កីឡាអន្តរជាតិ
អន្តរជាតិ
AFC ត្រៀម១៥លានដុល្លារលើប្រាក់រង្វាន់ Asian Cup ដោយជើងឯកបាន៥លានដុល្លារ
19, Jan 2024 , 3:33 pm        
រូបភាព
៥លានដុល្លារនឹងធ្លាក់ទៅលើក្រុមម្ចាស់ជើងឯក AFC Asian Cup ឆ្នាំ២០២៣ ខណៈសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ត្រៀមប្រាក់រង្វាន់សរុប ១៤,៨លានដុល្លារ ដើម្បីផ្តល់ជូនក្រុមចូលរួមទាំង២៤។



ព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៣ ដែលលើកមធ្វើនៅឆ្នាំ២០២៤ នៅប្រទេសកាតា ជំនួសចិន បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែមករា និងបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ។ គិតត្រឹមថ្ងៃទី១៩ ខែមករា នេះគេរកបាន២ក្រុមហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងនោះមានម្ចាស់ផ្ទះ និងជាម្ចាស់ការពារតំណែងជើងឯកកាតា និងអូស្ត្រាលី។
 
២៤ប្រទេស ដែលបានឆ្លងចូលទៅកាន់វគ្គចែកពូល Asian Cup ទាំង៦ ពី A ដល់ F ទទួលបានថ្លៃនឿយហត់២០ម៉ឺនដុល្លារក្នុងមួយក្រុមរួចស្រេច។ សរុបទាំង២៤ក្រុម AFC ចំណាយអស់ ៤,៨​លានដុល្លារ។
 
ក្រុម្ចាស់ជើងឯកពានរង្វាន់កីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី នឹងទទួលបានប្រាក់រង្វាន់៥លានដុល្លារ ខណៈលេខពីរ បាន៣លានដុល្លារ។ ពីរក្រុមដែលធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានក្នុងមួយក្រុម១លានដុល្លារ។ សរុប ១០លានដុល្លារ។
 
សរុបប្រាក់រង្វាន់ដែល AFC ត្រូវចំណាយក្នុងព្រឹត្តិការណ៍នេះ អស់ ១៤,៨លានដុល្លារ។ នេះមិនទាន់គិតលើការចំណាយផ្សេងៗ ទាំងការរៀបចំ បុគ្គលិក និងទីតាំងភូមិកីឡាជាដើមឡើយ។
 
Asian Cup ២០២៣ នៅកាតា ជាព្រឹត្តិការណ៍លើកទី១៨ហើយ ចាប់តាំងពីកកើតឡើងដំបូងនៅឆ្នាំ ១៩៥៦ នៅកូរ៉េខាងត្បូង។ ជប៉ុន ជាក្រុមជោគជ័យជាងសម្រាប់ពានរង្វាន់ដែលរៀបចំ៤ឆ្នាំម្តងនេះ ដោយគ្រងជើងឯក៤លើក ខណៈ អ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត ឈ្នះ៣លើកដូចគ្នា។ កូរ៉េខាងត្បូង ឈ្នះជើងឯកនៅ២លើកដំបូង ស្របពេលអ៊ីស្រាអែល (កាលមិនទាន់ចូលទ្វីបអឺរ៉ុប) រួមជាមួយកូវ៉ែត អ៊ីរ៉ាក់ និងកាតា គ្រងជើងឯក១លើកដូចគ្នា៕

Tag:
 Asian Cup
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com