កីឡាអន្តរជាតិ
អន្តរជាតិ
Honda ប្រើកេរ្តិ៍ឈ្មោះក្នុងអាជីពបាល់ទាត់ បង្កើតមូលនិធិវិនិយោគតម្លៃ ១០០លានដុល្លារ
23, Jan 2024 , 9:29 pm        
រូបភាព
លោក Keisuke Honda នាពេលនៅដឹកនាំក្រុម U23 កម្ពុជា ហ្វឹកហាត់ត្រៀមស៊ីហ្គេមលើកទី៣២។ រូបថត FFC
លោក Keisuke Honda នាពេលនៅដឹកនាំក្រុម U23 កម្ពុជា ហ្វឹកហាត់ត្រៀមស៊ីហ្គេមលើកទី៣២។ រូបថត FFC
លោក Keisuke Honda អតីតកីឡាករបាល់ទាត់ឆ្នើម និងជាអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមចរចាបណ្តាក់ទុនមូលនិធិវិនិយោគក្នុងទំហំទឹកប្រាក់ ១៥ពាន់លានយ៉េន (ប្រមាណ ១០០ លានដុល្លារអាម៉េរិក) ដោយផ្តោតលើការចាប់ផ្ដើមអាជីវកម្ម នៅក្នុងប្រទេសជប៉ុនទាំងស្រុង។



មូលនិធិ X&KSK គ្រោងនឹងវិនិយោគលើក្រុមហ៊ុនអាជីវកម្មចំនួន ៣០ ក្នុងប្រទេសជប៉ុន ជាមួយនឹងមហិច្ឆតាធ្វើយ៉ាងណា យ៉ាងហោចណាស់ក្រុមហ៊ុមមួយកើនតម្លៃ ១០ ពាន់លានដុល្លារ។

ក្នុងបទសម្ភាសន៍ជាមួយកាសែតសេដ្ឋកិច្ច Bloomberg អតីតកីឡា AC Milan, CSKA Moscow ជឿជាក់លើការបង្កើតមូលនិធិវិនិយោគរបស់ខ្លួនដំបូងដោយរំពឹងប្រមូលបានទុន១០០លានដុល្លារ ដោយពឹងផ្អែកលើកេរ្តិ៍ឈ្មោះដែលបានសាងឡើងពីវិស័យកីឡាបាល់ទាត់។ Honda អះអាថា អាជីពបាល់ទាត់របស់ខ្លួន បានបើកទ្វារទៅរកឱកាសវិនិយោគដ៏ពិសេស។
 
នៅអាម៉េរិក ដែលពោរពេញដោយអត្តពលិកល្បីឈ្មោះជាច្រើនដូចជា Andre Iguodala, Shaquille O'Neal, LeBron James និង Serena Williams ជាដើម បានវិឌ្ឍន៍ខ្លួនទៅជាអ្នកបណ្តាក់ទុនដែលទទួលបានជោគជ័យ។ ត្រង់ចំណុចនេះ Honda ប្រឈមនឹងការប្រជែងតិចតួចនៅប្រទេសជប៉ុន ដ្បិតបុគ្គលល្បីៗ ឬបុគ្គលសាធារណៈក្នុងប្រទេសនេះជាធម្មតាមិននិយមការបណ្តាក់ទុនឡើយ។
 
«ការបណ្តាក់ទុនធ្វើអាជីវកម្មនៅជប៉ុន ខ្ញុំ​គ្មាន​គូ​ប្រជែងឡើយ នេះអាចជា​សំណាង​មិន​គួរ​ឲ្យ​ជឿសម្រាប់ខ្ញុំ»។ នេះជាការបញ្ជាក់របស់ Honda។ អតីតអ្នកចាត់ការក្រុមគោព្រៃកម្ពុជា វ័យ៣៧ឆ្នាំបន្តថា ការចាប់ផ្តើមបង្កើតមូលនិធីបណ្តាក់ទុននេះ ដោយសារខ្លួនមើលឃើញពីការកើនឡើងក្នុងវិស័យអាជីវកម្មក្នុងប្រទេសជប៉ុន។ ឆ្នាំ ២០២២ ការវិនិយោគលើការចាប់ផ្ដើមអាជីវកម្មបានកើនឡើងដល់កម្រិតខ្ពស់មួយ ក្រោយទទួលបានការជំរុញរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida។
 
ក្នុងសំណេរលើផេកហ្វេសប៊ុកផ្លូវការ ដោយភ្ជាប់ជាមួយនឹងព័ត៌មានរបស់ខ្លួនដែល Bloomberg ផ្សាយនោះ លោក Honda នឹងចាប់ផ្តើមវិនិយោគមូលនិធិ X&KSK ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយដៃគូ៣នាក់ដែលជាដៃគូចាស់ និងថ្មី រួមនឹងសមាជិកច្រើនរូបទៀត។
 
«បេសកកម្មរបស់យើងគឺធ្វើឱ្យក្រុមហ៊ុនជប៉ុនក្លាយជាក្រុមហ៊ុនលេខ១ របស់ពិភពលោក។ ហើយ​​គោលដៅ​របស់យើង គឺខ្ពស់​ស្រដៀង​នឹង​ការ​ឈ្នះ​ពាន​ World Cup អ៊ីចឹងដែរ។ ដូច្នេះ​ខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​មុខ​នឹងការប្រជែងនេះ»។ នេះជាការអះអាងរបស់ Honda៕

Tag:
 Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com