ជាតិ
សិល្បះ
ក្រៅពីហាត់របាំ សិស្សានុសិស្សក៏មានឱកាស រៀនប៉ាក់ឌិនសម្លៀកបំពាក់បុរាណ ផងដែរ
21, Jan 2024 , 9:39 pm        
រូបភាព
ភ្នំពេញ៖ សិស្សានុសិស្សរៀនជំនាញរបាំបុរាណ នៃសាលាមធ្យមវិចិត្រសិល្បៈ មានទាំងឱកាសបានសិក្សារៀនសូត្រអំពីការប៉ាឌិន និងការតុបតែងសម្លៀកបំពាក់បុរាណបន្ថែមទៀត។ ការបណ្ដុះបណ្ដាលនេះ ជួយឱ្យសិស្សានុសិស្ស យល់ពីតម្លៃស្នាដៃបុព្វបុរសដែលបន្សល់ទុក។

 
អ្នកស្រី ម៉ៅ ទិព្វមុនី ដែលជាប្រធានសាលារបាំ នៃសាលាមធ្យមវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្នសិស្សរបាំ នៅសាលាមធ្យមវិចិត្រសិល្បៈ មានចំនួន៤៣៤នាក់ ប្រុសជាង១០០នាក់។ សិស្សទាំងអស់ តម្រូវឱ្យរៀន នៅថ្នាក់ឆ្នាំមូលដ្ឋានចំនួន៣ឆ្នាំ គឺដូចថ្នាក់បឋមទី១-២-៣ ក្នុងសាលារដ្ឋធម្មតា ដែរ។ 
 
នៅពេលសិស្សចូលរៀនឆ្នាំទី២ សិស្សស្រីតម្រូវឱ្យចូលរៀនប៉ាក់ឌិន និងតុបតែងសម្លៀកបំពាក់បុរាណ។ ចំណែក ឯសិស្សប្រុសវិញ ក្រៅពីរៀនរបាំ ពួកគេត្រូវចូលទៅរៀនខាងរោងជាង ដូចជារៀនឆ្លាក់ស្បែក និងធ្វើខ្មុក។ 
 
 
បើតាមគ្រូបង្រៀនរបាំខាងលើ ការឱ្យសិស្សស្រីរៀនប៉ាក់ឌិន និងតុបតែងសម្លៀកបំពាក់បុរាណ បន្ថែមលើជំនាញរាំរបាំ គឺមានសារៈសំខាន់ណាស់។ អ្នកស្រី ម៉ៅ ទិព្វមុនី បានពន្យល់ដូច្នេះ៖«គ្រប់សិស្សស្រីរៀនផ្នែករបាំ ត្រូវឆ្លងកាត់ការដេប៉ាក់ អាវណយ(អាវរបាំ)។ ជំនាញនេះល្អ ជាវប្បធម៌ទំនៀមទម្លាប់ខ្មែរ ដែលអាចឱ្យសិស្ស យល់ពីតម្លៃមរតកដែលដូនតាបន្សល់ទុកឱ្យ។ បើគាត់ចាំតែស្លៀកស្រាប់ៗ នោះគាត់មិនដឹងផលលំបាកនៃការដេប៉ាក់ឡើយ។ ការប៉ាក់ឌិននេះ ត្រូវការភាពអត់ធ្មត់ និងប្រើពេលយូរ។ ពេលពួកគេចេញទៅសម្ដែង ពួកគេអាចជួយរៀបចំសម្លៀកបំពាក់ឱ្យគ្នាបាន»។
 
ប្រធានសាលារបាំដដែលបន្ថែមថា នៅជំហានទី២ ជាពេលវេលា សិស្សានុសិស្ស ចូលរៀនឆ្នាំទី៣ និងឆ្នាំទី៤ ពួកគេត្រូវរៀនដេអាវស្បៃ ដែលជាប្រភេទអាវក្នុងរបាំបុរាណ។ ទោះជាយ៉ាងណា អ្នកស្រីថា កាលពី ដើម សាលាមិនមានបង្ហាត់សិស្សក្មេងៗរៀនប៉ាក់ឌិន ឬតុបតែងសម្លៀកបំពាក់បុរាណឡើយ ដោយការងារទាំងនេះ គេទុកឱ្យតែអ្នកដែលមានជំនាញខាងតុបតែង ធ្វើតែប៉ុណ្ណោះ។ 
 
ប៉ុន្តែនៅក្នុងអំឡុងដើមឆ្នាំ២០០០ ដោយមើលឃើញ សារសំខាន់នៃការពង្រីកជំនាញ និងចំណេះដឹងជំនាញដូនតា ដល់ក្មេងជំនាន់ក្រោយ ទើបសាលាមធ្យមវិចិត្រសិល្បៈ កំណត់ឱ្យសិស្សស្រីរៀនផ្នែករបាំទាំងអស់ ត្រូវតែរៀនប៉ាក់ឌិន និងតុបតែងសម្លៀកបំពាក់បុរាណ។ ការប៉ាក់ឌិននេះ តម្រូវឱ្យរៀនក្នុងមួយសប្ដាហ៍២ម៉ោង។ ការរៀននេះ មានការប្រឡង រកស្នាដៃល្អ សម្រាប់ដាក់ពិន្ទុ និងបង្កើតស្នាដៃ ដោយសិស្សផ្ទាល់ផងដែរ៕ 
 

Tag:
 សិល្បៈ
  វប្បធម៌
  សម្លៀកបំពាក់បុរាណ
  ប៉ាក់ឌិន
  សិស្ស
 របាំ
  សាលាមធ្យមវិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com