កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ អារ៉ាប៊ីសាអូឌីត និងថៃ កក់កៅអីវគ្គ១៦ក្រុម
22, Jan 2024 , 11:09 am        
រូបភាព
អារ៉ាប៊ីសាអូឌីត ដែលមានគូ្របង្វឹកលោក Roberto Mancini បានឈានជើងឡើងវគ្គ ១៦ក្រុមចុងក្រោយ នៅក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2023 ក្នុងប្រទេសកាតាថ្ងៃទី២១ ខែមករា ក្រោយឈ្នះក្រុមកៀហ្ស៊ីស្ថាន លទ្ធផល ២-០ ។ ថៃ រកបានឱកាសក្នុងការឡើងទៅវគ្គបន្ទាប់ជាលើកទី២ ក្រោយបញ្ចប់លទ្ធផលស្មើ ០-០ ជាមួយនឹងអូម៉ង់។​



ជ័យជម្នេះនេះ បានជួយឱ្យអារ៉ាប៊ីសាអូឌីត ចូលរួមជាមួយនឹងក្រុមម្ចាស់ផ្ទះកាតា, អ៊ីរ៉ង់, អ៊ីរ៉ាក់ និងអូស្ត្រាលី ដែលជាក្រុមកក់កៅអីទៅវគ្គបន្ទាប់ ក្រោយឆ្លងកាត់ការប្រកួតក្នុងវគ្គចែកពូល។
 
ចំណែកថៃ អាចទប់ទល់ជាមួយនឹងអូម៉ង់ ដោយលទ្ធផលស្មើគ្នានេះ បានធ្វើឱ្យលោក Masatada ដែលជាគ្រូបង្វឹករីករាយខ្លាំងចំពោះ កាលទទួលបាន១ពិន្ទុ​ ដើម្បីផ្តល់ឱកាសដល់ក្រុមអាចឡើងទៅវគ្គ ១៦ក្រុម បន្ទាប់ពីឆ្នាំ ២០១៩ ធ្លាប់សម្រេចបានម្ដងហើយ។
  


នៅក្នុងការប្រកួតអូម៉ង់ បានដាក់សម្ពាធខ្លាំងទៅលើជើងខ្លាំងមកពីតំបន់អាស៊ាន ដើម្បីស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេ បន្ទាប់ពីប្រកួតទីមួយ បានចាញ់ក្រោមថ្វីជើងអារ៉ាប៊ីសាអូឌីត។ តែយ៉ាងណាក្រុមរហស្សនាមដំរីចម្បាំង មិនបណ្តែតបណ្តោយឱ្យសំណាញ់ទីខ្លួនរបូតដោយងាយៗឡើយ ក្រោយពេលដែលពួកគេទើបរកបាន ៣ពិន្ទុ ពីការប្រកួតលើកទីមួយ ក្នុងពូលរួច។  អារ៉ាប៊ីសាអូឌីត មាន៦ពិន្ទុ ឈរកំពូលតារាង ខណៈថៃ មាន៤ពិន្ទុ ឈរលេខ២ ដែលជាក្រុមកក់កៅអីវគ្គ១៦ក្រុម។
 
ក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក៏មិនទាន់អស់សង្ឃឹមដែរ ព្រោះត្រូវប្រជែងក្នុងនាមជាក្រុមលេខ ៣ ល្អ ចំនួន ៤ក្រុម ដើម្បីទៅបំពេញវគ្គ ១៦ក្រុម។


 
សម្រាប់ការប្រកួតបន្ទាប់នៃជុំទី៣ វគ្គចែកពូល នាថ្ងៃទី២២ ខែមករា ម្ចាស់ផ្ទះកាតា ដែលឈ្នះបានកៅអីហើយនោះ ត្រូវជួបក្រុមចិន ដែលកំពុងមានប្រៀបទៅកាន់វគ្គបន្តក្នុងពូល​ A ។ ចំណែកលីបង់ ត្រូវជួបក្រុម តាជីគីស្ថាននៅក្នុងការប្រកួតនេះ ខណៈក្រុមទាំង ២ សុទ្ធសឹងតែមានឱកាសប្រជែងដូចគ្នា។
 
អារ៉ាប៊ីសាអូឌីត នឹងត្រូវប៉ះថៃ សម្រាប់ការប្រកួតចុងក្រោយក្នុងពូល F នៅថ្ងៃទី២៥ ខែមករា នៅវេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា) ខណៈដែលអូម៉ង់ ត្រូវប៉ះកៀហ្ស៊ីស្ថាន នៅវេលាដូចគ្នា ដែលជាការប្រកួតវគ្គចែកពូលចុងក្រោយ៕

Tag:
 Asian Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com