កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករល្បីៗ រំអុកចង់ចាកចេញពីលីគកំពូលអារ៉ាប៊ីសាអូឌីតវិញ
24, Jan 2024 , 10:19 am        
រូបភាព
លីគបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត បានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងការភ្ញាក់ផ្អើលបំផុត​អំឡុងពេលទីផ្សារដោះដូររដូវក្តៅដើមរដូវកាល ២០២៣-២៤ ដោយការនាំយកកីឡាករខ្លាំងៗ និងល្បីឈ្មោះពីតំបន់អឺរ៉ុប។ ប៉ុន្តែអំឡុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាលដើមឆ្នាំ ២០២៤ កីឡាករដែលទើបផ្ទេរពីអឺរ៉ុបចូលរួមក្លិបនៅអារ៉ាប៊ីសាអូឌីតទាំងអស់នោះ កំពុងជួបបញ្ហានានា ហើយទាមទារចង់ចាកចេញពេលនេះ។



សម្រាប់តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ ធ្លាប់បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ SSC Sport ដូច្នេះថា៖»ខ្ញុំរីករាយខ្លាំងចំពោះការសម្រេចចិត្តផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត គ្មាននរណាម្នាក់ជឿខ្ញុំនោះទេ ប៉ុន្តែវាជារឿងពីមុន វាគ្មានន័យអ្វីទៀតឡើយ ។ រឿងដែលសំខាន់នោះ គឺលីគមានភាពរីកចម្រើន និងកីឡាករចង់មកទីនេះ ព្រោះពួកគេដឹងថាលីគមានការប្រកួតប្រជែង ហើយមនុស្សទូទាំងពិភពលោកកំពុងតាមដាន។»។
 
យ៉ាងណារឿងរ៉ាវបានកើតឡើងនៅក្នុងខែមករា នេះ ដោយ Karim Benzema តារាបាល់ទាត់ផ្ទេរមកពីក្រុម Real Madrid ត្រូវបានគេដឹងថា ចង់វិលត្រឡប់ទៅកាន់តំបន់អឺរ៉ុបវិញ ខណៈដែលអតីតខ្សែការពារក្រុម Manchester City កីឡាករ Aymeric Laporte ក៏ចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត ដូចទៅនឹងកីឡាករ Jordan Henderson ដែលផ្លាស់ចេញពី Al Ittifaq ទៅកាន់ក្លិប Ajax Amsterdam។
 
មូលហេតុដែលជំរុញឱ្យកីឡាករល្បីឈ្មោះពីតំបន់អឺរ៉ុបមួយចំនួន ចង់ចាកចេញក្រោយប្រកបអាជីពបានត្រឹមរយៈពេលពាក់កណ្តាលរដូវកាល ព្រោះតែកត្តាកង្វះការគាំទ្រ, កង្វះការប្រកួតប្រជែង, ការសម្របខ្លួនទៅនឹងកត្តាអាកាសធាតុ, អសមត្ថភាពក្នុងទាក់ទាញកីឡាករកំពូលផ្សេងទៀតរបស់ប្រព័ន្ធលីគ និងកីឡាករបរាជ័យ ក្នុងបង្ហាញសមត្ថភាពពិតប្រាកដ។
 
​ទោះក្រុមនីមួយៗមានតារាបាល់ទាត់ល្បីៗក្តី តែ Saudi Pro League នៅតែជួបបញ្ហាកង្វះការគាំទ្រច្រើន បើធៀបទៅនឹងលីគកំពូលអឺរ៉ុបទាំង ៥។ ជាមធ្យមអ្នកគាំទ្រមានត្រឹមតែ ៨,៣៤៥នាក់ ដែលចូលទស្សនារាល់ការប្រកួតរបស់ក្របខណ្ឌ Saudi Pro League ខណៈការប្រកួតខ្លះ មានអ្នកចូលទស្សនាត្រឹមតែជាង ១,០០០នាក់ តែប៉ុណ្ណោះ។ 
 
លីគកំពូលមួយនេះ ក៏កង្វះការប្រកួតប្រជែង ដោយក្រុមក្នុងស្រុក ដែលគ្មានកីឡាករបរទេស ហាក់មានកម្រិតខុសប្លែកគ្នាខ្លាំង ហើយមានតែក្រុមដែលស្ថិតក្នុងគម្រោងវិនិយោគ PIF របស់អារ៉ាប៊ីសាអូឌីត រួមមាន Al Nassr, Al Hilal, Al Ittihad និង Al Ahli ដែលមានកម្រិតប្រកួតប្រជែងខ្ពស់ និងឈរកំពូលតារាងរដូវកាលនេះ។
 
ភាគច្រើនកីឡាករមកពីតំបន់អឹរ៉ុប ដែលធ្លាប់លេងនៅក្នុងសីតុណ្ហភាពត្រជាក់ ពិបាកសម្របខ្លួនខ្លាំងនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានសីតុណ្ហភាពក្តៅខ្លាំង ខុសពី Cristiano Ronaldo ដែលរូបគេតែងតែព្យាយាមហ្វឹកហាត់ និងការសម្របខ្លួនទៅនឹងអាកាសធាតុបានយ៉ាងល្អ។ កត្តាអាកាសធាតុបណ្តាលឱ្យកីឡាករពិបាកក្នុងការបញ្ចេញអស់ពីសមត្ថភាព ១០០ភាគរយ ព្រោះតែអាចប្រឈមនឹងបញ្ហារបួស ដូចជារបួសសរសៃពួរ ឬក៏សរសៃ ACL ជាដើម។ 
 
Saudi Pro League មានប្រជាប្រិយរយៈពេលខ្លី ដើម្បីទាក់ទាញកីឡាករអឺរ៉ុប។ សម្រាប់បំណងនាំយកកីឡាករមានវ័យក្មេង ត្រឹមអាយុ ២០ឆ្នាំ ដល់ ២៥ឆ្នាំជាដើម បានក្លាយជាបញ្ហាថ្មី ដោយកីឡាករទាំងនោះ បានបដិសេធសំណើរតែម្តង។ ភាពទាក់ទាញអាចនឹងបន្តសម្រាប់តែកីឡាករ ដែលមានវ័យចំណាស់ ឬក៏ធ្លាក់ទម្រង់លេងពិបាកប្រជែងក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះ៕

Tag:
 Saudi Pro League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com