កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ជួយ Pochettino ធូរសម្ពាធ ក្រោយលត់ Middlesbrough​ ឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup
24, Jan 2024 , 1:59 pm        
រូបភាព
Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup ក្រោយលត់ក្រុម Middlesbrough នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ លទ្ធផល ៦-១។ ជ័យជម្នះនេះ បានជួយអ្នកចាត់ការទូទៅលោក Maurico Pochettino ធូរស្បើយពីបញ្ហានៅក្នុងក្រុម បន្ទាប់ពីពាក់កណ្តាលរដូវកាលនៅក្នុង Premier League ធ្វើការងារមិនសូវបានល្អ។



តោខៀវក្រុមអ្នកមានប្រចាំទីក្រុងឡុងដ៍ បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងក្របខណ្ឌ Premier League ហើយការប្រកួតនៅជើងទីមួយពាន EFL Cup កាល ២សប្តាហ៍មុន ក្រុមដឹកនាំដោយលោក Pochettino ក៏ភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើង Middlesbrough លទ្ធផល ១-០។ 
 
តែវិលមកកាន់ការប្រកួតជើងទី២ វិញ តោខៀវលុតក្រុមស្ថិតនៅលីគទីពីរចាស់ដៃ ៦-១ ដើម្បីបញ្ចប់ការប្រកួតទាំងពីរជើងលទ្ធផលសរុប ៦-២ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។
 
ឈ្នះការប្រកួតនេះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ​រីករាយចំពោះយុទ្ធសាស្ត្រក្រុមដែលរកបានគ្រាប់បាល់បានច្រើន ខុសពីការប្រកួតជើងទីមួយ។ «ថ្ងៃនេះយើងពិតជាធ្វើបានល្អជាមួយនឹងបច្ចេកទេសស្វែងរកគ្រាប់បាល់ ទោះជើងទីមួយយើងខកចិត្ត។»។ លោក Pochettino ប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports បែបនេះ។
 
៦គ្រាប់ ស៊ុតបញ្ចូលទីធ្វើបានដោយកីឡាករ Jonny Howson គ្រាប់ទីមួយនៅនាទី១៥, Enzo Fernandez គ្រាប់ទី២ នាទី២៩, Axel Disasi ស៊ុតគ្រាប់ទី៣ នាទី៣៦ ហើយគ្រាប់ទី៤ នៅក្នុងវគ្គទីមួយ រកបានដោយ Cole Palmer នាទី៤២។ ចូលវគ្គទីពីរ Cole Palmer ស៊ុតបានគ្រាប់បាល់ទី២ របស់គេ និងជាគ្រាប់ទី៥ នៅនាទី៧៧ មុនពេលកីឡាករ Noni Madueke ស៊ុតគ្រាប់ទី៦ នាទី៨១ ហើយ ១គ្រាប់ វាយបកមកវិញរបស់ Middlesbrough ធ្វើបានដោយកីឡាករ Morgan Rogers។
 
Chelsea ម្ចាស់ជើងឯក EFL Cup ៥សម័យ ដែលធ្លាប់ឈ្នះពានរង្វាន់លំដាប់ទី៣ នេះលើកចុងក្រោយបំផុតនៅឆ្នាំ ២០១៥ ត្រូវរង់ចាំជួបក្រុមដែលឈ្នះការប្រកួតរវាង Liverpool ទល់ Fulham នៅជើងទី២ នៅថ្ងៃទី២៤ ខែមករា ដើម្បីប្រជែងដណ្តើមគ្នាទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជើងទី១ Liverpool ឈ្នះ Fulham ២-១។
 
កាល ២ឆ្នាំមុន តោខៀវធ្លាប់បានចាញ់ការប្រកួតក្រោមថ្វីជើងរបស់ Liverpool នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup នេះ​ នៅក្នុងកីឡដ្ឋាន Wembley ហើយកាលនោះចាញ់ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ៕ 
 

Tag:
 EFL Cup
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com