កីឡាអន្តរជាតិ
អន្តរជាតិ
FIFA នឹងប្រកាសកាលវិភាគប្រកួត និងកីឡដ្ឋានជំនួបផ្តាច់ព្រ័ត្រ World Cup 2026 នៅដើមខែកុម្ភៈ
21, Jan 2024 , 9:19 am        
រូបភាព
កាលវិភាគការប្រកួតសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដែលធ្វើឡើងរួមគ្នានៅអាម៉េរិក ម៉ិកស៊ិក និងកាណាដា នឹងត្រូវប្រកាសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នាថ្ងៃទី១៨ ខែមករា។


 
FIFA ក៏នឹងប្រកាសអំពីកីឡដ្ឋានដែលនឹងត្រូវកាត់សេចក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ ដោយកីឡាដ្ឋាន AT&T ក្នុងទីក្រុង Arlington រដ្ឋតិចសាស់ និងកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey ជាបេក្ខភាព២ ចុងក្រោយ។
 
កាលពីពេលថ្មីៗនេះ មានរបាយការណ៍ដែលចុះផ្សាយដោយកាសែត The Sun របស់ចក្រភពអង់គ្លេស ថាកីឡដ្ឋានស្ថិតក្នុងទីក្រុង Arlington ឬ Dallas ត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រ តែប្រភពជិតស្និទ្ធនឹង FIFA បានបញ្ជាក់ថា កីឡដ្ឋានដែលនឹងត្រូវជ្រើសរើសចុងក្រោយ នៅមិនត្រូវបានជូនដំណឹងជាផ្លូវការនៅពេលនេះនោះទេ។
 
«យើងនៅតែមានសុទិដ្ឋិនិយមអំពីឱកាសរបស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2026 វគ្គផ្តាច់ព្រ័ត្រ។ យើងនឹងបន្តការងារជាមួយនឹងថ្នាក់ដឹកនាំ FIFA ក្នុងការបំពេញការងារដល់ទីតាំង ខណៈយើងត្រូវត្រៀមខ្លួនធ្វើក្នុងនាមជាម្ចាស់ផ្ទះ»។ នេះបើតាមសម្តីរបស់នាយកប្រតិបត្តិនៃគណៈកម្មាធិការកីឡារដ្ឋ Dallas លោក Monica Pual។


 
កាលពីដើមសប្តាហ៍នេះទៀតសោតអភិបាលរដ្ឋ New Jersey លោក Phil Murphy បាននិយាយប្រាប់គេហទំព័រ Bergen Record និង Northjersey.com ថាកីឡដ្ឋាន MetLife មានការចាប់អារម្មណ៍ខ្លាំង ហើយក៏ស្ថិតក្រោមការប្រកួតប្រជែងដើម្បីទទួលបានសិទ្ធវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៦។
 
បើតាមការប្រកាសរបស់ FIFA ៖«ថ្ងៃទី៤ ខែកុម្ភៈ នឹងផ្សាយដោយទូរទស្សន៍ FOX និង Telemundo នៅសហរដ្ឋអាម៉េរិក និងរួមបញ្ចូលការបែងចែកការប្រកួតនៅតាមទីក្រុងសម្រាប់ការប្រកួតចំនួន ១០៤ប្រកួត។»។
 
World Cup 2026 ជាការប្រកួតមានកំណែរទម្រង់ថ្មីដោយក្រុមកើនឡើងពី៣២ ដល់ ៤៨ក្រុមលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ កីឡដ្ឋានចំនួន ១៦ នឹងរៀបចំការប្រកួតទូទាំងប្រទេសអាម៉េរិក, កាណដា និងម៉ិកស៊ិក៕



Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com