ជាតិ
សុវត្តិភាព ចរាចរណ៍
តុលាការបើកការស៊ើបអង្កេតលើបុរស ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស៤នាក់
23, Jan 2024 , 4:07 pm        
រូបភាព
ជនបង្កគ្រោះថ្នាក់ ចរាចរណ៍ នាពេលបញ្ជូនទៅ ដល់ សាលាដំបូងរាជធានីភ្នំពេញ។ រូបថត ស្នងការនគរបាលរាជធានីភ្នំពេញ
ជនបង្កគ្រោះថ្នាក់ ចរាចរណ៍ នាពេលបញ្ជូនទៅ ដល់ សាលាដំបូងរាជធានីភ្នំពេញ។ រូបថត ស្នងការនគរបាលរាជធានីភ្នំពេញ
អយ្យការសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតលើបុរសម្ចាស់រថយន្តម៉ាក Ford ដែលស្ថិតនៅក្នុងស្ថានភាពស្រវឹង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្ស៤នាក់។ បុរសបង្កគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ នាង សំអូន។



សេចក្តីប្រកាសព័ត៌មាន របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ មករា នេះ បានដាក់បទចោទលើបុរសរូបនេះ ពីបទ«បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យរបួស និងស្លាប់អ្នកដទៃ »។
 
បុរសឈ្មោះ នាង សំអូន ដែលជាមន្ត្រីមួយរូប បានបើកបរក្នុងល្បឿនលឿន និងស្ថិតនៅក្នុងស្ថានភាពស្រវឹង ជាមួយនឹងអត្រាជាតិអាល់កុល ០,៥៤មីលីក្រាម ក្នុងមួយលីត្រខ្យល់ នាវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី២០ ខែមករា។
 
ការបើកបរមិនគោរពច្បាប់ និងក្នុងស្ថានភាពស្រវឹងនេះ បណ្តាលឱ្យរថយន្តរបស់គាត់ទៅបុករះលើរថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿង ហើយមនុស្ស៤នាក់ (ស្រី៣នាក់) បានស្លាប់នៅកន្លែងកើតហេតុ, ៣នាក់របួសធ្ងន់ និង១នាក់របួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
 
តាមមាត្រា ៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យរបួសដល់អ្នកដទៃ ហើយបណ្ដាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើស៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផន្ទាទោសពី៦ ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល និងអាចផ្ដន្ទាទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
 
 
ដោយឡែកមាត្រា ៨៥ ក៏បានចែងដែរថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផន្ទាទោសពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥លានរៀល និងអាចផ្ដន្ទាទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ៕
 

Tag:
 តុលាការ
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com