កីឡាអន្តរជាតិ
អន្តរជាតិ
Zion Clark ដែលពិការជើងសងខាង ដាក់ក្តីសុបិនប្រកួតអូឡាំពិក និងប៉ារ៉ាឡាំពិកប៉ារីស២០២៤
19, Jan 2024 , 9:09 am        
រូបភាព
​គ្មាន​ជើងទាំងសងខាងតាំងពីកំណើត អត្តពលិកកីឡាចំបាប់ និងគុនចម្រុះ Zion Clark ​ពុះពារគ្រប់បែបយ៉ាង ដើម្បីសម្រេច​ក្តី​សុបិនចូលរួមព្រឹត្តិការណកីឡា​អូឡាំពិក និងប៉ារ៉ាឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤។



បុរសជនជាតិអាម៉េរិក វ័យ២៦ឆ្នាំរូបនេះ ជាម្ចាស់​កំណត់ត្រា Guinness World Records ឆ្នាំ២០២២ តាមរយៈការរត់​ដោយដៃ​ចម្ងាយ​២០ម៉ែត្រ លឿនជាងគេបំផុតលើលោក ដោយប្រើ​ពេលត្រឹម ៤,៧៨វិនាទី។
 
មិនត្រឹមតែជាវាគ្មិនបំផុសគំនិត និងលើកទឹកចិត្ត Zion Clark ដែលគ្មានជើងទាំងសងខាងពីកំណើត បានតស៊ូជម្នះឧបសគ្គ ដើម្បីស្វែងរកការបង្កើតកេរដំណែលថ្មីៗ សម្រាប់ជីវិតរបស់គេជាបន្តបន្ទាប់ ។
  
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ Zion Clark បានបន្តបង្កើតកំណត់ត្រាបន្ថែមទៀត ក្រោយប្រកួតឈ្នះកីឡាករពេញសមត្ថភាព Eugene Murray ក្នុងប្រភេទកីឡាគុនចម្រុះ (MMA)។ បន្តបន្ទាប់មក ក្នុងនាមជាអ្នកនិពន្ធ ជាសហក្រិនវ័យក្មេង​ រូបគេក៏បានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។



Clark បានប្រាប់កាសែត CNN កីឡា ថាអ្វីទាំងអស់នេះមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ជីវិតរបស់គេ។ សុបិនទៅកាន់ទីក្រុងប៉ារីស ឆ្នាំ ២០២៤​ ជាអ្វីដែលរូបគេចង់បាន​បន្ទាប់ទៀត។ ដើម្បីសម្រេច​ក្តីសុបិន​​ក្លាយជាអត្តពលិកអាម៉េរិក​ដំបូង​គេ ដែលអាចចូល​រួម​ប្រកួតទាំង​ក្នុងអូឡាំពិក និងប៉ារ៉ាឡាំពិក​ Zion Clark បានប្រឹងប្រែងហ្វឹកហាត់ដោយកំណត់កាលវិភាគច្បាស់លាស់ និងការចូលរួមប្រកួតនៅសង្វៀន MMA កម្រិតអាជីពជាដើម។
 
Clark ដាក់គោលដៅចូល​រួម​ប្រកួត​ក្នុងព្រឹត្តិការណ៍អូឡាំពិក លើ​វិញ្ញាសា​កីឡា​ចំបាប់ និងព្រឹត្តិការណ៍​កីឡាប៉ារ៉ាឡាំពិក​លើ​វិញ្ញាសា​ប្រណាំង​រទេះ ​ឆ្នាំ​២០២៤ នៅប្រទេសបារាំង ដែលគ្រោងចាប់ផ្តើម នៅថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។
 
ក្រៅពីជាម្ចាស់​កំណត់ត្រា​ក្នុង​សៀវភៅ Guinness World Records តាមរយៈការរត់​ដោយដៃ​ Zion Clark ក៏ជាប់កំណត់ត្រាពិភពលោកពីរ​ទៀតដែរ គឺ លោតឡើងលើប្រអប់ដោយប្រើដៃ ក្នុងរយៈកម្ពស់ ៨៣,៨២សង់ទីម៉ែត្រ និងអាហ្វង់បានចំនួន២៤៨ដង ក្នុងរយៈពេល៣នាទី៕

Tag:
 Zion Clark
  Guinness World Records
© រក្សាសិទ្ធិដោយ thmeythmey.com