កីឡាអន្តរជាតិ
អន្តរជាតិ
AFCON៖ ម៉ូរីតានីទម្លាក់ជើងឯក ២សម័យអាល់ហ្សេរី រីឯកាម៉េរូនឡើងវគ្គ ១៦ ទាំងលំបាក
24, Jan 2024 , 6:29 pm        
រូបភាព
ក្រុមអាល់ហ្សរីធ្លាក់ចេញពីការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក African Cup of Nations នៅវគ្គចែកពូល ទាំងភ្ញាក់ផ្អើល ក្រោយចាញ់ក្រុមម៉ូរីតានី ក្នុងលទ្ធផល ១-០។ ម៉ូរីតានីកក់សំបុត្រឡើងទៅវគ្គ ១៦ក្រុម។ កាម៉េរូន ឡើងទៅវគ្គបន្ទាប់ ទាំងត្រដាបត្រដួស ក្រោយវាយបកយកឈ្នះហ្គាំប៊ី ក្នុងលទ្ធផល ៣-២ នៅជំនួបចុក្រោយ នៅថ្ងៃទី២៣ ខែមករា។

 
១គ្រាប់ជ័យចម្នះ សម្រេចបានពីសំណាក់កីឡាករ Mohamed Dellahi នៅនាទី៣៦ បើទោះវគ្គទីពីរត្រូវក្រុមអាល់ហ្សេរីដាក់សម្ពាធខ្លាំងក្តី។ ម្ចាស់ពាន ២សម័យ អាល់ហ្សេរី  មិនអាចស្វែងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតបាន ខណៈ ៣ប្រកួត កន្លងមកស្មើ ២ ចាញ់ ១ ស្ថិតនៅបាតតារាងមានត្រឹមតែ ២ពិន្ទុ។ ធ្លាក់ចេញដោយឈរនៅចំណាត់ថ្នាក់បាតតារាងជាលើកទី២ សម្រាប់អាល់ហ្សេរីនៅពានរង្វាន់ AFCON វគ្គចែកពូល ខណៈដែលម៉ូរីតានីទៅកាន់វគ្គបន្តក្នុងនាមជាក្រុមលេខ ៣ល្អ ក្នុងពូល D។ 
 
អាល់ហ្សេរីស្មើ ២លើក ក្នុងពូលធ្វើឱ្យក្រុមជួបបញ្ហាប្រឈមធ្លាក់ចេញ ហើយការប្រកួតទល់នឹងម៉ូរីតានី លោក Djamel Belmadi ដែលជាគ្រូបង្វឹកបានទម្លាក់កីឡាករ Riyad Mahrez អតីតកីឡាករក្រុម Manchester City ឱ្យអង្គុយនៅកៅអីបម្រុង ខណៈរូបគេក៏ត្រូវបានផ្លាស់ប្តូរចូលនៅវគ្គទី២ ដើម្បីស្វែងរកឱកាសឈ្នះ។ តែយ៉ាងណាម៉ូរីតានី បានព្យាយាមបិទសំណាញ់ទីរបស់ខ្លួនមិនឱ្យរបូតគ្រាប់បាល់ដោយងាយៗរហូតអាចសម្រេចទម្លាក់អាល់ហ្សេរី។
 
នៅក្នុងពូល D ដដែល អង់ហ្គោឡាជាក្រុមដែលបញ្ចប់ចំណាត់ថ្នាក់កំពូលតារាង ឆ្លងកាត​ ៣ប្រកួត រកបាន ៧ពិន្ទុ តាមពីក្រោយដោយបួគីណាហ្វាសូ លេខ ២ មាន ៤ពិន្ទុ ក្រោយពីស្វែងរកបានជ័យជម្នះ ១លើក ស្មើ១ និងចាញ់១។
 
ចំណែកពូល C វិញ កាម៉េរូន ស្វែងរកផ្លូវឡើងទៅវគ្គបន្ទាប់ ទាំងត្រដាបត្រដួស ក្រោយបានវាយបកយកឈ្នះលើក្រុមហ្គាំប៊ីលទ្ធផល ៣-២ ចាប់ដៃក្រុមហ្គីណេ ដែលឈរនៅចំណាត់ថ្នាក់លេខ ៣ ល្អ រួមដំណើរជាមួយនឹងជើងខ្លាំងក្នុងពូលសេណេហ្កាល់។ 
 
ឈ្នះ ៣-២ រកបានគ្រាប់បាល់ដំបូងដោយកីឡាករ Karl Toko Ekambi នៅនាទី៥៦ ស៊ុតលើក្រុមហ្គាំប៊ីមុន ប៉ុន្តែបន្ទាប់មកត្រូវបានកីឡាករ Ablie Jallow ស៊ុតនាទី៧២ និង Ebrima Colley នៅនាទី៨៥ វាយបកនាំមុខលើកាម៉េរូនវិញ។ ឈ្នះការប្រកួតអរគុណដល់កីឡាករ James Gomez នាទី៨៧ ព្រមទាំងកីឡាករ Christopher Wooh នាទី៩០+១ ជួយវាយមកឈ្នះមកវិញសម្រាប់កាម៉េរូន។
 
កាម៉េរូនមិនដាក់កីឡាករចាំទី Andre Onana ចូលលេង ក្រោយពេលដែលក្រុមបានប្រកួតចាញ់ ៣-១ កាលពីជួបគ្នាថ្ងៃបើកឆាក ហើយ ២ប្រកួតចុងក្រោយ អ្នកចាំទីរបស់ក្រុម Manchester United ត្រូវអង្គុយកៅអីបម្រុង ជំនួសដោយកីឡាករ Fabrice Ondoa ហើយក្រុមអាចស្តារស្ថានកាលមកវិញ។
 
សេណេហ្កាល់ ជាក្រុមជើងខ្លាំង និងជាក្រុមការពារតំណែងជើងឯកមួយរូបផងនោះ បន្តភាពខ្លាំងរបស់ខ្លួនដោយឈ្នះការប្រកួតចំនួន ៣លើក ជាប់គ្នាក្នុងពូល C មាន ៩ពិន្ទុ៕

Tag:
 African Cup of Nations
  អាល់ហ្សេរី
© រក្សាសិទ្ធិដោយ thmeythmey.com