កីឡាអន្តរជាតិ
អន្តរជាតិ
AFCON៖ ​ម៉ារ៉ុកបំបាក់តង់សានី កុងហ្គោស្មើសាំប៊ី ក្រោយណាមីប៊ី និងម៉ាលីឈ្នះរៀងៗខ្លួន
18, Jan 2024 , 2:02 pm        
រូបភាព
ម៉ារ៉ុកក្រុមលេខ ៤ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា បានចាប់ផ្តើម បេសកកម្មប្រកួតពានរង្វាន់ African Cup of Nations បានយ៉ាងល្អ ដោយឈ្នះក្រុមតង់សានី លទ្ធផល ៣-០ ក្នុងជំនួបពូល F ខណៈដែលកុងហ្គោស្មើសាំប៊ី ១-១ ។ រីឯជំនួបពូល E វិញ ក្រុមណាមីប៊ី ឈ្នះទុយនេស៊ី ១-០ ហើយម៉ាលីបំបាក់អាហ្រ្វិកខាងត្បូង ២-០ គួរឱ្យភ្ញាក់ផ្អើល។



ម៉ារ៉ុក ជាក្រុមត្រូវបានគេចាប់អារម្មណ៍ថានឹងអាចឈ្នះពានរង្វាន់ទ្វីបអាហ្រ្វិក AFCON បានបំបាក់ក្រុមដែលមានត្រឹមកីឡាករ ១០នាក់ តង់សានី លទ្ធផល ៣-០។ ៣គ្រាប់រកបានដោយកីឡាករ Romain Saiss ជាប្រធានក្រុមនៅនាទី៣០ និងជាកីឡាករមានភាពលេចធ្លោរខ្លាំងអំឡុងការប្រកួតនៅប្រទេសកាតា និងការស៊ុតរបស់កីឡាករ ​Azzedine Ounahi នាទី៧៧ និង Youssef En-Nesyri នាទី៨០ ជាការបញ្ជូនពីខ្សែការពារ Achraf Hakimi។
 
ជម្រើស ១១នាក់ដំបូងម៉ារ៉ុកនៅការប្រកួត AFCON​ មានឈ្មោះកីឡាករស្រដៀងទៅនឹងក្រុមកីឡាករដែលប្រើ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup កាលឆ្នាំ ២០២២។
  


ពូល F កុងហ្គោ ប្រកួតត្រឹមស្មើ ១-១ ទល់នឹងសាំប៊ី ចែកគ្នាត្រឹមម្នាក់ ១ពិន្ទុ នៅក្នុងកីឡដ្ឋាន ​Pokou ប្រទេសកូតឌឺវ័រ។ ការប្រកួតបន្ទាប់ទៀតកុងហ្គោ ត្រូវជួបតទល់ជាមួយនឹងម៉ារ៉ុកនៅថ្ងៃទី២១ ខែមករា ខណៈដែលតង់សានី ទៅប៉ះសាំប៊ី។
 
ការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលពូល ​E ក្រុមម៉ាលី ប្រើពេលត្រឹមតែ ៦នាទី ប៉ុណ្ណោះដើម្បីស្វែងរកបាន ២គ្រាប់ ស៊ុតបំប៉ោងសំណាញ់ទីលើក្រុមអាហ្រ្វិកខាងត្បូងជាក្រុមខ្លាំងមួយនៅតំបន់ទ្វីបអាហ្រ្វិក។ ដំបូងអាហ្រ្វិកខាងត្បូងទទួលបានបាល់ពិន័យ ១១ម៉ែត្រ ប៉ុន្តែកីឡាករ Percy Tau បរាជ័យស៊ុតបញ្ចូលទី ហើយត្រូវកីឡាករ Hamari Traore ស៊ុតនៅនាទី៦០ និង Lassine Sinayoko នាទី៦៦ ជួយម៉ាលីឈ្នះការប្រកួត។
 
ទុយនេស៊ី ដែលធ្លាប់បង្ហាញខ្លួននៅ World Cup 2022 បរាជ័យនៅក្នុងជំនួបបើកឆាកពូល E ក្រោមថ្វីជើងរបស់ក្រុមណាមីប៊ី លទ្ធផល ១-០ ដែលស៊ុតបាល់បញ្ចូលទីដោយកីឡាករ Deon Hotto នៅចុងម៉ោងនាទី៨៨។
 
សម្រាប់ការប្រកួតបន្ទាប់ម៉ាលី នឹងត្រូវទៅប៉ះជាមួយនឹងក្រុមទុយនេស៊ី ថ្ងៃទី២០ ខែមករា ​ខណៈដែលអាហ្រ្វិកខាងត្បូងនឹងប្រកួតទល់ក្រុមណាមីប៊ីដែលជាប្រទេសជាប់គ្នា នៅថ្ងៃទី២១ ខែមករា៕

Tag:
 African cup of Nations
© រក្សាសិទ្ធិដោយ thmeythmey.com