កីឡាអន្តរជាតិ
អន្តរជាតិ
អេហ្ស៊ីបដែលអវត្តមាន Salah ស្មើ កាប់វែរ បានកៅអី១៦ក្រុម AFCON ទាំងត្រដាបត្រដួស
23, Jan 2024 , 11:04 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាប់វែរ និងម្ចាស់ជើងឯក ៧សម័យ អេហ្ស៊ីប ចាប់ដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់ទ្វីបអាហ្រ្វិក African Cup of Nations បន្ទាប់ក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ នាជំនួបចុងក្រោយពូល B នាថ្ងៃទី២២ ខែមករា។ អេហ្ស៊ីបទទួលបានកៅអីវគ្គ១៦ក្រុមទាំងប្រផិតប្រផើយ ដោយសា មូសាំប៊ិក ស្មើ ហ្គាណា ២-២។



កាប់វែរឡើងវគ្គ ១៦ ក្នុងនាមជាក្រុមកំពូលតារាង រកបាន ២គ្រាប់នៅនាទី៤៥+១ ដែលធ្វើបានដោយកីឡាករ Gilson Tavares នៅវគ្គទីមួយ ប៉ុន្តែអេហ្ស៊ីបរកបានគ្រាប់តាមស្មើមកវិញនៅនាទី៥០ ដោយកីឡាករ Mahmoud Trezeguet ហើយឈានដល់ការប្រកួតចុងបញ្ចប់នាទី៩០+៣ គ្រាប់ទី២ របស់អេហ្ស៊ីបស៊ុតដោយកីឡាករ Mostafa Mohamed។ 
 
អេហ្ស៊ីបហៀបទទួលបានជ័យជម្នះទៅហើយ តែកាប់វែរមិនបណ្តោយឱ្យរបូតឱកាស ដោយកីឡាករ Bryan Teixaira ស៊ុតតាមស្មើ ២-២ មកវិញនៅនាទី៩០+៩។
 
កាប់វែរបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល B ដោយមាន ៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៣លើក តាមពីក្រោយដោយអេហ្ស៊ីបនៅចំណាត់ថ្នាក់លេខ ២ មានត្រឹម ៣ពិន្ទុ ហើយហ្គាណានៅលេខ៣ និង មូសាំប៊ិកលេខ៤ មាន ២ពិន្ទុដូចគ្នា។
  


អេហ្ស៊ីប គ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Mohamed Salah ព្រោះតែរូបគេរងរបួសសរសៃពួរ ហើយក៏ត្រូវវិលត្រឡប់ទៅកាន់ក្រុម Liverpool វិញថែមទៀត។ យ៉ាងណាខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ ត្រូវបានគេឃើញអង្គុយទស្សនាការប្រកួត ចុងក្រោយនៅវគ្គចែកពូលរបស់ក្រុមអេហ្ស៊ីប នៅកៅអីបម្រុង។ 
 
Salah រងរបួសអំឡុងសរសៃពួរ អំឡុងការប្រកួតរវាងអេហ្ស៊ីបស្មើជាមួយនឹងក្រុមហ្គាណា ជាការប្រកួតទី២ នៅក្នុងវគ្គចែកពូល ពូល B។
 
Salah អាចនឹងខកខានការប្រកួតរយៈពេល ៣ ឬ ៤សប្តាហ៍ទាំងនៅក្លិបហង្សក្រហម ឬក៏សម្រាប់ក្រុមជម្រើសជាតិ នេះបើតាមការបញ្ជាក់របស់លោក Ramy Abbas ជាភ្នាក់ងារផ្ទាល់។ រយៈពេលនៃការរបួសនេះអាចធ្វើឱ្យតារាបាល់ទាត់សញ្ជាតិអេហ្ស៊ីបខកខានជួយដល់ក្រុម ប្រសិនបើឡើងវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ។
 
កាលពីថ្ងៃទី២១ ខែមករា សហព័ន្ធបាល់ទាត់អេហ្ស៊ីន ក៏បានចេញសេចក្តីប្រកាសអំពីការស្នើសុំនាំយក Salah ទៅព្យាបាលនៅក្លិប Liverpool វិញ ពីសំណាក់លោក Jurgen Klopp ដែលជាចាក់ការប្រចាំក្រុមេ៕

Tag:
 African Cup of Nations
  អេហ្ស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com