អន្តរជាតិ
លោកArnold ត្រូវបានគយអាល្លឺម៉ង់ឃាត់ខ្លួន៣ម៉ោង ព្រោះមិនប្រកាសពន្ធលើនាឡិកាប្រណីត
18, Jan 2024 , 10:33 am        
រូបភាព
រូបភាព CNN
រូបភាព CNN
លោក Arnold Schwarzenegger អតីតតារាភាពយន្ត និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានឃាត់ខ្លួនប្រមាណ ៣ម៉ោង នៅអាកាសយានដ្ឋានក្រុង Munich អាល្លឺម៉ង់ ដោយសារមិនអាចប្រកាសពន្ធលើនាឡិកាប្រណីតបាន។ ក្រោយការឃាត់​ ៣ម៉ោងនោះ អតីតតារាភាពយន្តដ៏ល្បីរូបនេះ ត្រូវបានដោះលែងហើយ។

 
ភ្លាមៗបន្ទាប់ពីមកដល់អាកាសយានដ្ឋានក្រុង Munich អាល្លឺម៉ង់ លោក Arnold Schwarzenegger អតីត អភិបាលរដ្ឋកាលីហ្វ័រញ៉ា និងតារាភាពយន្ត ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការមិនអាចប្រកាសពន្ធលើនាឡិកាស៊្វីសយីហោ Audemars Piguet បាន។ 
 
«គាត់មិនបានប្រកាសពន្ធលើសម្ភារ។ សម្ភារនោះ ត្រូវបាននាំចូលពីប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប ដើម្បីប្រើប្រាស់ក្នុងសហភាពអឺរ៉ុប។ នីតិវិធីនេះ គឺអនុវត្តចំពោះមនុស្សគ្រប់គ្នា»។​ លោក Thomas Meister មន្រ្តីនាំពាក្យគយរបស់ក្រុង Munich បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN បែបនេះ នៅថ្ងៃទី១៧ ខែមករា។ 
 
តាមការបញ្ជាក់របស់ប្រភពដែលជិតស្និទ្ធនឹងលោក Arnold អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ារូបនេះ ត្រូវបានឃាត់ខ្លួន ៣ម៉ោង នៅអាកាសយានដ្ឋានក្រុង Munich ជាមួយនាឡិកាមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់លោក។ ប្រភពដដែល បានបន្ថែមថា នាឡិកានោះ ប្រហែលជាអាចត្រូវលោក Arnold ដាក់ដេញថ្លៃសម្រាប់មនុស្សធម៌នៅក្នុងក្រុង Kitzbuhel ប្រទេសអូទ្រីស។ នាឡិកាមួយគ្រឿងនោះ ត្រូវបានផលិតនៅស៊្វីសយីហោ Audemars Piguet។ 
 
ទន្ទឹមនេះ ប្រភពដដែល បានអះអាងថា លោក Arnold បានសហការជាមួយមន្រ្តីអាល្លឺម៉ង់យ៉ាងល្អ និងបង់ពន្ធជាមុនផងដែរ។ ពេលនេះ លោក Arnold ត្រូវបានដោះលែង និងអាចធ្វើដំណើរបានហើយ៕

Tag:
 អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com