កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ការពារជើងឯក កាតា និងអូស្ត្រាលី កក់កៅអីវគ្គ១៦ក្រុម Asian Cup មុនគេ
19, Jan 2024 , 10:29 am        
រូបភាព
ជ័យជម្នះទាំងពីរប្រកួតដំបូង ក្នុងវគ្គសន្សំពិន្ទុតាមពូល បានជួយម្ចាស់ការពារតំណែងជើងឯក កាតា និងអូស្ត្រាលី បន្តទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣។



ម្ចាស់ផ្ទះកាតា បានបន្តឈ្នះ តាហ្ស៊ីគីស្ថាន ១-០ ក្នុងជំនួបទី២ ពូល A ស្របពេល អូស្ត្រាលីឈ្នះស៊ីរី ១-០ នៅជំនួបទី២ ពូល B។
 
ឆ្លងកាត់២ប្រកួតដំបូងរកបានជ័យជម្នះទាំងពីរលើក បានជួយទាំងកាតា និងអូស្ត្រាលី ទទួលបានកៅអីដោយស្វ័យប្រវត្តិទៅកាន់វគ្គខ្វែង បើទោះសល់១ប្រកួតចុងក្រោយ។ 
 
កាតា មាន៦ពិន្ទុពេញឈរកំពូលតារាងពូល A តាមពីក្រោយដោយចិនដែលមាន២ពិន្ទុ ស្របពេលតាហ្ស៊ីគីស្ថាន និងលីបង់ ដែលនៅលេខរៀងបន្តបន្ទាប់មាន ១ពិន្ទុដូចគ្នា។ ចិន តាហ្ស៊ីគីស្ថាន និងលីបង់ ត្រូវប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់ទី២ និងលេខ៣ល្អបំផុត នៅជំនួបចុងក្រោយ។ ចិន ត្រូវប៉ះកាតា ស្របពេលតាហ្ស៊ីគីស្ថាន ជួបលីបង់ ក្នុងការប្រកួតចុងក្រោយពូល A។
 
អូស្ត្រាលី មាន៦ពិន្ទុពេញឈរកំពូលតារាងពូល B បណ្តោះអាសន្ន តាមពីក្រោយដោយអ៊ូសបេគីស្ថានដែលមាន៤ពិន្ទុ។ ស៊ីរី ឈរលេខ៣មាន១ពិន្ទុ ឯឥណ្ឌានៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។​ ឥណ្ឌា អស់ឱកាស ឯអ៊ូសបេគីស្ថាន មានភាគរយតិចតួចប៉ុណ្ណោះ ក្នុងការប្រជែងលេខ២ក្នុងពូល។ ជំនួបកាត់ក្តី អ៊ូសបេគីស្ថាន ជួបអូស្ត្រាលី ខណៈស៊ីរី ប៉ះឥណ្ឌា។
 
ពូល C ត្រូវឈានដល់ប្រកួតចុងក្រោយដើម្បីរកពីរក្រុមទៅវគ្គបន្ត និងលេខ៣ល្អបំផុតទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ អេមីរ៉ាតអារ៉ាប់រួម មាន៤ពិន្ទុពីការប្រកួតពីរលើកឈរកំពូលតារាងបណ្តោះអាសន្ន តាមពីក្រោយដោយអ៊ីរ៉ង់ដែលមាន៣ពិន្ទុ ក្រោយប្រកួតបាន១លើក។ ប៉ាឡេស្ទីន មាន១ពិន្ទុនៅលេខ៣ ក្រោយឆ្លងកាតពីរប្រកួត និងហុងកុង ទើបប្រកួត១លើក​គ្មានពិន្ទុនៅឡើយនៅបាតតារាង។ 
 
ការប្រកួតពានរង្វាន់ទ្វីអាស៊ី AFC Asian Cup ដែលមាន៦ពូល ត្រូវរក១៦ក្រុមទៅវគ្គខ្វែង ដោយ១២ក្រុម ជាក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២តាមពូលនីមួយៗ និង៤ក្រុមទៀត ជាក្រុមទទួលបានលេខ៣ល្អបំផុត៕

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com