អន្តរជាតិ
ក្រោយរងបទចោទអំពើពុករលួយ រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរីលាលែងពីតំណែង និងសងប្រាក់បៀវត្សត្រលប់វិញ
18, Jan 2024 , 12:19 pm        
រូបភាព
លោក S. Iswaran រដ្ឋមន្រ្តីដឹកជញ្ជូន ចាកចេញពីតុលាការ នៅថ្ងៃទី១៨ ខែមករា។ រូបភាព AFP
លោក S. Iswaran រដ្ឋមន្រ្តីដឹកជញ្ជូន ចាកចេញពីតុលាការ នៅថ្ងៃទី១៨ ខែមករា។ រូបភាព AFP
រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី លោក S. Iswaran បានលាលែងពីតំណែង បន្ទាប់ពីរងបទចោទប្រព្រឹត្តអំពើពុករលួយ នៅថ្ងៃទី១៨ ខែមករា។ នេះបើតាមការបញ្ជាក់របស់ការិយាល័យនាយករដ្ឋមន្រ្តីសិង្ហបុរី។ រដ្ឋមន្រ្តីដឹកជញ្ជូនរូបនេះ រងបទចោទចំនួន ២៧ករណី។

 
លោក S. Iswaran រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី បានបង្ហាញមុខនៅតុលាការក្នុងថ្ងៃទី ១៨ ខែមករា និងស្តាប់បទចោទចំនួន ២៧ករណី ពាក់ព័ន្ធនឹងអំពើពុករលួយ និងបិទបាំងភាពត្រឹមត្រូវ។ យ៉ាងណាមិញ លោក Iswaran មិនបានសារភាពកំហុសឡើយ។ 
 
តាមសេចក្តីថ្លែងការណ៍មួយរបស់នាយករដ្ឋមន្រ្តី លោក លី សៀនឡុង ចេញនៅថ្ងៃទី១៨ ខែមករា លោក Iswaran បានលាលែងពីតំណែង តាំងពីពីរថ្ងៃមុនមកម្លេះ។ ក្នុងសេចក្តីថ្លែងការណ៍ដដែល លោក Chee Hong Tat ដែលជារដ្ឋមន្រ្តីដឹកជញ្ជូនស្តីទី នឹងកាន់តំណែងមួយនេះបន្ត។ 
 
ក្នុងលិខិតទៅកាន់លោកលី លោក Iswaran បានសម្រេចប្រគល់ប្រាក់បៀវត្ស ដែលខ្លួនទទួលបានក្នុងពេលកាន់តំណែងជារដ្ឋមន្រ្តី និងប្រាក់ប្រយោជន៍ក្នុងនាមជាសមាជិកសភាទៅវិញ បើគិតចាប់តាំងពីបើកការស៊ើបអង្កេតលើសំណុំរឿងពុករលួយ។ លោក Iswaran ជារដ្ឋមន្រ្តីដែលកំពុងកាន់តំណែងទីមួយ ដែលត្រូវបានចោទពីបទអំពើពុករលួយ។ 
 
រដ្ឋមន្រ្តីដឹកជញ្ជូនរូបនេះ បានស្ថិតនៅក្រោមការស៊ើបអង្កេតចាប់តាំងពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ មក។ ៦ថ្ងៃបន្ទាប់ពីការបើកស៊ើបអង្កេត លោក Iswaran ត្រូវបានចាប់ខ្លួន ជាមួយនឹងសេដ្ឋី Ong Beng Seng ប៉ុន្តែក្រោយមក លោក Iswaran ត្រូវបានដោះលែងវិញ។ 
 
លោក Iswaran ត្រូវបានចោទថា បានទទួលសំបុត្រចូលរួមការទស្សនាការប្រណាំងរថយន្ត Formula 1 ក្នុងពាន Singapore Grand Prix, ការប្រកួតបាល់ទាត់ និងកម្មវិធីផ្សេងៗនៅអង់គ្លេស។ គ្រាន់តែការប្រណាំងរថយន្ត Formula 1 នៃពាន Singapore Grand Prix នៅសិង្ហបុរី លោក Iswaran ទទួលបានសំបុត្ររហូតដល់ ១១៦ ដែលមានតម្លៃរហូតដល់ជាង ២៥ម៉ឺនដុល្លារ នៅចន្លោះឆ្នាំ២០១៦ ដល់២០២២។ 
 
យ៉ាងណាមិញ ការប្រណាំងរថយន្តប្រភេទនេះ មិនត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ២០២០ និង២០២១ឡើយ ដោយសារជំងឺឆ្លងសកល។ 
 
ជាការពិត ការបើកការស៊ើបអង្កេតអំពើពុករលួយនៅសិង្ហបុរី ជារឿងកម្រមួយ ដោយសារប្រទេសមួយនេះ បានផ្តល់ប្រាក់បៀវត្សយ៉ាងច្រើនទៅរដ្ឋមន្រ្តី។ តាមទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរី ប្រាក់ប្រៀវត្សប្រចាំឆ្នាំរបស់រដ្ឋមន្រ្តីមានប្រមាណជាង ៨៣ម៉ឺនដុល្លារឯណោះ។ ការផ្តល់ប្រាក់បៀវត្សដ៏ច្រើនបែបនេះ ជាផ្នែកមួយនៃយុទ្ធនាការកាត់បន្ថយអំពើពុករលួយនៅសិង្ហបុរី៕ 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com