អន្តរជាតិ
វិមានក្រេមឡាំង៖ រុស្ស៊ីកំពុងអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងជើងលើគ្រប់វិស័យ
18, Jan 2024 , 3:09 pm        
រូបភាព
លោកស្រី Choe Son-hui រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង (ស្តាំ) ចាប់ដៃជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅវិមានក្រេមឡាំង នៅថ្ងៃទី១៦ ខែមករា។ រូបភាព AFP
លោកស្រី Choe Son-hui រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង (ស្តាំ) ចាប់ដៃជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅវិមានក្រេមឡាំង នៅថ្ងៃទី១៦ ខែមករា។ រូបភាព AFP
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov នាថ្ងៃទី ១៧ ខែមករា បានលើកឡើងថា រុស្ស៊ីកំពុងតែធ្វើការលើការអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងជើងលើគ្រប់វិស័យទាំងអស់ រួមទាំងលើវិស័យដែលរសើបផងដែរ។

 
នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov សមភាគីកូរ៉េខាងជើង លោកស្រី Choe Son-hui នៅថ្ងៃទី១៦ ខែមករា បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី។ ប្រមុខការទូតកូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ថា​ ការជួបគ្នាជាញឹកញយរវាងប្រមុខការទូតទាំងពីរ នឹងពង្រឹងចំណងមិត្តភាពកាន់តែស៊ីជម្រៅ ហើយជាព័ស្តុតាងបង្ហាញថា ទំនាក់ទំនងមិត្តភាពកូរ៉េ-រុស្ស៊ីជាប្រវត្តិសាស្ត្រ និងប្រពៃណីដ៏យូរលង់កំពុងឈានទៅមុខយ៉ាងស្វាហាប់ ស្របតាមផែនការរបស់ថ្នាក់ដឹកនាំ។
 
បន្ទាប់ពីជំនួបនោះ លោកស្រី Choe បានជួបពិភាក្សាដ៏កម្រមួយនៅឯវិមានក្រេមឡាំងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនផងដែរ។
 
ឆ្លើយតបទៅកាន់សំណួរសម្រាប់កិច្ចចរចានៅទីក្រុងមូស្កូ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Peskov មានប្រសាសន៍ថា ស្ថានភាពនៅឧបទ្វីបកូរ៉េត្រូវបានពិភាក្សា ប៉ុន្តែការផ្តោតសំខាន់គឺ លើការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
 
«សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជាដៃគូដ៏សំខាន់បំផុតរបស់យើង ហើយយើង កំពុងផ្តោតលើការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងរបស់យើងលើគ្រប់វិស័យរួមទាំងនៅក្នុងតំបន់រសើបផងដែរ»។ លោក Peskov ថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី១៧ ខែមករា។
 
ចាប់តាំងពីឈ្លានពានលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ លោកពូទីនបានចាប់ផ្ដើមពង្រឹង ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយកូរ៉េខាងជើង ខណៈអាម៉េរិក និងសម្ព័ន្ធមិត្តបានថ្កោល ចំពោះអ្វីដែលពួកគេអះអាងថាក្រុងព្យុងយ៉ាង បានបញ្ជូនមីស៊ីលដ៏សំខាន់ទៅកាន់រុស្ស៊ី ដើម្បី ជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមមួយនេះ។ ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានច្រានចោលការចោទ នេះម្តងហើយម្តងទៀត។
 
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញលោកពូទីនសម្រាប់ ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងផងដែរ ហើយលោក Peskov បានសម្គាល់ថា​លោក ពូទីននឹងធ្វើដំណើរទៅក្នុងពេលសមស្របណាមួយដោយមានកិច្ចព្រមព្រៀងទៅវិញទៅមកនៃភាគីទាំងពីរ៕

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com