរ៉ាក់ ទទួល​បន្ទុក​សន្តិសុខ ដែលបាន​ចុះទៅស៊ើបអង្កេត​ដល់​កន្លែងកើតហេតុនិយាយថា ផ្ទះ​ដែល​រងការវាយប្រហារ​របស់​អ៊ីរ៉ង់ នៅទីក្រុង​Erbil កាលពីយប់ថ្ងៃ​ចន្ទ តាមពិត ជា​ផ្ទះ​របស់​គ្រួសារអ្នកជំនួញ​គួឌីស្ថាន។
 
គួរបញ្ជាក់ថា រដ្ឋាភិបាល​អីរ៉ាក់​ហាម​ដាច់ខាត​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល។ អាជ្ញាធរគ្រប់គ្រង​តំបន់​ស្វ័យត​គួឌីស្ថាន​នៅភាគខាងជើងអ៊ីរ៉ាក់ ធ្លាប់​មាន​សមានចិត្តជាមួយ​អ៊ីស្រាអែល ប៉ុន្តែ បដិសេធ​ គ្មានចំណងមេត្រីជាមួយ​រដ្ឋជ្វីហ្វ។ កន្លងមក តំបន់ស្វ័យត​គួឌីស្ថានអ៊ីរ៉ាក់ ធ្លាប់​ជាផ្ទាំងស៊ីបវាយប្រហារ​របស់​អ៊ីរ៉ង់ ដែល​អះអាង បើកប្រតិបត្តិការប្រយុទ្ធប្រឆាំង​ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម​នៅក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ ប៉ុន្តែ ការវាយប្រហារ​ទៅលើ​ទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី កើតឡើង​ចំពេល​ដែលស្ថានការណ៍នៅ​តំបន់​ដើមបូព៌ា​កំពុង​ពុះកញ្ជ្រោល​ដោយ​សង្រ្គាមហ្កាហ្សា ការវាយប្រហារ​គ្នា​នៅព្រំដែនអ៊ីស្រាអែល និងលីបង់ ហើយនិងការបើកសមរភូមិប្រយុទ្ធគ្នា រវាង​សម្ព័ន្ធមិត្ត​អាមេរិក និងពួកឧទ្ទាមហ៊ូទី នៅយេម៉ែន ជាប់សមុទ្រក្រហម ដែលជាច្រកសំខាន់មួយ សម្រាប់​ការដឹកជញ្ជូន​ពាណិជ្ជកម្ម ក្នុង​ពិភពលោក៕

© រក្សាសិទ្ធិដោយ thmeythmey.com