សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សភាធុរកិច្ចឥណ្ឌានៅកម្ពុជា ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យប្រសើរឡើង
18, Jan 2024 , 4:39 pm        
រូបភាព
រូបភាព ៖ IBCC
រូបភាព ៖ IBCC
សភាធុរកិច្ចឥណ្ឌានៅកម្ពុជា​ (IBCC) ទើបតែត្រូវបានប្រកាសដាក់ឱ្យដំណើរនៅថ្ងៃទី១៧ ខែមករា ដែលមានគោលបំណងជំរុញពាណិជ្ជកម្មឥណ្ឌា-កម្ពុជា ជាពិសេសទាក់ទាញក្រុមហ៊ុនឥណ្ឌាមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។ 

 
សភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC) ត្រូវបានប្រកាសបើកឱ្យដំណើរការនៅថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។ 
 
ថ្លែងក្នុងកម្មវិធីដាក់ឲ្យដំណើការ IBCC ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Khobragade បាននិយាយថា ៖« សភាធុរកិច្ចឥណ្ឌានៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់វិនិយោគិនឥណ្ឌាដើម្បីស្វែងរកឱកាសថ្មីៗសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសវាជាទីកន្លែងមួយដ៏សំខាន់សម្រាប់ធុរជនឥណ្ឌា និងកម្ពុជា ដើម្បីបង្កើតបណ្តាញផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក» ។ 
 
ឯកអគ្គរដ្ឋទូតរូបនេះបានលម្អិតអំពីវិធានការមួយចំនួនសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរដែលកន្លងមក ឥណ្ឌាបានពង្រីកគម្រោងអនុគ្រោះពន្ធដល់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) រួមទាំងកម្ពុជាចាប់តាំងពីខែសីហា ឆ្នាំ២០០៨។ លើសពីនេះ ភាគីទាំងពីរបានបង្កើតក្រុមការងារចម្រុះលើពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងចរចាលើសន្ធិសញ្ញាវិនិយោគទ្វេភាគីមួយចំនួន។ ភាគីទាំងពីរក៏បានផ្តួចផ្តើមការពិភាក្សាលើកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតស៊ីគ្នាផងដែរ។ 
 
បន្ថែមពីនេះ លោកស្រី Devyani Khobragade  បានបញ្ជាក់ថា IBCC នឹងក្លាយជាកាតាលីករក្នុងការជំរុញគំនិតផ្តួចផ្តើមក្នុងវិស័យឯកជន ហើយភាគីទាំងពីរក៏កំពុងធ្វើការលើការតភ្ជាប់ការទូទាត់តាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទូទាត់ឆ្លងដែន និង ការផ្ទេរប្រាក់រវាងឥណ្ឌា និងកម្ពុជា។
 
បើតាមលោកស្រីអគ្គរដ្ឋទូត មានវិស័យជាច្រើនរួមមាន កសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារ យានជំនិះ គ្រឿងបន្លាស់រថយន្ត បច្ចេកវិទ្យា សេវាកម្មសំណង់ និងបរិក្ខារ ឱសថ វាយនភ័ណ្ឌ ទេសចរណ៍ ការអប់រំ ថាមពលកកើតឡើងវិញ ដែលផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនឥណ្ឌាចាប់អារម្មណ៍មកធ្វើអាជីវកម្មនៅកម្ពុជា។
 
រីឯប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា លោក Babulal Prihar លោកបានគូសបញ្ជាក់ថា បេសកកម្មរបស់ IBCC គឺលើកកម្ពស់ និងសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងឥណ្ឌា ហើយគោលបំណងសំខាន់របស់វាគឺដើម្បីជួយដល់ធុរកិច្ចឥណ្ឌាដែលចូលមក ឬមានបំណងចូលមកទីផ្សារកម្ពុជា តាមរយៈការផ្តល់ព័ត៌មានអំពីធុរកិច្ច និងបរិយាកាសផ្លូវច្បាប់។ 
 
លោកបានបន្ថែមថា IBCC នឹងចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ផ្តល់ដំណោះស្រាយ និងបង្កើនបរិយាកាសធុរកិច្ចដែលអំណោយផលរវាងកម្ពុជា និងឥណ្ឌា។ វា​ក៏​នឹង​ធ្វើការ​សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌា​ដើម្បី​ជំរុញ និង​ពន្លឿន​ឱកាស​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ។
 
ចំណែករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ពេជ ឫទ្ធី បានថ្លែងអំណរគុណ និងអបអរសាទរចំពោះស្ថានទូតឥណ្ឌា និងសភាធុរកិច្ចឥណ្ឌាប្រចាំនៅកម្ពុជា ដែលបានបង្កើតជាផ្លូវការ ដែលនឹងជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពធុរកិច្ចផ្សេងទៀតរវាងកម្ពុជា និងឥណ្ឌា។ 
 
លោកបានបន្ថែមថា ការបើកសម្ពោធជាផ្លូវការនៃសភាធុរកិច្ចឥណ្ឌានៅកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងធុរកិច្ចរវាងកម្ពុជា និងឥណ្ឌា ផ្តល់ឱកាសបណ្តាញដ៏ល្អដែលអាចឱ្យពាណិជ្ជករបានស្គាល់សមាជិកសហគមន៍ ម្ចាស់អាជីវកម្ម និងអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យនានា។
 
IBCC មានបំណងប្រែក្លាយជាសភាពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា គាំទ្រដល់អាជីវកម្មឥណ្ឌាឱ្យទទួលបានជោគជ័យ និងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ IBCC នឹងរៀបចំបេសកកម្មពាណិជ្ជកម្ម និងព្រឹត្តិការណ៍អាជីវកម្មជាច្រើន ព្រមទាំងផ្តល់ការគាំទ្រដល់អាជីវកម្មឥណ្ឌាក្នុងការវិនិយោគ និងប្រតិបត្តិការនៅកម្ពុជា។
 
គួបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌាមានតម្លៃជាង ៤៨៥លានដុល្លារនៅឆ្នាំ២០២៣ដែលកើនឡើងប្រមាណ ១០,៤ភាគរយធៀបនឹងឆ្នាំ២០២២។ ការនាំចេញទំនិញពីកម្ពុជាទៅឥណ្ឌាមានជាង ២៩៣លានដុល្លារ ខណៈការនាំចូលមានជាង ១៩២លានដុល្លារ។ នេះបើតាមទិន្នន័យស្តិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 

Tag:
 ពាណិជ្ជកម្ម
  ឥណ្ឌា
  IBCC
© រក្សាសិទ្ធិដោយ thmeythmey.com