ជាតិ
បេក្ខជនជាង៧០០អង្គ/នាក់ ចូលរួមសរសេរតាមអាន«សំណេរអង្គរ» លើកទីមួយ
21, Jan 2024 , 12:33 pm        
រូបភាព
តាំងពីព្រឹកព្រហាមនាថ្ងៃអាទិត្យ ទី២១ ខែមករា នេះ បេក្ខសមណៈ បេក្ខជន បេក្ខនារី ជាង៧០០អង្គ/នាក់ បានជួបជុំគ្នានៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត  ដើម្បីចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ។

 
ក្នុងរយៈពេលមួយម៉ោង បេក្ខជនតាមការអានអត្ថបទពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាអត្ថបទដែលរៀបចំសម្រិតសម្រាំងទុកដោយលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលមានចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ»។
 
កម្មវិធី«សំណេរអង្គរ»គឺជាកម្មវិធីថ្មីមួយដែលបង្កើតឡើងដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរតាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះ នឹងអាចក្លាយទៅជាព្រឹត្តិការណ៍ សរសេរតាមអាន ថ្នាក់ជាតិជាសាធារណៈជារៀងរាល់ឆ្នាំនាពេលអនាគត។ 
 
ដោយពិនិត្យឃើញកម្រិតអក្សរសាស្ត្រខ្មែរ ទាំងវេយ្យាករណ៍ ទាំងអក្ខរាវិរុទ្ធ ហាក់បីដូចជា មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភក្នុងចំណោមមហាជន ជាពិសេស សិស្ស និងនិស្សិតនោះ កម្មវិធី«សំណេរអង្គរ»តាមរយៈការប្រឡងប្រជែង សរសេរតាមអានក៏ត្រូវបង្កើតឡើង។ ជាលំហាត់ខួរក្បាលបែបបុរាណបន្តិចមែន ប៉ុន្តែ កិច្ចការនេះ មានប្រយោជន៍មិនអាច កាត់ថ្លៃបានសម្រាប់កែលម្អសំណេរឲ្យកាន់តែប្រសើរ ជាពិសេស នៅក្នុងយុគសម័យ ឌីជីថល។ 
 
ខ្លឹមសារអត្ថបទសំណេរអង្គរ


លោកស្រី ភឿង សកុណា អាន​អត្ថបទ «សំណេរអង្គរ» ដែលដំណើរការរយៈពេល១ម៉ោង
 


បេក្ខជន ចាស់ក្មេង ប្រុសស្រី រួមទាំងព្រះសង្ឃ ផ្ចង់អារម្មណ៍​លើសំណេររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់



អ្នក​មិនបានចុះឈ្មោះ ក៏អាចចូលរួមវាស់ស្ទង់សមត្ថភាព​ភាសាខ្មែររបស់ខ្លួនបានដែរ


លោក ទឹម សារឿត បេក្ខជនអាយុ​៦៨​ឆ្នាំ មកពីខេត្តបាត់ដំបង


លើសពីការស្រឡាញ់ភាសា កញ្ញា ថន កេសសរ ស្ថិតក្នុងចំណោម​បេក្ខនារីមួយ​ដែលស្លៀក​ហូលខ្មែរ និង​បង់ក្រមា 

កញ្ញា គិត វួចគី បេក្ខនារី ពីរាជធានីភ្នំពេញ

© រក្សាសិទ្ធិដោយ thmeythmey.com